ក្រសួង​កសិកម្ម​ដាក់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​វាយតម្លៃ និង​ជួយ​កសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

0:00 / 0:00

ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ដាក់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ និង​សិក្សា​ពី​ផល​ប៉ះពាល់ ព្រមទាំង​ជួយ​កសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់។

គ្រោះ​ទឹកជំនន់ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត ១​សែន ៥​ម៉ឺន​គ្រួសារ ប៉ះពាល់​ដំណាំ​ប្រជា​ពលរដ្ឋ​ដូចជា ស្រូវ ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ជាង ៣​សែន ៨​ម៉ឺន ហិកតារ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត គិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នេះ ក្នុង​ខេត្ត​គោលដៅ​ចំនួន ៤​ជាបឋម ដែល​ទទួល​គ្រោះ​ដោយ​ទឹកជំនន់ និង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ឆ្នាំនេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក វេង សាខុន នៅ​ថ្ងៃ​ទី​២៨ តុលា ឲ្យ​ដឹង​ថា បេសកកម្ម​នេះ​ធ្វើឡើង​ជា​បន្ទាន់ និង​ចាំបាច់ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា​ខាងមុខ ដោយ​ចាប់​ផ្តើម​ដំបូង​ពី​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៧ ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៨ ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ទី​២៩ និង​ចុងក្រោយ​គឺ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៣០ ក្នុង​គោលបំណង​ចុះ​មក​វាយតម្លៃ​លើ​ផល​ប៉ះពាល់ និង​ខូចខាត​ជា​រួម​នៃ​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ ដោយសារ​ជំនន់​ទឹកភ្លៀង និង​នាំ​យក​ពូជស្រូវ ពូជ​ដំណាំ ពូជ​ត្រី និង​កង្កែប​ទៅ​ចែក​ជូន​ប្រជាកសិករ​តាម​ខេត្ត​គោលដៅ​ទាំង​៤​នោះ។

លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចេញ​បេសកកម្ម​បន្ទាន់​ទៅតាម​ខេត្ត​គោលដៅ​ដើម្បី​ពិនិត្យ បូកសរុប និង​វាយតម្លៃ​អំពី​ផល​ប៉ះពាល់ រួច​ដោះ ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​ការ​ចាំបាច់ និង​ទាន់​ពេល​វេលា។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អ្នក​ជំនាញ​កសិកម្ម លោក បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​ឌឺដង​ដោយ​មិន​ចំពោះ​នរណា​ម្នាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​២៧ តុលា ថា​៖ «​ទាល់​តែ​មាន​បញ្ជា​បាន​ចុះ​…?» លោក​សរសេរ​បន្ត​ទៀត​ថា​៖ ទោះបី​ចុះ​ក៏​មិន​អាច​បាន​គ្រប់កន្លែង​ដែរ​។ លោក​ថា សំខាន់​ត្រូវ​មាន​មន្ត្រី​កសិកម្ម​គ្រប់​ឃុំ គ្រប់​ស្រុក​ជួយ​ធ្វើ​ការងារ​នេះ។

លោក បណ្ឌិត យ៉ង សាំងកុមារ បាន​ផ្ដល់​យោបល់​ថា គោលនយោបាយ​កសិកម្ម​ល្អ គឺ​គាំទ្រ​ឲ្យ​មាន​គ្រូ​កសិកម្ម​ល្អ​ធ្វើ​ការ​បម្រើ​កសិករ​គ្រប់​ភូមិ។

លោក​ឲ្យ​ដឹង​ថា នៅ​គ្រប់​ភូមិ​តែងតែ​មាន​កសិករ​ល្អៗ ប៉ុន្តែ​សំខាន់​ត្រូវ​មាន​គ្រូ​កសិកម្ម​ល្អ​ដឹកនាំ​ធ្វើ​ការ​ដាំដុះ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​ផ្សា​ភ្ជាប់​មក​ទីផ្សារ។ លោក​បាន​ប៉ាន់ប្រមាណ​ដែរ​ថា កម្ពុជា​ត្រូវការ​គ្រូ​កសិកម្ម​ល្អ​ប្រមាណ ៥​ពាន់​នាក់ ចុះ​ធ្វើការ​គ្រប់​ភូមិ​ឃុំ ដើម្បី​កសាង​ភូមិ ឃុំ​នីមួយៗ​ឲ្យ​សម្បូរ​សប្បាយ។

ចំណែក ប្រធាន​សមាគម​កសិករ​ដើម្បី​អភិវឌ្ឍ​ជីវភាព​លោក ស៊ុម ម៉ាណែត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ដើម្បី​ដោះស្រាយ​ជួយ​កសិករ​ដែល​គ្រោះ​ដោយ​ទឹកជំនន់​នោះ រដ្ឋាភិបាល​គួរតែ​បង្កើត​ជា​គណៈកម្មការ​ជំនាញ​មួយ​ឲ្យ​ច្បាស់លាស់ ហើយ​រដ្ឋាភិបាល​ក៏​គួរតែ​លើក​លែង​យក​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​មួយ​រយៈ និង​បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដូចជា​បញ្ហា​បំណុល​របស់​កសិករ​ជាដើម៖ «រដ្ឋាភិបាល​គួរតែ​មាន​ការ​ស្នើសុំ ឬក៏​យោគយល់​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ផ្អាក​ទារបំណុល ឬ​យក​ត្រឹមតែ​៥០ %​ ជាដើម ព្រោះ​គាត់​គាត់​វេទនា​មែនទែន បើ​អត់​ជួយ​គាត់​ទេ ពួកគាត់​នឹង​ប្រឈមមុខ​ដាច់​បាយ​ហើយ​…»។

របាយការណ៍​របស់​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហាញ​ថា គ្រោះ​ទឹកជំនន់ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត ១​សែន ៥​ម៉ឺន​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន​មាន​ប្រមាណ​ជិត ១​ម៉ឺន ២​ពាន់​គ្រួសារ។

ក្រៅ​ពី​នេះ ដំណាំ​ប្រជាពលរដ្ឋ​ដូចជា ស្រូវ ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត ជាង ៣​សែន ៨​ម៉ឺន​ហិកតារ​ត្រូវ​លិចលង់ លិច​សាលារៀន​ជាង ៩ រយ​កន្លែង (៩៥១) លិច​វត្ត​ជាង ៣​រយ​កន្លែង (៣០៧) និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។