មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាង ក្រសួងកំពុងចាត់វិធានការដោយសារស្រាវជ្រាវឈ្មោះមន្ត្រីអសកម្មមួយចំនួនដែលមិនមកធ្វើការងារ ប៉ុន្តែមានវត្តមានពេលបើកប្រាក់ខែ។ អ្នកវិភាគយល់ថា ចំណាត់ការរបស់ក្រសួងព័ត៌មាន ប្រហែលគ្មានប្រសិទ្ធភាពនោះទេ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ឱ្យដឹងថា ពេលនេះ ស្ថាប័នរបស់លោក កំពុងពិនិត្យរកមើលមន្ត្រីដែលមកបំពេញការងារប្រចាំថ្ងៃ និងមន្ត្រីអសកម្ម។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះថា ក្រសួងមិនទទួលបានប្រមូលបានឈ្មោះមន្ត្រីអសកម្មទូទាំងក្រសួងនៅឡើយទេ ប៉ុន្តែលោកថា មន្ត្រីអសកម្មនៅក្រសួងព័ត៌មានមិនសូវមានច្រើននោះទេ៖ «ដោយសារមន្ត្រីក្រសួងព័ត៌មានយើងខ្លះទៅបំពេញការងារនៅគោលដៅទៅយកព័ត៌មានអីចឹងទៅបានជាមានទស្សនៈមួយចំនួនថា មន្ត្រីមួយចំនួនមិនបានមកបំពេញការងារ ប៉ុន្តែដូចឯកឧត្ដមរដ្ឋមន្ត្រីលោកបានបញ្ជាក់អ៊ីចឹង តម្រូវឱ្យអគ្គនាយកដ្ឋានមួយៗពិនិត្យ និងបញ្ជូនឈ្មោះមន្ត្រីទាំងអស់ហ្នឹង»។
ចំណាត់ការរបស់ក្រសួងព័ត៌មាននេះ ក្រោយពេល លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រី នៃក្រសួងនេះ សរសេរត្អូញត្អែរ និងព្រមានទៅមន្ត្រីអសកម្មនៅក្នុងក្រសួងរបស់លោកថា នឹងបង្ហោះរូបថតអ្នកទាំងនោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោក ខៀវ កាញារីទ្ធ បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១ ខែឧសភា ដោយព្រមានបង្ហោះរូបមន្ត្រីគេចវេះពីការងារ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាយល់ថា លោក ព្រាប កុល សង្កេតឃើញថា មន្ត្រីក្នុងក្រសួងមួយចំនួននៅក្នុងក្រសួងស្ថាប័នរបស់រដ្ឋមានតែឈ្មោះចាំបើកប្រាក់ខែទៀតទាត់ ប៉ុន្តែ បំពេញធ្វើការងារមិនបានពេញលេញទេ។ ជុំវិញការព្រមានរបស់ លោក ខៀវ កាញារីទ្ធ ថា នឹងបង្ហោះរូបមន្ត្រីគេចវេះពីការងារលើបណ្ដាញសង្គមនោះ លោក ព្រាប កុល យល់ថា មិនមែនជាមធ្យោបាយដែលមានវិជ្ជាជីវៈនោះទេ៖ «ការបង្ហោះរូបបុគ្គលិកតាមហ្វេសប៊ុកហ្នឹងជាការធ្វើឱ្យគាត់មានភាពអាម៉ាស់ធ្វើឱ្យគាត់ឧស្សាហ៍មកធ្វើការឡើងវិញជាមធ្យោបាយមិនគ្រប់គ្រាន់ និងមិនប្រកបវិជ្ជាជីវៈទេ»។
ចំណែក អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលធ្លាប់ធ្វើជាទីប្រឹក្សាក្រសួងព័ត៌មានចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣ មកពីកូតាក្រុមយុវជននៃរណសិរ្សប្រជាធិបតេយ្យនិស្សិតបញ្ញវន្តខ្មែរ របស់លោក ស៊ុត ឌីណា ឱ្យអាស៊ីសេរីដឹងថា កាលពីអំឡុងលោកបំពេញការងារនៅក្រសួងនេះ ក្នុងនាយកដ្ឋានមួយ ឬការិយាល័យមួយ មានមន្ត្រីមកធ្វើប្រហែលប្រាំនាក់ប៉ុណ្ណោះ។ លោកថា មន្ត្រីមួយចំនួនធំដែលជាប់សែស្រឡាយមន្ត្រីធំ មានតែឈ្មោះចាំបើកប្រាក់ខែ ហើយមន្ត្រីខ្លះទៀតមកក្រសួងបង្ហាញមុខរួចហើយក៏នាំគ្នាទៅផឹកកាហ្វេអស់។ លោក គឹម សុខ កោតសរសើរលោក ខៀវ កាញារីទ្ធ ដែលមានចិត្តក្លាហានបញ្ចេញព័ត៌មាននេះឱ្យសាធារណជនបានដឹង ប៉ុន្តែ លោកយល់ថា លទ្ធផលទំនងជាគ្មានប្រសិទ្ធភាព៖ «ដោយសាររដ្ឋាភិបាលរបស់យើងអត់មានប្រព័ន្ធបែងចែកការងារឱ្យប្រាកដប្រជា និងលើកទឹកចិត្តឱ្យមនុស្សធ្វើការងារ ព្រមទាំងប្រាក់បៀវត្សរ៍ឱ្យសមរម្យផង ម្ល៉ោះហើយ មនុស្សចេះតែរយាលណាស់ជាកំហុសធំដែលបង្កើតពីប្រព័ន្ធដឹកនាំមិនយុត្តិធម៌បក្សពួកនិយមពុករលួយរបស់លោក ហ៊ុន សែន»។
ការព្រមានមន្ត្រីអសកម្មរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅពេលនេះ ខណៈ លោក ហ៊ុន សែន មេដឹកនាំនៃរបបក្រុងភ្នំពេញ ចេញអភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ដើម្បីឱ្យមន្ត្រីលោកសកម្មនឹងការងារ។ លោក ព្រាប កុល យល់ថា ក្រសួងគួរប្រើយន្តការណ៍ត្រួតពិនិត្យការងារដោយផ្អែកលើលទ្ធផល និងការពង្រឹងការងារ និងក្រមសីលធម៌ដែលជាមធ្យោបាយប្រកបដោយវិជ្ជាជីវៈ ជាងការបង្ហោះរូបមន្ត្រីអសកម្មតាមបណ្ដាញសង្គមហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។