ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជាង ១​លាន​ដុល្លារ​សម្រាប់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជំនួយ​ឥតសំណង​ជាង ១​លាន ៣​សែន ដុល្លារ​សម្រាប់​ការងារ​បោសសម្អាត​មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា។

រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ​ផ្ដល់​ជំនួយឥតសំណង ចំនួន​ជាង​១​លាន ៣​សែ​ដុល្លារ (១.៣០២.៥៣៩ ) ទៅ​ឱ្យ​អង្គការ​មនុស្សធម៌ និង​បោសសម្អាត​មីន​ក្រោម​គម្រោង​សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល​ជប៉ុន។

កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូអិណុ អាត់ស៊​ស៊ី (UENO Athsushi) និង​តំណាង​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS) នៅ​ស្ថានទូត​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ម្សិលមិញ។

នេះ​ជា​ជំនួយ​សម្រាប់​អនុវត្ត​សកម្មភាព​មួយចំនួន​របស់​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន មាន​ដូចជា​៖ គម្រោង​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ទំហំ​ដី ១០០ ហិកតារ នៅ​ខេត្ត​បន្ទាយមានជ័យ និង​គម្រោង​បោសសម្អាត​គ្រាប់បែក​ចង្កោម​លើ​ផ្ទៃដី​ទំហំ ២៤០​ហិកតារ នៅ​ខេត្ត​ស្ទឹងត្រែង។ ក្នុង​គម្រោង​នេះ អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​នឹង​មាន​គម្រោង​ផ្ទេរ​វិធីសាស្ត្រ​ជោគជ័យ និង​សុវត្ថិភាព​ក្នុង​ការ​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)​។ ជាមួយ​គ្នា​នេះ​ក៏​មាន​កម្មវិធី​អប់រំ អំពី​ការ​បញ្ចៀស​ហានិភ័យ​នៃ​គ្រាប់មីន ដល់​ប្រជាជន​មូលដ្ឋាន និង​បណ្ដុះបណ្ដាល​កសិករ​អំពី​ការគ្រប់គ្រង និង​បច្ចេកវិទ្យា​កសិកម្ម។

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ហៅថា «អ៊ុនរ៉េន» ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ សេដ្ឋកិច្ច និង​សង្គម​របស់​ពួកគេ​នៅក្នុង​ប្រទេស ឬ​តំបន់​កំពុង​អភិវឌ្ឍ ក្នុង​នោះ​មាន​គម្រោង​ជាង ១៦០​គម្រោង ដែល​បាន​ផ្ដល់​ឱ្យ​អង្គការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។