ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៣ ឧសភា ទ្រង់យាងចាកចេញទៅទីក្រុងប៉េកាំង ប្រទេសចិនប្រជាមានិត ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទីមួយ តាមការអញ្ជើញពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរបបក្រុងភ្នំពេញផ្សាយថា ព្រះមហាក្សត្រនឹងគង់នៅក្នុងទីក្រុងប៉េកាំងចំនួន ៤ថ្ងៃ ហើយព្រះអង្គនឹងយាងមកកាន់មាតុប្រទេសវិញ នៅថ្ងៃទី១៦ ឧសភាខាងមុខនេះ។
កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងរៀបចំប្រារព្វឡើងនៅក្នុងទីក្រុងប៉េកាំង ហើយកិច្ចប្រជុំនេះនឹងមានវេទិកាតូចៗ ចំនួនប្រាំមួយទៀត ដែលនិយាយអំពី ការផ្លាស់ប្តូរអរិយធម៌អាស៊ី និងការយល់ដឹងពីគ្នាទៅវិញទៅមក ហើយប្រទេសចិន ក៏នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងពិព័រណ៍វប្បធម៌អាស៊ី វេទិកាប្រចាំសប្ដាហ៍អរិយធម៌អាស៊ី ពិធីបុណ្យអាហារអាស៊ី និងសកម្មភាពដទៃទៀតផងដែរ។
ដំណើរយាងចាកចេញពីកម្ពុជារបស់ព្រះមហាក្សត្រទៅកាន់ប្រទេសកុម្មុយនិស្តនោះ បានកើតឡើងចំថ្ងៃចម្រើនព្រះជន្មរបស់ទ្រង់ គម្រប់ខួប ៦៦ យាងចូល ៦៧ ព្រះវស្សា នៅថ្ងៃទី១៣ ឧសភានេះ។
ក៏ប៉ុន្តែ ខាងព្រះបរមរាជវាំងបានប្រារព្ធព្រះរាជពិធីនេះមុនមួយថ្ងៃ គឺកាលពីថ្ងៃអាទិត្យ ទី១២ ឧសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់សំខាន់ៗ ជាច្រើននាក់ បានចូលថ្វាយបង្គំ និងថ្វាយព្រះពរដល់ព្រះអង្គ។
ហេ្វសប៊ុករបស់មេដឹកនាំក្រុងភ្នំពេញគឺលោក ហ៊ុន សែន បានសរសេរថាក្នុងនាមជា កូនចៅប្រជារាស្ត្រ សូមថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។