មន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ឧសភា បង្ហាញអត្តសញ្ញាណមេបណ្ដាញ ៤រូប ដែលបោកប្រាស់លុយចំនួន ៦០លានដុល្លារ។ ពលរដ្ឋដែលចាញ់បោកបណ្ដាញនេះ គឺតាមរយៈចូលលុយទិញភាគហ៊ុនវិនិយោគ ដើម្បីយកប្រាក់ចំណេញ។
ប្រធាននាយកដ្ឋានសន្តិសុខកណ្ដាលនៃក្រសួងមហាផ្ទៃ លោក ឌី វិជ្ជា បង្ហាញថា អត្តសញ្ញាណមេបណ្ដាញបោកប្រាស់លុយពលរដ្ឋទាំង ៤រូប គឺមានជនជាតិម៉ាឡេស៊ី ១រូប និងខ្មែរ ៣រូប។ ក្នុងនោះមានឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និងជនជាតិម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។ លោកបញ្ជាក់ថា អ្នកទាំងបីមានដីកាពីតុលាការបង្គាប់ឲ្យចូលខ្លួន៖ « គាត់ម៉ាឡេស៊ី នេះ គឺអាចថាជាប្រធានអង្គការក៏បាន ប្រធានក្រុមហ៊ុនក៏បាន ហើយបុគ្គលប៉ុន្មាននាក់អម្បាញ់មិញនេះ គាត់ជាដៃជើង ជាអ្នកដើរតាមខេត្តជួបជាមួយពលរដ្ឋ » ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ព្រឹកថ្ងៃទី៣០ ឧសភា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងធំៗចំនួន៤ តំណាងឲ្យពលរដ្ឋ ៧.៤៣០នាក់ ដែលចាញ់បោកបណ្ដាញប្រមូលលុយទៅវិនិយោគឈ្មោះ អែមផាយ ប៊ីក ខាភីថល(Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC)។ ក្រៅពីនេះ ពាក្យបណ្ដឹងដែលជនរងគ្រោះបានដាក់ទៅតុលាការផ្សេងទៀត។ លោកចាត់ទុកបណ្ដាញឆបោកទាំងនេះ ថាអាចនាំឲ្យមានហានិភ័យសង្គម និងសេដ្ឋកិច្ច៖ « ព្រឹកមិញឮពូគាត់មានប្រសាសន៍ថា តាមដែលគាត់តួលេខ ខ្ទង់ ៥ម៉ឺននាក់ដែលចាញ់បោក។ បណ្ដាញគាត់ដឹង យើងអត់ដឹងទេ។ អ៊ីចឹងសួរថា ទំហំហ្នឹងគុណនឹងប៉ុណ្ណឹង តើប៉ុន្មាន ? អ៊ីចឹងហើយបានជាក្រុមការងារយើងដឹងភ្លាម យើងធ្វើមុខសញ្ញាភ្លាម យើងគិតថាប្រហែលជាក្រុមនេះមានបំណងធ្វើវិច្ឆេទកម្ម ធ្វើឲ្យមានហានិភ័យសង្គមផង ដែលប្រជាពលរដ្ឋដូចលោកពូព្រឹកមិញ គាត់ដាក់តែ ១ពាន់ គាត់ឃើញបានលុយមក គាត់ថែម ២ពាន់ទៀត ឃើញបានលុយមក គាត់លក់ដីម្ដុំបានដល់ទៅមួយម៉ឺន។ ថែមលុយមកទៀត គាត់លក់ផ្ទះទៀតដល់ទៅ ១៥ម៉ឺនជាង។ អ៊ីចឹងអត់ដឹងថាលុយនោះនៅឯណា ? អ៊ីចឹងបានជាយើងគិតថា ចំនួននេះ ហើយរាប់ទៅ វាទៅជាវិទ្ធង្សនាសង្គម វាអាចក្លាយទៅជាវិទ្ធង្សនាសេដ្ឋកិច្ច » ។
ពលរដ្ឋមកពីភាគខាងលិចខេត្តបាត់ដំបង មួយរូប គឺលោកស្រី កែវ សុផា មានប្រសាសន៍ថា លោកស្រីបានខាតបង់អស់ប្រាក់ចំនួន ៣ពាន់ដុល្លារចាប់តាំងពីឆ្នាំ២០១៥។ លោកស្រីបានទទួលការប្រាក់ពីការដាក់ប្រាក់ចូលហ៊ុនវិនិយោគនោះតែពីរខែដំបូងប៉ុណ្ណោះ៖ « គេថាដាក់វិនិយោគទុនហ្នឹង គេឲ្យ ១ខែ ១០០ ( ដុល្លារ ) ក្នុង ១ពាន់។ ដល់ហើយខ្ញុំអត់បានរហូតទាល់តែឥឡូវ។ ខ្ញុំទិញអស់ ៣ពាន់ ( ដុល្លារ ) តាំងពី ២០១៥ ខែ៥ ថ្ងៃទី១០ » ។
ទាក់ទងនឹងក្រុមហ៊ុនឆបោកទាំងនេះ ត្រូវបានអគ្គនាយកគណៈកម្មការមូលប័ត្រកម្ពុជា និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកស្រី ងួន សុខា បញ្ជាក់ថា មិនមានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្មទេ ហើយការឆបោកទាំងនេះមានទាំងនៅកម្ពុជា និងក្រៅប្រទេស។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា លោកបានជម្រាបទៅពលរដ្ឋដែលជាអ្នកចាញ់បោកថា ខាងលោកនឹងយកបញ្ហានេះសម្រាប់ដោះស្រាយជាអាទិភាពតាមសមត្ថកិច្ចស្ថាប័ននីមួយៗ៖ « ក្រសួងយុត្តិធម៌ គឺនឹងស្នើសុំជំរុញការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តិអំពើឆបោក ហើយសុំឲ្យតុលាការចាត់នីតិវិធីឲ្យបានឆាប់បំផុតស្របតាមច្បាប់ និងនីតិវិធីជាធរមាន » ។
លោកបន្តថា ទោះជាដឹងថាខ្លួនចាញ់បោកគេក្ដី ក៏ពលរដ្ឋខ្លះមិនសម្រេចចិត្តប្ដឹងទេ ព្រោះត្រូវគេប្រាប់ថា បើហ៊ានប្ដឹង ពួកគាត់នឹងមិនបានលុយនោះមកវិញទេ។ ពួកគាត់ខ្លះត្រូវចាញ់បោកជាលើកទីពីរ។ លោកថា ដោយសារនៅពេលនេះមានពលរដ្ឋប្ដឹងទៅកន្លែងផ្សេងៗគ្នាច្រើនតំបន់ ខាងគណៈមេធាវីបានផ្ដល់មេធាវី ២រូបសម្រាប់ជួយសម្របសម្រួលពាក្យបណ្ដឹងរបស់ពួកគាត់ ដោយមិនគិតថ្លៃសេវា។
លោក ងី ច័ន្ទ្រផល បញ្ជាក់ថា អ្នកចាញ់បោកបណ្ដាញប្រមូលចូលហ៊ុនទាំងនោះមានចាប់ពីពលរដ្ឋនៅតាមជនបទ តាមបណ្ដាខេត្ត រហូតដល់មន្ត្រីនៅក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន មានពលរដ្ឋ ៦ខេត្តបានដាក់ពាក្យបណ្ដឹងហើយ រីឯ ៥ខេត្តទៀតនឹងប្ដឹងបន្ត។ លោកក្រើនរំឭកដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការឆបោកបន្តទៀត តាមបែបប្រមូលលុយយកទៅរាប់ឲ្យអ្នកខ្ចីបង់រំលស់ប្រចាំថ្ងៃ និងការប្រមូលលុយយកទៅចូលហ៊ុនលើគម្រោងអភិវឌ្ឍន៍ដែលបានការប្រាក់ខ្ពស់។ លោកអ្នកអាចសួរព័ត៌មានតាមទូរស័ព្ទលេខ ០៣១ ៦០ ១២៣៤៥ និងលេខ ០៣១ ២០ ១២៣៤៥ ក្នុងករណីសង្ស័យអំពីការឆបោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។