អ្នកឃ្លាំមើល​ថា មេដឹកនាំ​កម្ពុជា​ខ្វះ​ឆន្ទៈ​ពិតប្រាកដ ​ក្នុង​ការ​បោសសម្អាត​មន្ត្រី​ពុករលួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0:00 / 0:00

សមាជិក​សភា​អូស្ត្រាលី និង​អ្នក​ជំនាញ​ច្បាប់ យល់​ថា ដើម្បី​បោសសម្អាត​មន្ត្រី​ពុករលួយ​នៅ កម្ពុជា​ ឲ្យ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​មេដឹកនាំ​មាន​ឆន្ទៈ​ខ្ពស់ និង​ធ្វើជា​គំរូ​ល្អ។ ពួក​គាត់​ពិនិត្យ​ឃើញ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​សូក​លុយ​រាប់​ម៉ឺន​ដុល្លារ​តាមរយៈ​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​លោក ហ៊ុន សែន ដើម្បី​បាន​តំណែង និង​ផលប្រយោជន៍ គឺ​មេដឹកនាំ​​នៅ​មិនទាន់​បង្ហាញ​ឆន្ទៈ​ច្បាស់​លាស់​នៅឡើយ។

បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​សំណុំរឿង​ជាមួយ​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត ក្ដី ក៏​អ្នក​ឃ្លាំមើល​វាយ​តម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បោសសម្អាត​មន្ត្រី​ពុករលួយ ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ថា ការ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ពុករលួយ​មួយ​ចំនួន​ចុង​ក្រោយ​នេះ ជា​សញ្ញា​ល្អ​មួយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ស្នើ​ដល់​រដ្ឋាភិបាល​ថា ត្រូវ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​បន្ត​វិធានការ​លើ​មន្ត្រី​ពុករលួយ​ផ្សេងៗ ទៀត ដោយ​មិន​រើស​មុខ និង​លម្អៀង ដើម្បី​ពង្រឹង​យុត្តិធម៌​សង្គម និង​អភិបាលកិច្ច​ល្អ។ លោក​បន្ត​ថា អំពើ​ពុក​រលួយ​បាន​ចាក់ឫស យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំង​អំពើ​ពុក​រលួយ​នយោបាយ អំពើ​ពុក​រលួយ​បក្ខពួក​និយម និង​អំពើ​ពុករលួយ​បែប​ស៊ី​សំណូក​ជា​ដើម ដូច្នេះ ប្រសិនបើ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ពី​មេ​ដឹកនាំ​ទេ គឺ​មិន​អាច​លុបបំបាត់ ឬ​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន​ទេ។

លោក តាក់ ម៉េងហ៊ាង៖«អំពើ​ពុករលួយ ជា​អំពើ​ពុករលួយ​នយោបាយ អំពើ​ពុករលួយ​ផ្នែក​ខាង​ការ​សម្រេច​ចិត្ត និង​អំពើ​ពុករលួយ​ដែល​អាច​កើត​ឡើង ដោយសារតែ​បក្ខពួក​និយម​ទាំង​អស់​នេះ គឺ​ត្រូវការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង ទើប​អាច​ជម្រះ ឬ​កាត់​បន្ថយ​បាន។ ដូច្នេះ ការ​ដែល​មាន​មន្ត្រី ឬ​មួយ​អ្នក ដែល​ប៉ុនប៉ង ចង់​ក្លាយ​ជា​មន្ត្រី ឬ​ចង់​ឡើង​តំណែង​អី​នេះ អា​ហ្នឹង​គ្រាន់តែ​ជា​ចំណុច​មួយ​នៅ​ក្នុង​អំពើ​ពុករលួយ​ផ្សេងៗ ទាក់ទង​នឹង​បក្ខពួក ឬ​ក្រុម​គ្រួសារ​និយម​នោះ​ទេ។ បើ​សិន​ជា​មិន​មាន​អ្នក​ទទួល​សំណូក ក៏​មិន​មាន​អ្នក ដែល​ប៉ុនប៉ង​សូកប៉ាន់​នោះ​ដែរ។ ដូច្នេះ ខ្ញុំ​យល់​ថា អំពើ​ពុករលួយ​នេះ ទោះ​ជា​លក្ខណៈ​អំពើ​ពុក​រលួយ​នយោបាយ ពុករលួយ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ឬ​មួយ​ពុករលួយ ដោយសារ​បក្ខពួក ក្រុម​គ្រួសារ​និយម​ក៏​ដោយ គឺ​ត្រូវការ​ជម្រះ ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ទើប​មាន​ប្រសិទ្ធភាព»។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ឃាត់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជាមួយ​ទីប្រឹក្សា​របស់​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លោក លី សាម៉េត និង​ជំនួយ​ការ​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា រួម​ទាំង​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ឡាច សំរោង។ មន្ត្រី​ទាំង​ពីរ​រូប​នោះ រួមមាន អភិបាល​រង​ខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ពាក់ព័ន្ធ​នឹង​រឿង​សូក​លុយ ៥៧ម៉ឺន​ដុល្លារ​អាមេរិក​ដល់​លោក លី សាម៉េត ដើម្បី​ឲ្យ​ជួយ​រត់ការ​ទៅ​លោក ហ៊ុន សែន ឲ្យ​បាន​តំណែង​ធំ។ ចំណែក​អតីត​អភិបាល​ស្រុកល្វាឯម លោក កន សុខកាយ សូកលុយ ៣០ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​លោក លី សាម៉េត ដើម្បី​ឲ្យ​ជួយ​រត់ការ​ទៅ​លោក ហ៊ុន សែន ឲ្យ​បាន​ប្ដូរ​ទៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។ នៅ​មុន​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ឃាត់​ខ្លួន​អតីត​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ម្នាក់ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក មួង ឃីម ព្រមទាំង​ឧកញ៉ា អ៊ុត ធី ហើយ​បញ្ជូន​ទៅ​តុលាការ​ដែរ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស៊ីសំណូក និង​សូកប៉ាន់​ជាមួយ​លោក លី សាម៉េត និង​លោក ដួង តារា ដូចគ្នា។ នៅ​ក្នុង​របាយការណ៍​សំណុំរឿង ដែល​កាសែត​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ បង្ហាញ​ថា លោក លី សាម៉េត លោក ដួង តារា លោក ឡាច សំរោង លោក មួង ឃីម និង​បក្ខពួក​មួយ​ចំនួន​ទៀត បាន​បោក​លុយ​ពី​មន្ត្រី​រាជការ និង​អ្នក​ជំនួញ​មួយ​ចំនួន ដោយ​សន្យា​ថា នឹង​ជួយ​រត់ការ​ទៅ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​បាន​តំណែង​ធំ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។សំណុំរឿង​នីមួយៗ មាន​ទឹកប្រាក់​ចាប់​ពី ១៣ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ ៣០ម៉ឺនដុល្លារ ៣លាន៥សែនដុល្លារ និង​សំណុំរឿង ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់ ៦លាន ៧សែន​ដុល្លារ និង ១០លាន​ដុល្លារ​អាមេរិក។ លោក ដួង តារា និង​លោក លី សាម៉េត ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​បញ្ចូន​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ហើយ ក្រោយ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន។ ចំណែក​លោក ឡាច សំរោង ដែល​ជា​សកលវិទ្យាធិការ នៃ​សកលវិទ្យាល័យ​ឥទ្រ្ទវិជ្ជា និង​ជា​អ្នក​រត់​តាម​ត្រឹកៗ ជូត​ញើស​ឲ្យ​លោក លី សាម៉េត នោះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅឡើយ​ទេ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា តុលាការ បាន​ចោទ​ប្រកាន់​លោក លី សាម៉េត លោក ដួង តារា លោក មួង ឃីម ពី​បទ​ជំនួញ​ឥទ្ធិពល​អកម្ម ដែល​អាច​ជាប់​គុក​ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ ចំណែក ឧកញ៉ា អ៊ុត ធី ដែល​ជា​អ្នក​សូក​លុយ ត្រូវ​បាន​តុលាការ ចោទពីបទជំនួញឥទ្ធិពលសកម្មដែលអាចជាប់គុកពី២ឆ្នាំទៅ៥ឆ្នាំ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​​​​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល និង​អ្នក​នាំ​ពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ការ​ចាត់វិធានការ​ទៅ​លើ​មន្ត្រី​ពុក​រលួយ​ទាំង​នេះ តុលាការ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​ព្យាយាម​លាក់បាំង​ព័ត៌មាន និង​យោគ​យល់​ច្រើន ដោយ​ខ្លាច​ប៉ះពាល់​ដល់​សិទ្ធិ មុខមាត់ និង​កិត្តិយស​របស់​ជន​ជាប់​ចោទ​ទាំង​នេះ ដែល​ខុស​ឆ្ងាយ​ពី​ករណី​ចាត់​វិធាន​ទៅ​លើ​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត យល់ថា ការ​សូកប៉ាន់​លុយ​ទៅ​ក្រុម​មនុស្ស ដែល​នៅ​ក្បែរ​លោក ហ៊ុន សែន ដើម្បី​បាន​តំណែង​ធំៗ ក្នុង​ស្ថាប័ន​រដ្ឋ និង​ផល​ប្រយោជន៍​អ្វី​មួយ គឺ​អាច​ជាប់​ពាក់ព័ន្ធ​គ្នា​ជា​ប្រព័ន្ធ​ទ្រង់ទ្រាយ​ធំ។លោក ជឿ​ថា មូលហេតុ​ដែល​មាន​មន្ត្រី ឬ​អ្នក​ជំនួញ​ជា​ច្រើន​ នាំ​គ្នា​សូក​លុយ​ឲ្យ​លោក លី សាម៉េត និង​លោក ដួង តារា រត់​ការ​នោះ ព្រោះ​មាន​ករណី​ជោគជ័យ​ច្រើន ។

លោក វ៉ន ចាន់ឡូត៖«ជា​ការ​ពិត​រឿង​នេះ វា​ត្រូវ​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ គឺ​អ្នក​សូក អ្នក​ទទួល​សំណូក ហើយ​នឹង​អ្នក ដែល​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​ចុះ​ហត្ថលេខា ដើម្បី​អាច​ធ្វើ​ឲ្យ​គោល​បំណង​នៃ​អ្នក​ទាំង​នោះ​បាន​សម្រេច»។

ស្រុក​ខ្មែរ ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រមាណ ៤ទស្សវត្សរ៍​មក​នេះ គេ​មើល​ឃើញ​ថា មន្ត្រី​មួយ​ចំនួន​ធំ ដែល​គ្មាន​ឪពុក​ម្ដាយ​ជា​អ្នក​ធំ តែងតែ​ប្រើ​លុយ​ទិញ​តំណែង ហើយ​ទំហំ​នៃ​ការ​ចំណាយ គឺ​អាស្រ័យ​លើ​កម្រិត​នៃ​មុខ​តំណែង​នោះ។ ចំណែក​កូនចៅ​របស់​មន្ត្រី​កំពូល​របស់​បក្ស​កាន់​អំណាច​វិញ ពួកគេ មិន​ខ្វល់​រឿង​ចំណាយ​លុយ​ទិញ​តំណែង​ទេ ព្រោះ​មាន​ម៉ែ​ឪ​របស់​ពួក​គេ​ចាំ​ជួយ​ជ្រោមជ្រែង​លើក​បន្តុប​រួច​ទៅ​ហើយ ដូចជា ករណី​កូនចៅ និង​សាច់ញាតិ​របស់​លោក ហ៊ុន សែន ជា​ឧទាហរណ៍​ស្រាប់។

លោក វ៉ន ចាន់ឡូត មើល​ឃើញ​ថា ដោយសារ​គំរូ​អាក្រក់ និង​អំពើ​ពុករលួយ​តាម​បែប​នយោបាយ​របស់​អ្នក​កាន់​អំណាច​កំពូលៗ នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​យក​គំរូ​តាម។ លោក​បន្ត​ថា វិបត្តិ​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​ដូច​សព្វថ្ងៃ​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ទើប​អាច​ដោះ​ស្រាយ​បាន។

លោក វ៉ន ចាន់ឡូត៖«ប្រសិនបើ​រដ្ឋាភិបាល​មិន​ប្រញាប់ប្រញាល់ នៅ​ក្នុង​ការ​បោស​សម្អាត​អំពើ​ពុករលួយ ឬ​ក៏​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ទៅ​ជា​រដ្ឋាភិបាល​សុចរិត និង​ស្អាតស្អំ​ទេ អំពើពុករលួយនិងមន្ត្រីអសកម្មនេះគឺជាសត្រូវទី១ ហើយ​នៅ​កៀក​នឹង​រដ្ឋាភិបាល​បំផុត ដែល​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដួល​រលំ»។

អ្នកឃ្លាំមើល យល់ថា ប្រសិនបើ​រដ្ឋាភិបាល ចង់​ចាត់​វិធានការ​លើ​មន្ត្រី​ពុករលួយ​នោះ គឺ​គ្មាន​អ្វី​ពិបាក​ទេ ទោះ​បិទ​ភ្នែក​ក៏​អាច​ចាប់​បាន​ដែរ។ ពួកគាត់ យល់ថា ប្រសិនបើ​សិន​ជា​ចង់​ដឹង​ច្បាស់​ថា មន្ត្រី​ណា​ម្នាក់​ស្អាតស្អំ ឬ​ពុករលួយ គេ​គ្រាន់​តែ​ពិនិត្យ​មើល​ទ្រព្យ​សម្បត្តិ​ធៀប​នឹង​ប្រាក់​ខែ ឬ​ចំណូល​ពី​របររកស៊ី​របស់​គ្រួសារ​របស់​ពួកគេ ជា​ការ​ស្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។