ឆ្នាំ២០២៤ ឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែ បញ្ហាជាច្រើននៅមិនទាន់ផុតរលត់ទៅតាមឆ្នាំចាស់នោះឡើយ។ បញ្ហាមួយក្នុងចំណោមនោះ គឺឧក្រិដ្ឋកម្មឆបោកអនឡាញកំពុងញាំញីកម្ពុជា ធ្វើឱ្យមានក្លិនស្អុយអសោចិ៍លើឆាកអន្តរជាតិ។
អ្នកនយោបាយប្រឆាំង និងមន្ត្រីសង្គមស៊ីវិលព្រមានថា អំពើឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដែលកាន់តែមានសភាពអាក្រក់នេះ នឹងនាំប្រជាជាតិកម្ពុជាទៅរកភាពអន្តរាយធ្ងន់ធ្ងរនាពេលឆាប់ៗខាងមុខ ប្រសិនបើរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈម៉ឺងម៉ាត់ពិតប្រាកដក្នុងការបង្ក្រាបដូចសព្វថ្ងៃនេះ។
ការព្រមានដូចនេះ ស្របពេលដែលក្រសួងការបរទេសឥណ្ឌូណេស៊ីអះអាងថា បច្ចុប្បន្នចំនួនពលរដ្ឋឥណ្ឌូណេស៊ី ដែលទៅធ្វើការក្នុងឧស្សាហកម្មអនឡាញនៅប្រទេសកម្ពុជាកំពុងកើនឡើង។
អតីតអ្នកតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា អំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ នៅកម្ពុជាមិនងាយស្រួលបង្ក្រាបទេ
ពីព្រោះតែឧក្រិដ្ឋជនខ្លះ មានមនុស្សស្និតជាមួយរដ្ឋាភិបាលធ្វើជាខ្នងបង្អែក។
លោក អ៊ុំ សំអាន បញ្ជាក់ថា តាមការអង្កេតរបស់លោកឃើញថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនិងការជួញដូរមនុស្ស កំពុងកើតមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យជនបរទេសកាន់តែច្រើនថែមទៀត រងគ្រោះដោយអំពើឧក្រិដ្ឋកម្មអនឡាញនេះ ។
លោក អ៊ុំ សំអាន៖ «ខ្ញុំមានការព្រួយបារម្ភចំពោះអំពើឆបោកនិងល្បែងអនឡាញដែលធ្វើឱ្យជនបរទេសជាច្រើនជាតិសាសន៍ក្លាយជាជនរងគ្រោះដោយអំពើជួញដូរនៅក្នុងប្រទេសកម្ពុជា។ វានឹងធ្វើឱ្យបទល្មើសទាំងអស់នេះកើតឡើងច្រើនជាងមុនថែមទៀត ហើយនឹងធ្វើឱ្យជនបរទេសជាច្រើនក្លាយជាជនរងគ្រោះក្នុងអំពើឆបោកទាំងអស់នោះ ហើយនិងការជួញដូរនៅកម្ពុជា»។
ការព្រួយបារម្ភរបស់អ្នកនយោបាយដូចនេះ កើតឡើងបន្ទាប់ពីនាយកផ្នែកការពារពលរដ្ឋនៃក្រសួងការបរទេសឥណ្ឌូណេស៊ី លោក យូដា នូហ្ក្រាហា (Judha Nugraha) បាននិយាយកាលពីពេលថ្មីៗថា ចំនួនពលរដ្ឋឥណ្ឌូណេស៊ី ដែលចេញស្វែងរកការងារធ្វើតាមឧស្សាហកម្មល្បែងអនឡាញនៅបរទេស ជាពិសេសនៅប្រទេសកម្ពុជាកំពុងកើនឡើង។ កាលពីថ្ងៃទី២៦ ខែធ្នូ អនុព័ន្ធយោធាអមស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក អាហ្កុងប៊ូឌី អាស្មារ៉ា( AGUNG BUDI ASMARA) បានជួបពិភាក្សាជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លោក សុខ វាសនា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់បទល្មើសឆបោកឆ្លងដែននេះ។
តាមរបាយការណ៍របស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋឥណ្ឌូណេស៊ីចំនួនជាង ២ពាន់(២៣២១)នាក់បានចូលមកស្នាក់នៅកម្ពុជា។ ក្នុងចំណោមពលរដ្ឋទាំងនោះមានចំនួន៧៧ ភាគរយ ពាក់ព័ន្ធនិងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
បើទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយជុំវិញបញ្ហាកំណើនពលរដ្ឋឥណ្ឌូណេស៊ី កើនឡើងក្នុងឧស្សាហកម្មល្បែងអនឡាញនៅកម្ពុជានេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងពីអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បាននៅឡើយនៅថ្ងៃទី២៩ ខែធ្នូ។
ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បញ្ជាក់ថា បច្ចុប្បន្ននេះ មានជនបរទេសជាច្រើនជាតិសាសន៍ បានរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ នៅកម្ពុជាក្នុងរូបភាពជួញដូរមនុស្ស។ ជនបរទេសទាំងនោះ មានជនជាតិឥណ្ឌូណេស៊ី (Indonesian) ថៃ (Thailand) វៀតណាម (Vietnamese) ម៉ាឡេស៊ី(Malaysian) និងបង់ក្លាដេស្ហ (Banglades) ជាដើម។
លោក ឌី ថេហូយ៉ា៖ «ការបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺរបៀបបោកប្រាស់មួយដែលគេយកមនុស្សទៅទាក់មនុស្សផ្សេងទៀត ដើម្បីជួញដូរ។ មនុស្សដែលគេឆបោកមកបានគឺគេឱ្យនៅតែក្នុងអគារ រួចហើយគេបង្ខំឱ្យរកអ្នកថ្មីឱ្យគេបន្តទៀត។ ឧទាហរណ៍ថាក្នុង១ខែ អ្នកជួញដូរកំណត់ឱ្យជនរងគ្រោះរកមនុស្សឱ្យគេបាន១០ឬក៏២០នាក់ បើអ្នកណារកមនុស្សឱ្យគេមិនបានគឺគេវាយធ្វើបាប គេឆក់ខ្សែភ្លើងជាដើម។ នៅក្នុងអគារដែលគេដាក់ជនរងគ្រោះ ដែលគេបោកបានមកនោះ គឺគេមិនអនុញ្ញាតឱ្យចេញ-ចូលស្រេចតែចិត្តនោះទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការព្រួយបារម្ភខ្លាំងចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលកំពុងស្អុយអសោចិ៍ ជុំវិញករណីឆបោកតាមប្រព័ន្ធអនឡាញនិងជួញដូរមនុស្ស ដែលធ្វើឱ្យជនបរទេសជាច្រើនរងគ្រោះ ជាបន្តបន្ទាប់នេះ។
លោក អ៊ុំ សំអាត៖ «ទាក់ទងនិងការឆបោកពលរដ្ឋបរទេស តាមអនឡាញនេះគឺវាធ្វើឱ្យប៉ះពាល់ដល់កម្ពុជាយ៉ាងខ្លាំង។ ប៉ះពាល់ទី១គឺវិស័យទេសចរណ៍ ដែលធ្វើឱ្យបណ្ដាប្រទេសមួយចំនួន រំលឹកពលរដ្ឋរបស់គេក្នុងការធ្វើដំណើរមកកម្ពុជា។ ទី២ប៉ះពាល់ដល់ការវិនិយោគ ដែលធ្វើឱ្យអ្នករកស៊ីភ័យខ្លាច ហើយទី៣ក៏ប៉ះពាល់ទៅដល់សន្តិសុខ សុវត្ថិភាពក៏ដូចជាសណ្ដាប់ធ្នាប់សង្គម។ សម្រាប់កម្ពុជាគឺថាប៉ះពាល់ទៅដល់កិត្តិយសនិងមុខមាត់ខ្លាំង»។
ក្នុងឆ្នាំ២០២៤នេះ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែង។ កាលពីខែតុលា សមត្ថកិច្ចបានបង្ក្រាបកន្លែងឆបោកនៅអគារពាណិជ្ជកម្មមួយនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ រកឃើញមនុស្ស ដែលជាជនរងគ្រោះនិងជនសង្ស័យចំនួនជាង ១ពាន់នាក់ ភាគច្រើនជាជនជាតិចិន។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា សមត្ថកិច្ចបានបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញមួយកន្លែង នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញជនបរទេស ដែលខ្លះជាជនរងគ្រោះ និងខ្លះជាក្រុមឧក្រិដ្ឋជនប្រមាណ ២០០នាក់ ហើយកាលពីថ្ងៃទី២៨ ខែធ្នូថ្មីៗ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយភាគីថៃបង្ក្រាបអគារមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត (Call Center) របស់ជនជាតិចិនមួយកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃ រកឃើញអ្នកជាប់ឃុំក្នុងអាគារចំនួន ១២៥នាក់ ដែលក្រុមឧក្រិដ្ឋជនបង្ខំឱ្យឆបោកតាមអ៊ីនធឺណិតផងដែរ។
អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មិនអាចបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញបានជោគជ័យទេ ពីព្រោះតែមនុស្សដែលនៅជិត លោក ហ៊ុន សែន មួយចំនួនសុទ្ធតែជាអ្នកនៅពីក្រោយខ្នងនៃអំពើឧក្រិដ្ឋកម្មទាំងនោះ។
របាយការណ៍ស៊ើបអង្កេតរបស់អាស៊ីសេរី បានរកឃើញថា ឧក្រិដ្ឋជនចិនម្នាក់ ឈ្មោះ ចេន ហ្ស៊ី(Chen Zhi) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) ដែលជាប់ឈ្មោះជាឧក្រិដ្ឋជននិងជាម្ចាស់បនល្បែងអនឡាញឆ្លងដែនខុសច្បាប់ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមេសា។
បន្ថែមលើនេះឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលស្និតជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏ជាប់ពាក់ព័ន្ធនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការជួញដូរមនុស្ស និងកេងប្រវ័ញ្ចពលកម្មដោយបង្ខំ ក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
កាលពីថ្ងៃទី១២កញ្ញាកន្លងទៅ ក្រសួងសេដ្ឋកិច្ចអាមេរិក ក៏បានបង្កកទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនសម្ព័ន្ធចំនួន៥ផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្ម ស្ដេចកោះកុងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។