ពលរដ្ឋ​រងគ្រោះ​​ជា​មួយ​ក្រុមហ៊ុន ឡេង ចាន់ណា នាំ​គ្នា​ដាក់​ពាក្យ​ពឹង​មេធាវី​រដ្ឋាភិបាល​ដោះស្រាយ ដោយ​សារ​តែ​គ្មាន​ជម្រើស

0:00 / 0:00

ពលរដ្ឋ​រងគ្រោះ​​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នក​ស្រី ឡេង ចាន់ណា នាំ​គ្នា​ដាក់​ពាក្យ​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជុំ​វិញ ការ​ឆបោក​លុយ។ ពួក​គាត់​អះអាង​​ថា ពួក​គាត់​​គ្មាន​ជម្រើស​អ្វី​ផ្សេង ខណៈ​ដែល​ពួក​គាត់​កំពុង​ជួប​វិបត្តិ​បំណុល​ធនាគារ​វ័ណ្ឌក​​។

ប្រជា​ពលរដ្ឋ​រងគ្រោះ​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) រាប់​ពាន់​នាក់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​មេធាវី​របស់​រដ្ឋាភិបាល ដែល​មាន​លោក គី តិច ជា​ប្រធាន ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា ការ​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ពី​សំណាក់​អ្នកស្រី ឡេង ចាន់ណា។ រីឯ​ពលរដ្ឋ​ខ្លះ​ទៀត​ពុំ​ទាន់​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ឡើយ​ទេ ដោយ​សារ​តែ ពុំ​សូវ​មាន​ជំនឿ​ចិត្ត។

ពលរដ្ឋ​រង​គ្រោះ​ពី​ការ វិនិយោគ​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី លោក នួន នឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៣០ ខែឧសភា​ថា លោក និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ១០០នាក់ នៅ​ខេត្ត​សៀមរាប​ពុំ​ទាន់​ដាក់​ពាក្យ​ផ្ទេរ​សិទ្ធិ​ឱ្យ​មេ​ធារី​រដ្ឋាភិបាល​ដោះស្រាយ នៅ​ឡើយ​ទេ ដោយ​សារ​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​ ហើយ​ស្រប​ពេល ដែល​ជីវភាព​កំពុង​ខ្វះខាត គ្មាន​លទ្ធផល​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ។

លោក នួន នឿន៖«គេ​ថា ដោះស្រាយៗ ហ្នឹង​ដូច​ជា​តុលាការ​ខេត្តសៀមរាប និង​អភិបាល​ខេត្ត​សៀមរាប​ថា តើ​លោក​រឹបអូស​បាន​ទ្រព្យ​សម្បត្តិ​អី​ខ្លះ​ពី ឡេង ចាន់ណា ហើយ​បាន​លក់​ឡាយឡុង អី​ខ្លះ ដើម្បី​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ហ្នឹង។ មក​ដល់​ពេល​នេះ វា​អត់​មាន ដូច្នេះ​ឱ្យ​សង្ឃឹម​អី ដែល​ថា​នឹង​ដោះ​ចេញ?»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​​ស្រប​ពេល ដែល​ពលរដ្ឋ​រង​គ្រោះ​ ២៤៨នាក់ បាន​ទៅ​ជួប​ជាមួយ​នឹង​មេធាវី​រដ្ឋាភិបាល គឺ​លោក គី តិច កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា។ រីឯ​លោក គី តិច បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជំនួប​នេះ ធ្វើ​ឡើង ដើម្បី​ទទួល​ពាក្យ ផ្ទេរ​សិទ្ធិ​ពីសំណាក់​ពលរដ្ឋ​រង​គ្រោះ ​ជូន​ដល់​មេធាវី​ក្នុង​ការពារ​ក្ដី​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​ពលរដ្ឋ​ឱ្យ​ដឹង​ថា ការ​ស្ម័គ្រ​ចិត្ត​ឱ្យ​មេធាវី​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​នេះ ព្រោះ​តែ​គ្មាន​ជម្រើស។

តំណាង​ពលរដ្ឋ​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​រៀបចំ​ពាក្យ​ផ្ទេរ​​សិទ្ធិ​ឱ្យ​មេធាវី បាន​ជិត ២០០នាក់​រួច​មក​ហើយ។ ក៏​ប៉ុន្តែ លោក​ថា ការ​ដោះ​ស្រាយ​តាម​រយៈ​ផ្លូវ​ច្បាប់ ដែល​មាន​មេធាវី​ជា​តំណាង​នេះ លោក​ហាក់​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​ថា នឹង​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​ទាន់​ពេល​វេលា​នោះ​ឡើយ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្លះ កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​រហូត​​​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​តែ​គ្មាន​លុយ​សង​បំណុល​ធនាគារ។

តំណាង​ពលរដ្ឋ​លាក់​ឈ្មោះ៖ «ប្រជាពលរដ្ឋ​គាត់​គ្មាន​លុយ​សូម្បី​តែ​ជិះ​ឡាន​ទៅ​ដាក់​ពាក្យ។ ឥឡូវ​នេះ គាត់​មាន​បញ្ហា​ជំពាក់​ធនាគារ​អស់​រយៈ​ជាច្រើន​ខែ​នេះ។ សូម្បី​តែ​ខ្ញុំ​ផ្ទាល់ ក៏​អត់​មាន​លុយ​សម្រាប់​បង់​ធនាគារ​ផង តាំង​ពី​ខែ៣ មក​ម្ល៉េះ គឺ​ខ្ញុំ​ត្រូវ​បាន​ធនាគារ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយ​សារ​តែ​ខ្ញុំ​អត់​មាន​លុយ​បង់​ឱ្យ​គេ»។

រីឯ​ប្រធាន​មេធាវី​របស់​រដ្ឋាភិបាល​វិញ គឺ​លោក គី តិច ប្រាប់​អ្នក​សារព័ត៌មាន ក្នុង​អំឡុង​ពេល​ជំនួប​ ជាមួយ​ពលរដ្ឋ​រង​គ្រោះ កាល​ពី​ថ្ងៃ​ទី២៩ ខែឧសភា​ថា មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​សុំ​​ផ្ទេរ​សិទ្ធិ​ឱ្យ​មេធាវី​ការពារ​ក្ដី​ជាង​២០០០​នាក់​​មក​ហើយ​។​​ ក៏ប៉ុន្តែ​ លោក​ឱ្យ​ដឹង​ថា ចំពោះ​ការ​សម្រេច​លទ្ធផល​យ៉ាង​ណា​នោះ គឺ​ពឹង​លើ​តុលាការ​សម្រេច។

លោក គី តិច៖ «យើង​ការពារ​បង​ប្អូន​ប្រជាពលរដ្ឋ គឺ​ការពារ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់ និង​ការពារ​ផល​ប្រយោជន៍​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​មក​ពឹង​ពាក់​មេធាវី។ រី​ឯ​ចំពោះ​ ការ​សម្រេច​លទ្ធផល​យ៉ាង​ណា វា​នៅ​លើ​ការ​សម្រេច​របស់​តុលាការ»។

ពលរដ្ឋ​មួយ​ចំនួន​មើល​ឃើញ​ថា ការ​រៀបចំ​មេធាវី​ការពារ​ក្ដី​ជូន​ពួក​គាត់​នេះ ក្រោម​ហេតុផល​ភាគ​ច្រើន គឺ​គ្រាន់​តែ​ដើម្បី​រម្ងាប់​ចិត្ត​ពលរដ្ឋ​ មួយ​គ្រា​ប៉ុណ្ណោះ ដោយ​សារ​តែ​កន្លង​ទៅ ករណី​នេះ​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពី​ក្រោយ។ តែ​យ៉ាង​ណាក្ដី ពលរដ្ឋ​សង្ឃឹមថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ជំរុញ​សំណុំ​រឿង​ទាំង​នោះ​ទៅ​តុលាការ និង​ក្រុមហ៊ុន​ឱ្យ​ពន្លឿន​នីតិវិធី ទើប​ពួក​គាត់​ឆាប់​ទទួល​បាន​ដំណោះស្រាយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែឧសភា​ថា ការ​រៀបចំ​មេធាវី​ជួយ​ការពារ​ក្ដី គឺ​ជា​ដំណើរការ​ ការពារ​ពួក​គាត់ តាមផ្លូវច្បាប់ ប៉ុន្តែ អ្វី​ដែល​ពលរដ្ឋ​ទន្ទឹង​រង់ចាំ​នោះ គឺ​ដំណោះស្រាយ​ជា​សំណង​ទាន់​ពេល​វេលា សម្រាប់​ពួក​គាត់​យក​ទៅ​ដោះស្រាយ​ជា​មួយ​ធនាគារ​ និង​បំណុល​ឯកជន។

លោក អំ សំអាត៖«បើ​យើង​មើល​ទៅ​ដំណើរ​ការ​នីតិវិធី​នៅ​តុលាការ​វា​អាច​វែង​ឆ្ងាយ​ត​ទៀត។ អ៊ីចឹង​ហើយ​បាន​លោក​ចង់​ឱ្យ​មាន​កិច្ច​អន្តរាគមន៍ ធ្វើ​យ៉ាង​ម៉េច​នីតិវិធី​នៅ​តុលាការ​នេះ ឱ្យ​បាន​ឆាប់​រហ័ស»។

កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា លោក ហ៊ុន ម៉ាណែត តែង​តាំង​មេធាវី​រដ្ឋាភិបាល ដែល​លោក គី តិច ជា​ប្រធាន ដើម្បី​ធ្វើ​ជា​តំណាង​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​រងគ្រោះ​ពី​ក្រុមហ៊ុន​របស់​លោកស្រី ឡេង ចាន់ណា រហូត​ដល់​សំណុំ​រឿង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។ ការ​តែងតាំង​មេធាវី​នេះ​ ធ្វើ​ឡើយ​ក្រោយ​ពី​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​នៅ​ខេត្តសៀមរាប បាន​ចេញ​តវ៉ា​បិទ​ផ្លូវ និង​ដាក់​ពាក្យ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​សម​ស្រប​នោះ​ឡើយ។

អំឡុង​ពេល​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ សមត្ថកិច្ច​ខេត្តសៀមរាប កាល​ពី​ថ្ងៃ​ទី១២ ខែមីនា ក៏​បាន​ឃាត់​ខ្លួន​អ្នកស្រី ឡេង ចាន់ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង​បក្ខពួក​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ពលរដ្ឋ​រាប់ពាន់​នាក់ ទាំង​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រោយ​ការ​ចាប់ខ្លួន​ សាលា​ដំបូង​ខេត្ត​សៀមរាប ​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន ដើម្បី​លក់​សង​ជន​រង​គ្រោះ។ ប៉ុន្តែ​ពលរដ្ឋ អះអាង​ថា រយៈ​ពេល​ជាង ១ឆ្នាំ​ហើយ ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​ទេ៕