អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា ការវាយទាត់ធាក់ទៅលើកងកម្លាំង ដែលរងការរិះគន់ពីសាធារណជននោះ គឺជាការហ្វឹកហាត់កាយសម្បទា មិនមែនជាអំពើទារុណកម្មឡើយ។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យមានការស៊ើបអង្កេតពិតប្រាកដ ព្រោះច្បាប់ហាមឃាត់មិនឱ្យមានការប្រើអំពើហិង្សាលើរូបរាងកាយរបស់ពលរដ្ឋណាម្នាក់ឡើយ។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ទទួលស្គាល់ថា ពិតជាមានការហ្វឹកហាត់បែបវាយទាត់ធាក់ទៅលើកងកម្លាំងនគរបាល ដូចក្នុងវីដេអូបង្ហោះលើហ្វេសប៊ុក (Facebook) នោះប្រាកដមែន។ ក៏ប៉ុន្តែលោកថា នេះជាការហ្វឹកហាត់កាយសម្បទាឱ្យរឹងមាំ មិនមែនជាការធ្វើទារុណកម្ម ឬអំពើសាហាវយង់ឃ្នងអ្វីឡើយ។ លោកបញ្ជាក់ទៀតថា សិក្ខាកាមដែលចូលរួមហ្វឹកហាត់ទាំងនោះ មិនមានការរងរបួសឡើយ៖ «ហាត់ហ្នឹង គឺមិនប៉ះពាល់ដល់រូបរាងកាយនោះទេ ដូចយើងឃើញទាត់ដួលខ្ពោកអ៊ីចឹង តាមពិតមិនមែនទាត់មួយទំហឹង ដួលមនុស្សរហូតដល់មានគ្រោះថ្នាក់ដល់សុខភាព ឬអាយុជីវិតនោះទេ។ គេហាត់របៀបទាត់ របៀបដួល ហើយតាមពិតមន្ត្រីដែលហ្វឹកហ្វឺននេះ គ្នាអត់មានរបួស អត់មានស្នាមអ្វីទេ។ យើងមើលកាយវិការឃើញដូចវ៉ៃមែនទែនអ៊ីចឹង ដូចគ្នានឹងកីឡាកាសដែរ។ កីឡាកាសគេធ្វើដូចវ៉ៃមែនទែនអ៊ីចឹង ប៉ុន្តែតាមពិត អត់មានរបួសអ្វីធ្ងន់នោះទេ។ នេះជាការពន្យល់របស់អ្នកបច្ចេកទេស»។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចែករំលែកយ៉ាងព្រោងព្រាតនូវវីដេអូខ្លីមួយ ដែលបង្ហាញពីការប្រើហិង្សាវាយទាត់ធាក់។
ក្នុងវីដេអូនោះ សិក្ខាកាមបានឈរតម្រៀបគ្នា ហើយគ្រូបង្ហាត់មា្នក់បានដើរវាយ ទាត់ ធាក់ ឬដាល់ពួកគេម្នាក់ម្តងៗ ឱ្យដួលលើដី។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានរិះគន់យ៉ាងខ្លាំងចំពោះរឿងនេះ ដោយពួកគេយល់ថា នេះជាការធ្វើទារុណកម្ម និងមិនសមជាការហ្វឹកហាត់កងកម្លាំងឡើយ។
ទោះជាយ៉ាងណា គ្រូបង្ហាត់នោះ បានចេញវីដេអូបកស្រាយថា លោកមានឈ្មោះ ទួន សុភក្ត្រា គឺជាគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម។ លោកបញ្ជាក់ថា ការវាយផ្ដួលសិក្ខាកាមលើដីនេះ គឺដើម្បីពង្រឹងកាយសម្បទារបស់ពួកគេឱ្យរឹងមាំ មិនមែនជាការធ្វើទារុណកម្ម ឬការមានគំនុំគុំកួនអ្វីឡើយ៖ «សូមបងប្អូនកុំយល់ច្រឡំ ខ្ញុំធ្វើនេះគឺចង់ពង្រឹងរាងកាយសម្បទារបស់ពួកគាត់ ជំហររបស់គាត់ គាត់ឃុំ គាត់វ៉ៃបានហើយ ឬនៅ ? គាត់ឈរបានហើយ ឬនៅ ? តែប៉ុណ្ណឹងទេ ដើម្បីទប់ទល់ជាមួយសត្រូវ ឬក៏ពេលគេវាយលុកមកលើគាត់។ ពេលហ្នឹងគាត់អាចរឹងមាំ ទប់ទល់បាន។ ហើយមួយទៀត ពួកគាត់ជាសិក្ខាកាមទាំងអស់ ខ្ញុំស្រឡាញ់ដូចជាបងប្អូនជាមួយគ្នាបង្កើតអ៊ីចឹង អត់មានគំនុំ គុំកួន ឬក៏ធ្វើទារុណកម្មទៅលើពួកគាត់ គឺអត់ទេ»។
ចំណែក តំណាងសិក្ខាកាមទាំងនោះវិញ ក៏បានបកស្រាយដូចគ្នាថា ការវាយទាក់ធាក់នេះ មិនមែនជាការដាក់ទារុណកម្មឡើយ ក៏ប៉ុន្តែគឺជាមេរៀនឱ្យសិក្ខាកាមទាំងអស់មានលំនឹង និងភាពរឹងមាំទប់ទល់ជាមួយសត្រូវ។ ពួកគេបន្តថា សិក្ខាកាមទាំងអស់ពេញចិត្តចំពោះការហ្វឹកហាត់បែបនេះ និងស្នើឱ្យសាធារណជនកុំមានការភ័ន្តច្រឡំចំពោះរឿងនេះ៖ «ខ្ញុំសូមមហាជនទាំងអស់កុំមានការភ័ន្តច្រឡំ ថាការធ្វើទារុណកម្ម ឬក៏ការទាត់ធាក់របស់គ្រូនេះ គឺជាការស្អប់ ឬក៏គំនុំ ឬជាការដាក់ពិន័យ។ នេះគឺជាការហ្វឹកហាត់កាយសម្បទា ដើម្បីឱ្យគាត់មានជំហររឹងមាំ។ គាត់សាកមើល តើសិស្សទាំងអស់អាចមានជំហររឹងមាំ ហើយឬនៅ»។
តំណាងសិក្ខាកាមបញ្ជាក់ថា ការហ្វឹកហ្វឺននេះ ធ្វើឡើងនៅក្នុងទីបញ្ជាការនគរបាលប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយសិក្ខាកាមដែលចូលរួមក្នុងលំហាត់នេះ គឺជាមន្ត្រីនគរបាលព្រំដែននៅទីនោះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា លោកមិនបានដឹងច្បាស់ពីបទបញ្ជា ឬលក្ខន្តិកៈរបស់សាលាហ្វឹកហ្វឺនកងកម្លាំងនោះឡើយ ក៏ប៉ុន្តែលោកថា ច្បាប់មិនបានបើកផ្លូវឱ្យមានការវាយទាត់ធាក់បែបនេះឡើយ។ ជាពិសេសលោកថា ទាំងច្បាប់ជាតិ និងអន្តរជាតិ សុទ្ធតែហាមឃាត់ការបំពានលើរូបរាងកាយរបស់បុគ្គលម្នាក់ៗ ទោះជាប្រជាពលរដ្ឋសាមញ្ញ ឬកងកម្លាំងប្រដាប់អាវុធក្ដី៖ «ត្រូវតែធ្វើការស្រាវជ្រាវឡើងវិញទៅលើរឿងហ្នឹង ហើយពិនិត្យទៅលើលក្ខន្តិកៈ ឬក៏លក្ខខណ្ឌនៃការហ្វឹកហាត់ហ្នឹង ពីព្រោះបញ្ហាហ្នឹងមើលទៅវាធ្វើឱ្យមានការរិះគន់។ វាមើលទៅឃើញថា ជាការរំលោភបំពានទៅលើរូបរាងកាយរបស់បុគ្គល»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនបកស្រាយអំពីគោលការណ៍ក្នុងការហ្វឹកហាត់កាយសម្បទារបស់កងកម្លាំងនគរបាលនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត វិញ អះអាងថា ការហ្វឹកហាត់របស់កងទ័ពមិនមានលក្ខណៈវាយទាត់ធាក់បែបនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។