មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​អាជ្ញាធរ​ខេត្ត​រតនគិរី​ ​ព្រមាន​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​តាម​ព្រំដែន​

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី​ ​ដែល​ព្រមាន​អនុវត្ត​ច្បាប់​​ចំពោះ​សមត្ថកិច្ច​ ​និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ណា​ ​ដែល​បង្ក​ភាព​​អនាធិបតេយ្យ​ ​និង​មិនបាន​បំពេញ​ករណី​កិច្ចការពារ​ព្រំដែន​ឱ្យ​គ្រប់ជ្រុងជ្រោយ​។​ ​ពួកគេ​អះអាង​ថា​ ​សមត្ថ​កិច្ចការពារ​ព្រំដែន​ខេត្ត​រតនគិរី​ ​តែងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ ​ជា​ថ្នូរ​នាំ​ទំនិញ​ខូចគុណភាព​ ​និង​អនុញ្ញាត​ឱ្យ​ជនបរទេស​ចូល​កម្ពុជា​ដោយ​ងាយ​។
​មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​បែប​នេះ​ ​ក្រោយ​ពី​អភិបាល​ខេត្ត​រតនគិរី​ ​លោក​ ​ថង​ ​សា​វុន​ ​បាន​ព្រមាន​អនុវត្ត​ច្បាប់​ចំពោះ​សមត្ថ​កិច្ចការពារ​ព្រំដែន​ ​និង​មន្ត្រី​យោធា​តាម​ ​ច្រក​របៀប​កម្ពុជា​-​វៀតណាម​ ​ដែល​បង្ក​ភាព​អនាធិបតេយ្យ​តាម​ច្រក​ព្រំដែន​។​ ​អភិបាល​ខេត្ត​រូប​នេះ​បាន​ព្រមាន​ចាប់ខ្លួន​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​របៀង​ព្រំដែន​ ​ភូមិ​ភិៈ ​ស្រុក​អូ​រយ៉ា​ដាវ​ ​លោក​ ​ទួន​ ​មេសា​ ​ដោយ​អះអាង​ថា​ ​ខណៈ​ដែល​មេ​ប៉ុស្តិ៍​រូប​នេះ​មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ​។

​មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​ខេត្ត​រតនគិរី​ ​លោក​ ​ឌិន​ ​ខ​ន្នី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​៦​ ខែ​កុម្ភៈ​ថា​ ​ការ​គ្រប់គ្រង​ច្រក​ព្រំដែន​នៅតែ​ធូររលុង​ ​និង​មាន​រឿងអាស្រូវ​ជាច្រើន​ ​ដែល​ពលរដ្ឋ​តែងតែ​រអ៊ូ​ថា​ ​សមត្ថកិច្ច​និង​មន្ត្រី​យោធា​តាម​ព្រំដែន​​បាន​អនុញ្ញាត​ឱ្យ​មានសាច់​គោ​នាំចូល​ពី​វៀតណាម​ទំនិញ​ខូចគុណភាព​ ​និង​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ចូល​កម្ពុជា​។​ ​លោក​ថា​ ​ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​ឆ្លងកាត់​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ​និង​ច្រក​របៀង​ ​នៅតែ​ជា​ក្តី​បារម្ភ​ ​ព្រោះ​ក​ម្រ​ឃើញ​មានការ​បង្ក្រាប​៖ «មន្ត្រី​ទាំងឡាយ​ណា​ ​ដែល​គាត់​ធ្វើ​អនាធិបតេយ្យ​មាន​ការនាំចូល​ទំនិញ​ផ្សេងៗ​ខុសច្បាប់​ ​ឬ​មិនបាន​ពិនិត្យ​ត្រឹមត្រូវ​ទាក់ទិន​នាំ​ឈើ​ចេញ​ឈើ​ប្រណិត​ទៅក្រៅ​ប្រទេស​។​ ​បើ​អាច​គួរតែ​ដក​តំណែង​មន្ត្រី​ទាំងនោះ​ចេញ​ ​ដើម្បី​ឱ្យ​ព្រមាន​មន្ត្រី​ទាំង​អស់ហ្នឹង​ ​ហើយ​ធ្វើ​ឱ្យ​ច្រក​ព្រំដែន​មាន​ភាព​ល្អ​ប្រសើក្នុង​ការនាំចេញ​ ​នាំចូល​»​។

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា​ ​ប្រសិនបើ​អាជ្ញាធរ​គ្រាន់តែ​ព្រមាន​ ​ប៉ុន្តែ​គ្មាន​វិធានការ​ច្បាស់លាស់​នោះ​ទេ​ ​មន្ត្រី​ពាក់ព័ន្ធ​ ​នឹង​មិន​រាងចាល​ឡើយ​។​ ​លោក​ថា​ ​អាជ្ញាធរ​ខេត្ត​គួរតែ​មាន​វិធានការ​តឹងរ៉ឹង​ ​លុបបំបាត់​អំពើពុករលួយ​តាម​ព្រំដែន​ ​និង​ទប់​ស្កាត់​ទំនិញ​ខូចគុណភាព​ឱ្យ​មានប្រសិទ្ធិភាព​ ​ដើម្បី​លើកទឹកចិត្ត​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​របស់​ពលរដ្ឋ​ខ្មែរ​។​

កាលពី​ចុងខែ​មករា​កន្លងទៅ​ ​អភិបាល​ខេត្ត​រតនគិរី​ ​លោក​ ​ថង​ ​សា​វុន​ ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នៅចំពោះមុខ​មន្ត្រី​រាជការ​ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ដោយ​ ​ព្រមាន​មន្ត្រី​ជំនាញ​តាម​ព្រំដែន​និង​យោធា​ ​ត្រូវ​ដកខ្លួន​ជាបន្ទាន់​កុំ​បង្ក​ភាព​អនាធិបតេយ្យ​តាម​ព្រំដែន​បន្ត​ទៀត​៖​ «ត្រូវ​លុបៗ​ ​ត្រូវ​ចាប់​ៗ​ មន្ត្រី​នគរបាល​ដែល​ពាក់ព័ន្ធ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ទាំង​កងកម្លាំង​យោធា​ ​ថា​ហត់​ពេក​ហើយ​ក្នុង​ការ​បង្ក្រាប​ប៉ុន្មាន​ឆ្នាំ​មក​ ​ហើយ​របៀង​និយាយប្រាប់​ឱ្យ​ហើយ​ ​ខ្ញុំ​នឹង​ចុះទៅ​កាយ​លុប​របៀង​ទាំងអស់​ ​វា​ហួសហេតុ​ពេក​។​ ​យើង​បញ្ជា​កម្លាំង​ទៅ​ ​វា​ថា​ ​មិនដែល​មានអី​ផង​ស្ងាត់​ ​អា​មេ​ប៉ុស្តិ៍​ ​អា​ហ្នឹង​ ​ឈ្មោះ​ ​អា​ ​មេសា​ ​ល្មមៗ​បានហើយ​ ​លោក​ ​មេសា​ ​គុក​មិនទាន់​ភ្លេច​លោក​ឯង​ទេ​ ​ហើយ​ហ្នឹង​កម្លាំង​មួយ​ចំនួន​ទៀត​ ​វីរៈ​ការពារ​ព្រំដែន​ដកខ្លួន​ ​ដក​បាន​ឱ្យ​ហើយ​ ​ខ្ញុំ​ប្រើ​វិធានការ​ក្តៅ​ ​»​។

​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​របៀង​ព្រំដែន​ភូមិ​ភិៈ ​លោក​ ​ទួន​ ​មេសា​ ​ដែល​អភិបាល​ខេត្ត​ព្រមាន​ចាប់ខ្លួន​នោះ​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះហៅ​ ​ក្នុង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ​ ​១​៥​ឆ្នាំ​។​ ​ក៏ប៉ុន្តែ​សំណុំរឿង​នេះ​ ​មានការ​ជួយ​អន្តរាគមន៍​​ពី​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ម្នាក់​ ​សម្របសម្រួល​ ​រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ផ្ដល់​សំណង​ជំងឺចិត្ត​ ​៦​លាន​រៀល​ (​៦​០​០​០​០​០​០​)​ ដល់​ក្រុម​គ្រួសារ​កុមារី​រងគ្រោះ​ដើម្បី​បញ្ចប់​បញ្ហា​ ​និង​ដក​ពាក្យបណ្តឹង​ចេញ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។