ពលរដ្ឋមួយចំនួននៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សោកសង្រេងចំពោះការស្លាប់លោក កែម ឡី ហើយទាមទារឲ្យសមត្ថកិច្ចវែកមុខអ្នកជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ មកផ្ដន្ទាទោសឲ្យបានឆាប់ ដើម្បីបញ្ចប់នូវវប្បធម៌រួចទោសនៅកម្ពុជា។ ការអំពាវនាវ គឺស្របពេលដែលពលរដ្ឋនៃខេត្តទាំងពីរជិត ១ពាន់នាក់ នាំគ្នាទៅចូលរួមដង្ហែសពលោក កែម ឡី។
ពលរដ្ឋតាមបណ្ដាស្រុកនៃខេត្តពោធិ៍សាត់ ប្រមាណ ២០០នាក់ និងនៅខេត្តកំពង់ឆ្នាំង ជិត ៧០០នាក់ បានចំណាយលុយកាក់ជួលឡាន ឬធនធានផ្ទាល់ខ្លួន ដើម្បីឡើងទៅរាជធានីភ្នំពេញកាលល្ងាចថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែកក្កដា។ ការឈ្មុសឈ្មុលឡើងទៅភ្នំពេញនេះ គឺក្នុងគោលបំណងចូលរួមដង្ហែសពលោក កែម ឡី ចេញពីភ្នំពេញទៅបញ្ចុះនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។
ពលរដ្ឋម្នាក់មកពីស្រុកបាកាន ខេត្តពោធិ៍សាត់ លោកស្រី ស៊ុក ងឿម មានប្រសាសន៍ថា រូបគាត់ និងពលរដ្ឋក្នុងឃុំរំលេច សរុប ១៩នាក់ បានចូលលុយគ្នាជួលឡានមួយគ្រឿងជិះទៅភ្នំពេញតាំងពីព្រឹកព្រលឹម ដោយក្នុងចិត្តអន្ទះសាចង់ឃើញមុខលោកបណ្ឌិត កែម ឡី ជាលើកចុងក្រោយ។ លោកស្រីថា ការបាញ់សម្លាប់អ្នកចេះដឹងម្នាក់នេះ មិនអាចបិទមាត់ពលរដ្ឋជាច្រើននាក់ទៀតមិនឲ្យនិយាយរឿងពិត និងអំពើអយុត្តិធម៌នៅក្នុងសង្គមនោះទេ៖ « ខ្ញុំអត់ខ្លាចទេ ! ដល់គាត់ស្លាប់អ៊ីចឹងទៅ រឹតតែឈឺចាប់ចង់ក្រោកឈរឡើងកុំឲ្យគេធ្វើយ៉ាងម៉េចស្រេចតែអំពើចិត្ដ។ ចង់បានឲ្យប្រជាពលរដ្ឋយើងសុខសន្តិភាព កុំឲ្យមានការកាប់សម្លាប់អ្នកចេះដឹងអ៊ីចឹង ព្រោះអីកម្រណាស់ខ្ញុំតាំងស្ដាប់ប៉ុស្តិ៍វិទ្យុ ដូចមិនដែលមានមនុស្សណាហ៊ាននិយាយដូចគាត់ទេ។ ខ្ញុំដូចថាចាប់អារម្មណ៍ចំពោះគាត់យ៉ាងខ្លាំង រកអីប្រៀបមិនបានទេ »។
ចំណែកស្ត្រីវ័យ ៤០ម្នាក់មកពីសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង លោកស្រី អ៊ូ សារីម ឲ្យដឹងថា ពលរដ្ឋជាច្រើននាក់រស់នៅក្នុងសង្កាត់របស់លោកស្រី ចង់ចូលរួមដង្ហែសពលោក កែម ឡី ប៉ុន្តែពួកគេមិនសូវមានលុយកាក់សម្រាប់ធ្វើដំណើរ និងចំណាយលើការហូបចុក ទើបបានត្រឹមនាំគ្នារួមចំណែកជាលុយកាក់តិចតួចតាមរយៈលោកស្រី ដើម្បីទៅចូលពិធីនេះ។ លោកស្រីអួលដើមក និងកាន់តែរន្ធត់ចិត្តខ្លាំងទៀត នៅពេលឃើញមនុស្សរាប់សែននាក់ចូលរួមដង្ហែសាកសពលោក កែម ឡី និងបង្ហាញការសោកស្ដាយចំពោះការបាត់បង់លោក កែម ឡី ដែលជាអ្នកចេះដឹង និងជួយប្រទេសជាតិ បែរជាត្រូវគេសម្លាប់ទៅវិញ៖ « គាត់បានសហការ និងរៃលុយឲ្យខ្ញុំមកជាតំណាងអ៊ីចឹងទៅណា ! ពលរដ្ឋទូទាំងប្រទេសដែលគាត់សោកស្ដាយលោកបណ្ឌិត កែម ឡី ក៏ដូចជារូបខ្ញុំជាពលរដ្ឋម្នាក់រស់នៅកម្ពុជា មានបំណងចង់លុបបំបាត់អំពើហិង្សា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ទាំងមូល។ ប្រទេសយើងសព្វថ្ងៃ គឺយើងខ្ញុំទាំងអស់គ្នាអត់ចង់ឃើញ អត់ចង់ស្គាល់ អត់ចង់ទទួលយកអីដូចជាបណ្ឌិត កែម ឡី ទៀតទេ។ ខ្ញុំចង់ផ្លាស់ប្ដូរពីរបបផ្ដាច់ការនេះឲ្យទៅជារបបប្រជាធិបតេយ្យពិតប្រាកដដូចជាប្រទេសក្នុងសកលលោកដែរ »។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងជាសកម្មជនគណបក្សសង្គ្រោះជាតិ លោក ដួង ចន្ដ្រា ឲ្យដឹងថា តាមបញ្ជីវត្តមានដែលក្រុមការងារលោកទទួលបាន គឺមានពលរដ្ឋ និងសកម្មជនមកពីក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង ចំនួន ៦៧៨នាក់ ក្នុងនោះស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ បានចូលរួមច្រើនជាងគេ។ ដោយឡែកនៅស្រុកកំពង់លែង មានអ្នកចូលរួមតិចតួច ដោយសារតែស្រុកនេះឋិតនៅឆ្ងាយឆ្លងទឹកទន្លេ ហើយកាណូតដចេញចោល៖ « ការចូលរួមនេះអត់មានគណបក្សរៀបចំទេ គឺដោយស្ម័គ្រចិត្ត ចំណាយធនធានផ្ទាល់ខ្លួនដើម្បីចូលរួម ដោយគាត់យល់ឃើញថា បណ្ឌិត កែម ឡី គឺវីរបុរសមួយដែលហ៊ានបញ្ចេញវាចាការពិតក្នុងសង្គមជាតិ ដើម្បីឲ្យពលរដ្ឋយើងគ្រប់គ្នា ថាតើសង្គមជាតិយើងដល់ដំណាក់កាលណាហើយ ? ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សសង្គ្រោះជាតិខេត្ត គ្រាន់តែសុំវត្តមានទេ ចង់ដឹងថាតើខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមប៉ុន្មាននាក់ »។
ចំពោះពិធីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលគេតម្កល់រូបថតនៅតាមទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ត្រូវបានបិទបញ្ចប់។ រយៈពេលជាង ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តពោធិ៍សាត់ មានមនុស្សចូលគោរពប្រមាណ ៧០០នាក់។ ចំណែកនៅខេត្តកំពង់ឆ្នាំង វិញ មានអ្នកចូលអុជធូបគោរពបូជាវិញ្ញាណក្ខន្ធលោក កែម ឡី ជាង ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។