ព្រះសង្ឃប្រមាណ ១០០អង្គ ប្រជាពលរដ្ឋ និងនិស្សិតជាង ១០០នាក់នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៤ កក្កដា រួមគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ទៅកាន់សុគតិភព ដែលប្រព្រឹត្តនៅវត្តកណ្ដាល ជាប់មាត់ស្ទឹងសង្កែ សង្កាត់រតនៈ ក្រុងបាត់ដំបង។ នៅក្នុងវិធីបុណ្យនេះ មានដាក់បញ្ចាំងស្លាយការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍អាស៊ីសេរី នៃពិធីហែសពលោកបណ្ឌិតពីរាជធានីភ្នំពេញ ទៅបញ្ចុះនៅខេត្តតាកែវ ឲ្យអ្នកដែលចូលរួមបានទស្សនា។
នៅក្នុងពិធីបុណ្យនោះ ប្រជាពលរដ្ឋរួមគ្នាចងកំណាត់សនៅក្បែរជញ្ជាំងសាលាធម្មសភា វត្តកណ្ដាល ដែលមានទំហំប្រហែលនឹងផ្ទាំងបញ្ចាំងកុនដែរ រួចនាំគ្នាអង្គុយទស្សនាទូរទស្សន៍អាស៊ីសេរី នៅលើកៅអីដោយទឹកមុខក្រៀមក្រំ។
អ្នកទស្សនាខ្លះ នៅពេលដែលមើលឃើញការដង្ហែសពលោកបណ្ឌិត កែម ឡី តាមដងផ្លូវ ពួកគាត់បានពិភាក្សាគ្នាថា សោកស្ដាយដែលបាត់បង់មនុស្សចេះដឹង ដែលជាអ្នកវិភាគដ៏កម្រនៅកម្ពុជា។
និស្សិតម្នាក់រៀននៅសាកលវិទ្យាល័យមួយនៅក្រុងបាត់ដំបង លោក និល តំណាង ថ្លែងពីទីកន្លែងរោងបុណ្យថា បើទោះជាលោកមិនបានទៅចូលរួមដង្ហែសពលោកបណ្ឌិតនៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែពួកគេបានរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកបណ្ឌិតដោយចិត្តក្ដុកក្ដួល និងជ្រះថ្លាស្រឡាញ់លោកបណ្ឌិត ពីព្រោះលោកជាអ្នកវិភាគហ៊ាននិយាយត្រង់ៗ និងជាគ្រូបង្រៀនដែលបានបង្រៀនពួកគេឲ្យធ្វើជាយុវជនល្អ ចេះសាមគ្គី និងចែករំលែកចំណេះដឹងរបស់ខ្លួនទៅដល់សាធារណជន ដែលជាប្រយោជន៍នៅក្នុងសង្គមជាតិ៖ « ខ្ញុំមកចូលរួមនេះ គឺជាការជូនដំណើរចុងក្រោយដាក់តម្កល់សពលោកបណ្ឌិតនៅភ្នំពេញ។ ម្យ៉ាងវិញទៀត ដើម្បីពញ្ញាក់ស្មារតីឲ្យនិស្សិត និងប្រជាពលរដ្ឋខ្មែរឲ្យចេះស្រឡាញ់អ្នកចេះដឹង ដើម្បីប្រទេសរីកចម្រើន »។
ប្រជាពលរដ្ឋចម្រុះវ័យដែលបានចូលរួមក្នុងពិធីបុណ្យនេះ ភាគច្រើនមានអារម្មណ៍ក្រៀមក្រំ និងក្ដុកក្ដួលក្នុងចិត្ត សោកស្ដាយលោកបណ្ឌិត កែម ឡី ដូចគ្នា។ អ្នកខ្លះគ្រាន់មកចូលប្រាក់ធ្វើបុណ្យ និងអុជធូប ហើយវិលត្រឡប់ទៅបំពេញការងារនៅឯផ្ទះវិញ។ ចំណែកឯពលរដ្ឋខ្លះទៀត មកចូលរួម និងមើលការដង្ហែសពលោកបណ្ឌិត តាមរយៈការចាក់បញ្ចាំងស្លាយរហូតដល់ចប់ពិធីបុណ្យ នៅវត្តវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ថ្ងៃទី២៤ កក្កដា។
ស្រដៀងគ្នា ព្រះសង្ឃដែលបានចូលរួមពិធីបុណ្យនៅវត្តកណ្ដាល ព្រះតេជព្រះគុណ ស៊ុន ស៊ីន មានថេរដីកាថា ពិធីបុណ្យនេះធ្វើឡើងដោយការរួមគំនិតគ្នារវាងព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ដែលធ្លាប់ជាកូនសិស្សរបស់លោកបណ្ឌិត។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា ក្នុងគោលបំណងដើម្បីជាការដឹងគុណដែលលោកធ្លាប់បង្រៀនកន្លងមក និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធលោកបណ្ឌិតទៅកាន់សុគតិភព៖ « កម្មវិធីរៀបចំពីរថ្ងៃ គឺកាលពីរសៀលថ្ងៃទី២៣ យើងបាននិមន្តព្រះសង្ឃចំនួន ៨៦អង្គសូត្រមន្ត និងមានសម្ដែងព្រះធម៌ទេសនានៅរសៀលថ្ងៃដដែល »។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងពិធីបុណ្យមានសមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលចូលសួរនាំ និងឃ្លាំមើលរហូតដល់ចប់កម្មវិធីបុណ្យ។
ព្រះសង្ឃ និងប្រជាពលរដ្ឋដែលចូលរួមពិធីបុណ្យ សម្ដែងការអាក់អន់ស្រពន់ចិត្តជាខ្លាំងនឹងអាជ្ញាធរដែលបានឃ្លាំមើលនេះ ថាជាទង្វើមួយមិនល្អ ដែលបង្កការរំខានដល់ដួងវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី៖ « យើងរស់នៅក្នុងប្រទេសប្រជាធិបតេយ្យ ប៉ុន្តែសមត្ថកិច្ចមកសួរនាំ។ អ៊ីចឹងហាក់បីដូចជាយើងខ្វះភាពកក់ក្ដៅក្នុងនាមជាប្រជាពលរដ្ឋខ្មែរ »។
ទាក់ទងនឹងបញ្ហានេះ អភិបាលក្រុងបាត់ដំបង លោក សៀង ឯមវូនស្សី មានប្រសាសន៍ថា អាជ្ញាធរក្រុងពុំបានបញ្ជូនមនុស្សទៅឃ្លាំមើល និងសាកសួរនៅក្នុងពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនោះទេ។ លោកបញ្ជាក់ថា សមត្ថកិច្ចដែលទៅឃ្លាំមើលនោះ ប្រហែលជាធ្វើឡើងក្នុងបំណងដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋទៅវិញទេ៖ « រឿងនេះវាមិនខុសច្បាប់ទេ តែគ្រាន់តែថា បើយើងធ្វើអីនៅក្រៅវត្តដែលមានការប្រមូលផ្ដុំមនុស្សច្រើន ត្រូវមានការសុំអនុញ្ញាតច្បាប់ ដើម្បីសមត្ថកិច្ចជួយសម្រួលចរាចរណ៍ និងសន្តិសុខជូន »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង ចាត់ទុកសមត្ថកិច្ចទៅឃ្លាំមើលប្រជាពលរដ្ឋធ្វើបុណ្យឧទ្ទិសកុសលជូនលោកបណ្ឌិត ជាចេតនាមួយបង្កការរំខានដល់ប្រជាពលរដ្ឋ។ លោកអះអាងថា ប្រជាពលរដ្ឋធ្វើបុណ្យនៅក្នុងវត្តតាមជំនឿព្រះពុទ្ធសាសនា ដោយពុំមានអ្វីខុសច្បាប់នោះទេ៖ « បាទ ! សមត្ថកិច្ចគួរតែផ្ដល់ឱកាសឲ្យពួកគាត់ធ្វើពិធីបុណ្យ ដើម្បីបញ្ចេញអារម្មណ៍រំលែកទុក្ខដល់អ្នកដែលស្លាប់ឲ្យបានស្រួលផង »។
បន្ទាប់ពីការក្ដុកក្ដួលសោកស្ដាយអាឡោះអាល័យវីរជនស្នេហាជាតិហើយ អ្នកចូលរួមពិធីបុណ្យស្នើឲ្យរដ្ឋាភិបាល ពន្លឿនស៊ើបអង្កេតចាប់ជននៅពីក្រោយនៃការសម្លាប់លោកបណ្ឌិត កែម ឡី យកមកផ្ដន្ទាទោសឲ្យបានឆាប់៖ « សូមឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីនេះប្រកបដោយយុត្តិធម៌ និងដោយមិនលម្អៀង។ យើងចង់ដឹងអ្នកនៅពីក្រោយខ្នង ដែលជួលឃាតកឲ្យមកសម្លាប់លោកបណ្ឌិត កែម ឡី។ សូមឲ្យរដ្ឋាភិបាលជួយស៊ើបអង្កេតរឿងនេះឲ្យអស់ពីចិត្ត ដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋ »។
អ្នកវិភាគសង្គមល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា។ រហូតមកទល់ពេលនេះ សមត្ថកិច្ចចាប់ឃាតកដៃដល់ម្នាក់ឈ្មោះ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិត អឿត អាង។ កាលពីថ្ងៃទី១៣ កក្កដា តុលាការបានចោទប្រកាន់ជនសង្ស័យរូបនេះចំនួនពីរបទចោទ គឺបទឃាតកម្មគិតទុកជាមុន និងកាន់អាវុធខុសច្បាប់ ដែលនឹងត្រូវជាប់ទោសអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា ពិតជាឃាតកប្រាកដមែន។
យ៉ាងនេះក្ដី មកទល់ពេលនេះ តុលាការមិនទាន់រកអ្នកនៅពីក្រោយខ្នងនៃការសម្លាប់នេះឃើញនៅឡើយ។ ទន្ទឹមនឹងនេះ ពលរដ្ឋទាមទារឲ្យអាជ្ញាធរបង្ហាញកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងលក់ទំនិញ ឬហៅថាម៉ាត នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលអាជ្ញាធរដកហូត ដើម្បីបង្ហាញឲ្យសាធារណជនបានឃើញពីសកម្មភាពបាញ់លោកបណ្ឌិត កែម ឡី និងចង់ដឹងថា តើឃាតកនោះមានគ្នាប៉ុន្មាននាក់ពិតប្រាកដ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។