ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ព្រមាន​តវ៉ា​រក​យុត្តិធម៌​ជូន​លោក កែម ឡី

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​បាត់ដំបង សោកស្ដាយ​អាឡោះអាល័យ​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី ថា​ជា​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ។ ពួក​គាត់​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ចាប់​អ្នក​នៅ​ពី​ក្រោយ​ខ្នង​មក​ផ្ដន្ទាទោស​ជា​ទម្ងន់ និង​ឆាប់​រហ័ស។

បើ​ទោះ​បី​ជា​ឃាតក​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទាំង​កណ្ដាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ក៏ដោយ​ចុះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង មិន​ជឿ​ថា​មាន​ជន​សង្ស័យ​តែ​ម្នាក់​ឯង​ឡើយ៖ « ខ្ញុំ​គិត​ថា ឃាតក​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ជា​ឃាតក​ដែល​គេ​រៀបចំ​ឡើង។ ខ្ញុំ​គិត​ការ​សម្លាប់​នេះ​ជា​ករណី​នយោបាយ ពីព្រោះ​លោក​បណ្ឌិត​ជា​មនុស្ស​ហ៊ាន​និយាយ​រិះគន់​ចំៗ​ទៅ​លើ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល »

ពលរដ្ឋ​នៅ​ខេត្ត​មួយ​នេះ មិន​ជឿ​ថា ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​ប្រាក់ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើយ ពីព្រោះ​ពួក​គាត់​បញ្ជាក់​ថា លោក​បណ្ឌិត​ជា​មនុស្ស​ចេះ​ដឹង​ជ្រៅជ្រះ និង​សុភាព​រាបសា ដែល​ជា​ទី​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​កម្ពុជា៖ « តើ​ឃាតក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ណា​ជាមួយ​លោក​បណ្ឌិត កែម ឡី ទៅ​ខ្ចី​លុយ​បាន ព្រោះ​ការ​ខ្ចី​លុយ​ទាល់​តែ​ស្គាល់​គ្នា​ច្បាស់ និង​មាន​ទំនុក​ចិត្ត ទើប​គេ​ហ៊ាន​ឲ្យ​លុយ​ខ្ចី។ ខ្ញុំ​អត់​ជឿ​ថា​លោក​បណ្ឌិត​ជំពាក់​លុយ​ឃាតក​នោះ​ទេ ព្រោះ​អី​ឃាតក​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ផង។ ខ្ញុំ​ថា​រឿង​នេះ គឺ​ជា​ការ​ឆ្លើយ​លាប​ពណ៌​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​បណ្ឌិត​ទេ »

អ្នក​ស្រុក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត វែក​មុខ​ចាប់​ជន​នៅ​ពី​ក្រោយ​ខ្នង មិន​ថា​ជន​នោះ​មាន​ឋានៈ​ធំ​ប៉ុនណា​ឡើយ គឺ​ត្រូវ​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​ឆាប់​រហ័ស៖ « ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​ឯករាជ្យ។ ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​ឃាតក​ដោយ​តម្លាភាព ដើម្បី​កុំ​ឲ្យ​មាន​ករណី​បែប​នេះ​ទៅ​លើ​អ្នក​ស្នេហា​ជាតិ​បន្ត​ទៀត។ ខ្ញុំ​ស្ដាយ​ស្រណោះ​គាត់​ណាស់ ព្រោះ​លោក​បណ្ឌិត​ជា​មនុស្ស​ចេះ​ដឹង​ជ្រៅជ្រះ និង​តែង​តែ​ចុះ​ជួយ​ផ្ដល់​គំនិត​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ ការ​បាត់បង់​លោក​បណ្ឌិត បីដូច​ការ​បាត់បង់​របស់​ដ៏​សំខាន់​របស់​ជាតិ​អ៊ីចឹង​ដែរ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​នឹង​ទន្ទឹង​រង់ចាំ​មើល​ចំណាត់​ការ​ពី​សំណាក់​រដ្ឋាភិបាល​បន្ត​ទៅ​ទៀត។ ពួក​គាត់​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ទេ នោះ​ពួក​គាត់​នឹង​រួម​កម្លាំង​គ្នា​តវ៉ា​រក​យុត្តិធម៌​ជូន​វីរជន​ឲ្យ​ទាល់​តែ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។