ថ្ងៃទី១៧ ខែកក្កដា គឺជាទី៨ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងតែពីឃាតកបានបាញ់សម្លាប់រូបលោកនៅក្នុងហាងទំនិញស្ដារម៉ាត (Star Mart) មួយកន្លែងនាទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា មក ធ្វើឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសោកស្ដាយ និងក្ដុកក្ដួល ហើយនាំគ្នាធ្វើដំណើរពីខេត្តនានាទៅចូលរួមរំលែកទុក្ខ ព្រមទាំងធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកស្ទើរតែគ្រប់ទីកន្លែង។
ប្រជាពលរដ្ឋជាង ១០០នាក់នៅកណ្ដាលក្រុងសំរោង នៃខេត្តឧត្តរមានជ័យ បានប្រមូលផ្ដុំគ្នាធ្វើពិធីបុណ្យតាមព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យទៅឲ្យវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា។
ពិធីបុណ្យដែលប្រារព្ធធ្វើឡើងនៅជិតផ្សារសំរោង កណ្ដាលទីរួមខេត្តឧត្តរមានជ័យ នោះ គឺប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃសូត្រធម៌ ព្រមទាំងប្រគេនចង្ហាន់ដោយវេរឧទ្ទិសជូនទៅដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់រយៈពេល ៧ថ្ងៃមកហើយ។
អ្នកផ្ដើមធ្វើពិធីបុណ្យនេះ គឺលោក យឹម សុខុន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ថា រូបលោក ព្រមទាំងក្រុមគ្រួសារយល់ថា លោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តខ្មែរមួយរូបដែលមានវីរភាពខ្ពង់ខ្ពស់ណាស់។ មរណភាពរបស់លោក គឺបានលះបង់ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិយ៉ាងធំធេង។ លោក យឹម សុខុន បញ្ជាក់ទៀតថា បន្ទាប់ពីលោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ គឺរូបលោក ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀតមានការសោកស្ដាយ ហើយគិតថាត្រូវតែធ្វើអ្វីមួយដើម្បីតបស្នងសងគុណ និងរំឭកដល់លោក កែម ឡី វិញ ក្នុងពេលដែលគាត់បែករហូតគ្មានថ្ងៃជួបវិញនេះ៖ « ក្រុមគ្រួសារខ្ញុំ និងបងប្អូន គាត់កាន់មរណទុក្ខរបស់លោក កែម ឡី ប៉ុន្តែមិនបញ្ចេញសកម្មភាពអ្វីទេ គ្រាន់តែកាន់ទុក្ខក្នុងចិត្ត ហើយគ្រួសារខ្ញុំ ព្រមទាំងប្រជាពលរដ្ឋខ្លះនៅខេត្តឧត្តរមានជ័យ គឺបានធ្វើបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី »។
ប្រភពពីប្រជាពលរដ្ឋខ្លះក្នុងខេត្តឧត្តរមានជ័យ ឲ្យដឹងថា ចាប់តាំងតែពីលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏មានប្រជាប្រិយ ត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា មក គឺប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងៗហាក់ហ៊ានចេញមុខសម្ដែងមរណទុក្ខ និងធ្វើពិធីបុណ្យដោយចំហ ក៏ប៉ុន្តែនៅខេត្តឧត្តរមានជ័យ មិនមានពលរដ្ឋណាហ៊ានចេញមុខចំហទេ ពីព្រោះមានអ្នកចាំតាមដាន ហើយគាបសង្កត់។
ប្រជាពលរដ្ឋម្នាក់រស់នៅក្រុងសំរោង ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា មានប្រជាពលរដ្ឋជាច្រើនបានស្គាល់លោក កែម ឡី តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក។ ពួកគេស្រឡាញ់ និងគោរពលោក កែម ឡី ហើយនៅពេលដែលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់ គឺពួកគេសោកស្ដាយ និងក្ដុកក្ដួល តែមិនហ៊ានធ្វើបុណ្យឧទ្ទិសកុសលជាចំហជូនវិញ្ញាណក្ខន្ធរបស់លោកទេ គឺមានតែធ្វើចង្ហាន់យកទៅវត្ត និងលួចឧទ្ទិសកុសលជូនដោយស្ងាត់ៗក្នុងចិត្ត៖ « អាឡោះអាល័យណាស់ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច ការនៅឆ្ងាយហើយក៏ការនៅព្រំដែននេះ មានខ្លះទៅវត្ត ហើយបួងសួងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក កែម ឡី ទៅ »។
ពលរដ្ឋខ្លះអះអាងថា នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនខ្មែរ-ថៃ គឺមានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធខ្លះ ក៏សម្ដែងការក្រៀមក្រំ និងសោកស្ដាយលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់នោះដែរ ក៏ប៉ុន្តែមន្ត្រីទាំងនោះមិនហ៊ានចូលរួមសម្ដែងមរណទុក្ខជាចំហទេ ពីព្រោះគេខ្លាចថ្នាក់លើស្ដីបន្ទោស។
ទោះយ៉ាងណា អាជ្ញាធរខេត្តឧត្តរមានជ័យ បានអះអាងថា គេមិនដែលបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យធ្វើបុណ្យឧទ្ទិសកុសល និងចូលរួមមរណទុក្ខរបស់លោកបណ្ឌិត កែម ឡី នោះទេ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា រឿងដែលប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានអាជ្ញាធរណាអាចរារាំងឡើយ។ ក៏ប៉ុន្តែលោក ស ថាវី យល់ថា ប្រសិនបើប្រជាពលរដ្ឋចង់ធ្វើបុណ្យឧទ្ទិសកុសលនោះ គួរតែសុំច្បាប់ ឬក៏ឲ្យអាជ្ញាធរបានដឹង ដើម្បីឲ្យសមត្ថកិច្ចបានរៀបចំសណ្ដាប់ធ្នាប់ ព្រមទាំងការពារសន្តិសុខជូន៖ « បើកាលណាមិនសុំច្បាប់ វាធ្វើឲ្យមានការជ្រួលច្របល់មួយដែរ។ ទី១ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ ទី២ បើសិនជាជូនដំណឹងទៅអាជ្ញាធរ អាចការពារសន្តិសុខជូន »។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋខ្លះរស់នៅក្នុងទីរួមខេត្តឧត្តរមានជ័យ នាំគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយសារតែគាត់ស្រឡាញ់ ហើយយល់ថាលោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តខ្មែរមួយរូបដែលបានធ្វើការងារជាច្រើនសម្រាប់ផលប្រយោជន៍មនុស្សទូទៅ និងប្រទេសជាតិ។
លោក ស្រី ណារ៉េន បញ្ជាក់ថា តាមលោកទៅឃ្លាំមើលពិធីបុណ្យដែលប្រជាពលរដ្ឋធ្វើដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី គឺពិតជាបង្ហាញឲ្យឃើញនូវទឹកចិត្តស្រឡាញ់ មិនមែនជាការកេងយកចំណេញខាងនយោបាយអ្វីទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។