ប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង បន្តចូលទៅអុជធូបនៅមុខរូបសំណាកលោកបណ្ឌិត កែម ឡី ដែលបានដាក់តាំងនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិតទៅកាន់សុគតិភព។
រូបសំណាកលោកបណ្ឌិត កែម ឡី ដែលធ្វើឡើងដោយវិចិត្រករសូនរូបម្នាក់ដែលជាសមាជិកគណៈកម្មការប្រតិបត្តិគណបក្សប្រឆាំងនៅខេត្តបាត់ដំបង ផងនោះ បានដាក់តាំងឲ្យប្រជាពលរដ្ឋអុជធូបគោរពវិញ្ញាណក្ខន្ធនៅមុខទីស្នាក់ការគណបក្សនេះជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៥ កក្កដា មក។
ពលរដ្ឋមួយចំនួនរស់នៅក្រុងបាត់ដំបង ប្រាប់អាស៊ីសេរី ក្រោយពីអុជធូបគោរពដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅមុខរូបសំណាកនាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ កក្កដា ថា មូលហេតុដែលពួកគាត់អុជធូបដោយយល់ឃើញថា លោកបណ្ឌិតជាវីរជនស្នេហាជាតិ ដែលចេះវិភាគមានមូលដ្ឋានច្បាស់លាស់ ពន្យល់ដល់ប្រជាពលរដ្ឋឲ្យដឹងខុសដឹងត្រូវនៃការអភិវឌ្ឍនៅក្នុងសង្គមជាតិ។ ពួកគាត់បញ្ជាក់ថា ចាប់តាំងពីឃាតកសម្លាប់លោកបណ្ឌិតមក នៅមិនទាន់អស់អាឡោះអាល័យក្ដុកក្ដួលសោកស្ដាយវីរជនស្នេហាជាតិបណ្ឌិត កែម ឡី នៅឡើយ៖ « ខ្ញុំនៅនឹកឃើញគាត់រាល់ថ្ងៃ ព្រោះខ្ញុំធ្លាប់ស្ដាប់លោកបណ្ឌិតនិយាយតាមវិទ្យុអាស៊ីសេរី។ នឹកគុណគាត់ឲ្យកូនចៅសាក្រោយធ្វើយកគំរូតាមគាត់ ដូចពាក្យបណ្ដាំរបស់គាត់និយាយថា ជូតទឹកភ្នែកហើយដើរទៅមុខបន្តទៀត »។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍ថា រូបសំណាកនេះដាក់បង្ហាញក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋអុជធូបគោរពវិញ្ញាណក្ខន្ធជូនដល់លោកបណ្ឌិត ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ និងមានមនុស្សចូលទៅអុជធូបប្រមាណពី ២០នាក់ទៅ ៥០នាក់ក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណា លោកអះអាងថា ប្រជាពលរដ្ឋដែលចូលទៅអុជធូបភាគច្រើនជាសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំណែកឯពលរដ្ឋទូទៅមានតិចតួច៖ « បាទ ! ការធ្វើរូបសំណាកនេះជាគំនិតផ្ដួចផ្ដើមរបស់ប្រធានក្រុមការងារគណបក្សខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋអ្នកដែលស្រឡាញ់លោកបណ្ឌិត កែម ឡី បានគោរពវិញ្ញាណក្ខន្ធនៅទីស្នាក់ការគណបក្សតែម្ដង »។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង បញ្ជាក់ថា ការដាក់តាំងរូបសំណាកលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមល្បីឈ្មោះ ឲ្យប្រជាពលរដ្ឋអុជធូបគោរពវិញ្ញាណក្ខន្ធ គឺជារឿងល្អមួយសម្រាប់សង្គមជាតិ ពីព្រោះលោកយល់ថា ការងារនេះមិនប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសឡើយ៖ « បើយើងឃើញថា គាត់ជាមនុស្សល្អហើយ យើងគួរតែធ្វើអ្វីមួយជូនដល់លោកបណ្ឌិត ដើម្បីឲ្យយុវជនជំនាន់ក្រោយធ្វើអំពើល្អដើរតាមគន្លងរបស់គាត់ »។
រូបសំណាកលោកបណ្ឌិត កែម ឡី ដែលដាក់តាំងឲ្យប្រជាពលរដ្ឋគោរពនោះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ ជារូបត្រឹមក ធ្វើអំពីជ័រកៅស៊ូ។ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា រូបសំណាកនេះនឹងយកទៅដាក់តម្កល់ឲ្យប្រជាពលរដ្ឋដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី អុជធូបគោរពវិញ្ញាណក្ខន្ធនៅវត្តសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។