ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ប្រតិកម្មយ៉ាងខ្លាំងក្នុងរយៈពេល ២ថ្ងៃមកនេះ បន្ទាប់ពីអង្គភាពព័ត៌មានជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់ថា ជនជាប់ចោទក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺជាមន្ត្រីបរិស្ថានមក។ ប្រតិកម្មនេះបានឆ្លើយតបជាផ្លូវការ ដោយការសរសេរជាលាយលក្ខណ៍អក្សរផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។
មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប បានបដិសេធយ៉ាងដាច់អហង្ការថា បុរសឈ្មោះ អឿត អាង ដែលជាជនជាប់ចោទក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនមែនជាមន្ត្រីបរិស្ថានរបស់រដ្ឋាភិបាល ហើយក៏មិនមែនជាមន្ត្រីរបស់មន្ទីរបរិស្ថានខេត្តសៀមរាប ដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប គឺលោក ភួង លីណា។ លោកអះអាងកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ថា លោកមានការសោកស្ដាយចំពោះបណ្ដាញព័ត៌មានជាច្រើនដែលបានផ្សព្វផ្សាយថា ជនសង្ស័យដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគបញ្ហាសង្គម កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនោះ គឺជាមន្ត្រីបរិស្ថាន។
លោក ភួង លីណា បញ្ជាក់ថា តាមសម្លៀកបំពាក់ឋានន្តរសក្ដិ និងសញ្ញាដែលបុគ្គលនោះ យកទៅប្រើប្រាស់ គឺមិនមែនជាឯកសណ្ឋានមន្ត្រីបរិស្ថានរបស់រដ្ឋាភិបាលឡើយ ហើយក្របខ័ណ្ឌនៅក្នុងខេត្តសៀមរាប ក៏មិនមានដែរ៖ «ឥឡូវនេះខ្ញុំសូមឱ្យខាងព័ត៌មានផ្សេងៗ គាត់យល់ បើមិនអ៊ីចឹងទេ គឺគាត់នៅតែគិតថា អ្នកនោះជាមន្ត្រីបរិស្ថាន»។
កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានសរសេរលិខិតបដិសេធជនសង្ស័យនោះ ដោយផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានផង។
ការស្រាវជ្រាវបានរកឃើញថា បុរសឈ្មោះ អឿត អាង ជាជាប់ចោទក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះអង្គការការពារបរិស្ថាន និងអភិវឌ្ឍន៍។
អង្គការនេះធ្លាប់មានទីស្នាក់ការនៅជិតសាលាបឋមសិក្សាមុខនាគនៃសង្កាត់គោកចក ក្រុងសៀមរាប។ ក៏ប៉ុន្តែអង្គការនេះបានឈប់ជួលផ្ទះដាក់ទីស្នាក់ការ ព្រមទាំងដកស្លាកសញ្ញាទៅបាត់តាំងតែពី ២ខែមុនម្ល៉េះ ហើយបច្ចុប្បន្ន ទីស្នាក់ការរបស់អង្គការនេះមិនដឹងជានៅទីណាច្បាស់លាស់នៅឡើយ។
អង្គការការពារបរិស្ថាន និងអភិវឌ្ឍន៍ គឺមានបុគ្គលិកជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការពារព្រៃឈើ ដោយមិនមានប្រាក់ខែទេ។ ចំណែកបុរសឈ្មោះ អឿត អាង ជាជាប់ចោទក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺជាមន្ត្រីនៃអង្គការនេះម្នាក់ដែលទទួលការងារនៅស្រុកអង្គរជុំ ភាគខាងលិចនៃទីរួមខេត្តសៀមរាប។
ប្រភពព័ត៌មានពីបុរសឈ្មោះ អ៊ុំ អឿង ដែលជាអ្នករួមការងារជាមួយជនសង្ស័យឱ្យដឹងថា គាត់ខានជួបបុរសឈ្មោះ អឿត អាង រយៈពេលប្រហែល ១ខែទៅហើយ មិនដឹងជាទៅទីណា ក៏ប៉ុន្តែប្រហែលជា ៦ថ្ងៃមុនពេលដែលកើតហេតុបាញ់សម្លាប់លោក កែម ឡី នោះ គឺលោកធ្លាប់បានទទួលទូរស័ព្ទពីឈ្មោះ អឿត អាង ដែលប្រាប់ថា គេនៅភ្នំពេញ ហើយបានការងារថ្មីធ្វើជាទាហានដោយបានទទួលប្រាក់ខែ ៣០០ដុល្លារអាមេរិកក្នុង ១ខែ៖ «ខ្ញុំក៏ថាអើ! បានការងារល្អណាស់ ហើយរកចែកគ្នាឱ្យធ្វើផង ខ្លាចក្រែងចាស់ទៅចូលនិវត្តន៍បានប្រាក់ខែស៊ី»។
ទោះជាយ៉ាងណា លោក អ៊ុំ អឿង មិនដឹងថា ជនជាប់ចោទ អឿត អាង នោះបានទៅធ្វើទាហានក្នុងអង្គភាពណា ហើយអ្នកណាជាអ្នកដែលនាំទៅធ្វើទាហាននោះទេ។
លោក អ៊ុំ អឿង គ្រាន់តែគិតស្មានថា ជនជាប់ចោទ អឿត អាង ទំនងជាស្គាល់មនុស្សនៅឯទីក្រុងភ្នំពេញ កាលពីនៅបួសជាព្រះសង្ឃ ពីព្រោះកាលណោះជនសង្ស័យឧស្សាហ៍ឡើងចុះទៅភ្នំពេញ ដើម្បីបិណ្ឌបាតសម្ភារៈ និងបច្ច័យផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។