បញ្ហាសុវត្ថិភាព និងសន្តិសុខសង្គមនៅកម្ពុជា ជាបញ្ហាមួយដែលពលរដ្ឋកម្ពុជា នៅតែព្រួយបារម្ភ។ ដោយឡែកខាងអាជ្ញាធរអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមានសន្តិសុខល្អ។
ប្រជាពលរដ្ឋមួយចំនួនដែលចូលរួមពិធីបុណ្យខួប ១០០ថ្ងៃរបស់បណ្ឌិត កែម ឡី នៅវត្តចាស់ រាជធានីភ្នំពេញ នៅតែបង្ហាញក្ដីព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព និងសន្តិសុខ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ការថ្លែងអំពីក្ដីព្រួយបារម្ភនេះ គឺទាក់ទងនឹងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី ទាំងថ្ងៃ ហើយនៅកណ្ដាលក្រុងភ្នំពេញ កាលពីខែកក្កដា។
ពលរដ្ឋអ្នកខេត្តតាកែវ មួយរូបឈ្មោះ សុខ ខុំ មានប្រសាសន៍នៅឯពិធីបុណ្យខួប ១០០ថ្ងៃរបស់បណ្ឌិត កែម ឡី ថ្ងៃទី១៥ តុលា ថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី ទាំងថ្ងៃនៅកណ្ដាលក្រុង ធ្វើឲ្យលោកព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខកាន់តែខ្លាំង។
លោកយល់ថា ឃាតកម្មនេះ មិនបង្ហាញពីនៅកម្ពុជា ថា មានសន្តិសុខសង្គមពេញលេញសម្រាប់ពលរដ្ឋទូទៅទេ៖ «ចំពោះមតិរបស់ខ្លួនខ្ញុំផ្ទាល់ សន្តិសុខរបស់យើងរីកចម្រើនតែមួយជ្រុងប៉ុណ្ណឹងឯង។ តែមតិភាគច្រើន វណ្ណៈកសិករភ័យខ្លាច គឺគ្មានទ្រព្យធនដូចវណ្ណៈអភិជននឹងគេទេ។ មួយជ្រុងមានតែ ១០ ទៅ ២០ភាគរយប៉ុណ្ណឹងទេ ដែលមានអំណាច មានលុយ ដែលមានឆន្ទៈការពារបុគ្គលនិយម។ បុគ្គលទូទៅ គឺគ្មាន»។
ទាក់ទងនឹងឃាតកម្មបណ្ឌិត កែម ឡី នេះដែរ ពលរដ្ឋនៅខេត្តកណ្ដាលលោកស្រី កៅ ញ៉ មានប្រសាសន៍ថា លោកស្រីមិនទុកចិត្តបានទេ រឿងសុវត្ថិភាព និងសន្តិសុខនៅក្នុងសង្គមបច្ចុប្បន្ននេះ៖ «យល់ថា អត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋទេ។ រាស្ត្រមិនគួរទុកចិត្ត ដូចថា យើងឃើញហើយ ប្រជារាស្ត្រសព្វថ្ងៃ ដូចថា អត់មានរឿងអីផង»។
ប្រជាពលរដ្ឋដទៃទៀត ត្អូញត្អែរអំពីបញ្ហាអសន្តិសុខនៅក្នុងភូមិឃុំរបស់ខ្លួន ព្រោះតែមានអំពើលួចប្លន់កើតមានជាហូរហែ ជាពិសេស ពួកគាត់បារម្ភជាងគេ គឺបញ្ហាឃាតកម្ម។ បញ្ហាជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជនកាន់តែមានច្រើនឡើងៗ។
ក្រោយការបាញ់ស្លាប់បណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម នៅខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សន្តិសុខផ្ទៃក្នុងប្រទេសកំពុងជួបបញ្ហា ហើយលោកបញ្ជាឱ្យសមត្ថកិច្ចចាត់វិធានការឲ្យបានឆាប់ មុននឹងហួសពេល ដោយលោកប្រើពាក្យថា បិទក្រោលសេះ មុនពេលដែលសេះចេញ៖ «ដូច្នេះ ទាមទារនូវការបើកយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីពង្រឹងសន្តិសុខ របស់យើងឡើងវិញ ដែលទាមទារនូវការចាត់វិធានការនូវការប្រឆាំងនឹងឃាតកម្ម ការប្លន់ប្រដាប់អាវុធ និងត្រូវការពារប្រជាជនគ្រប់គ្នា មិនថា អ្នកនយោបាយ ធុរជន ឬប្រជាជននោះទេ»។
ថ្វីបើលោកនាយករដ្ឋមន្ត្រីថ្លែងថា សន្តិសុខផ្ទៃក្នុងប្រទេសកំពុងជួបបញ្ហា ហើយពលរដ្ឋបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋានក្ដី ក៏អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន ថ្លែងក្នុងពិធីបិទវគ្គបំប៉នកម្លាំងនគរបាល អំពីជំនាញការពារទប់ទល់បាតុកម្ម នៅខេត្តកំពង់ស្ពឺ ថ្ងៃទី២២ កញ្ញាថា កម្លាំងនគរបាលជាតិ កំពុងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ៖ «រាល់ថ្ងៃកងកម្លាំងនគរបាលរួមចំណែកយ៉ាងសកម្មជាមួយកងយោធពលខេមរៈភូមិន្ទ ជាមួយកម្លាំងអនុវត្តច្បាប់ដទៃទៀត ការពាររាជរដ្ឋាភិបាល ការពារប្រជាពលរដ្ឋ អនុវត្តភូមិឃុំមានសុវត្ថិភាព យើងធ្វើបានល្អណាស់។ អ៊ីចឹងខ្ញុំលើកទឹកចិត្តឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងការងារបង្កើនសមត្ថភាព ឆ្លងកាត់ការហ្វឹកហាត់»។
ចំណោទពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខនៅក្នុងប្រទេស ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា បញ្ហាមួយផ្នែកគឺជាបញ្ហានយោបាយ ហើយមួយផ្នែកទៀត បណ្ដាលមកពីកម្លាំងនគរបាលមិនគ្រប់គ្រាន់។ ដូចគ្នានេះដែរ កាលពីថ្ងៃទី៩ តុលា ក្រសួងមហាផ្ទៃចាប់ផ្ដើមប្រឡងជ្រើសរើសបេក្ខជនជាង ៤ពាន់នាក់ ដើម្បីឲ្យចូលបម្រើក្របខ័ណ្ឌនគរបាលជាតិ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ឯម សំអាន ថ្លែងពេលបើកវិញ្ញាសាប្រឡងនគរបាល នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ តុលា នោះថា កម្លាំងនគរបាលទាំងនេះ គឺដើម្បីធានាសន្តិសុខសង្គម៖ «និយាយមែនទែនទៅ ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមទាំងអស់គ្នា ទាំង ២០ខេត្តក្រុងនៅទូទាំងប្រទេស ដើម្បីប្រឡងជ្រើសរើសបក្ខជនថ្មីចូលជានគរបាលជាតិក្នុងក្របខ័ណ្ឌ ២១ខេត្ត ដើម្បីធានានូវសន្តិសុខ សន្តិភាព និងសុវត្ថិភាពសង្គម»។
ទោះជានៅក្រោយឃាតកម្មបណ្ឌិត កែម ឡី អាជ្ញាធរចាត់ទុកស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៅក្នុងសង្គមមានបញ្ហាផង និងល្អផងក្ដី ក៏នៅពីយប់ថ្ងៃទី៦ ខែកញ្ញា មានករណីផ្ទុះគ្រាប់បែកមួយគ្រាប់ នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ការផ្ទុះនេះ បានបណ្ដាលឲ្យមនុស្សមួយចំនួនរងរបួស។ ជនជាប់សង្ស័យ ៨នាក់ ត្រូវបាននគរបាលចាប់ខ្លួន។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បញ្ជាក់ថា ករណីនេះជាករណីគំនុំបុគ្គល៖ «អ៊ីចឹងខ្ញុំគ្រាន់តែជម្រាបថា ករណីប៉ុនប៉ងធ្វើឃាតនេះ ហើយនឹងការរៀបចំគម្រោងមនុស្សឃាត ដោយមានការគ្រោងទុកជាមុននេះ គឺបង្កើតឡើងដោយសារគំនុំ។ រហូតមកដល់ថ្ងៃទី២០ គិតទៅ! ២ សប្ដាហ៍គត់។ លទ្ធភាពតែ ១៤ថ្ងៃទេ យើងបំបែកករណីបាន ហើយយើងចាប់ជនសង្ស័យបានរហូតដល់ ៨នាក់។ អ៊ីចឹង ជនដែលគេចខ្លួន នៅសល់តិចតួចបំផុត»។
ស្របពេលដែលលោកមានមោទនភាពក្នុងការបំបែកសំណុំរឿងបោកគ្រាប់បែកនេះបានលឿនក្ដី ក៏ទាំងខាងនគរបាលនៅថ្នាក់រាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ មិនទាន់បានបង្ហាញព័ត៌មានពិស្ដារដល់សាធារណជនអំពីករណីបាញ់សម្លាប់បណ្ឌិត កែម ឡី ឲ្យបានឆាប់ដូចករណីបោកគ្រាប់បែកនេះទេ។ ជនជាប់ចោទដែលឲ្យឈ្មោះខ្លួនឯងថា ជួប សម្លាប់ អះអាងថា ខ្លួនជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី នៅកន្លែងលក់កាហ្វេ ក្នុងហាងចាក់សាំងកាល់តិច បូកគោ កាលពីថ្ងៃទី១០ ខែកក្កដា។
នគរបាលរាជធានីភ្នំពេញ បានបង្ហាញជនសង្ស័យឈ្មោះ ជួប សម្លាប់ ភ្លាមៗ ក្រោយឃាតកម្មលើបណ្ឌិត កែម ឡី ប៉ុន្តែចាប់តាំងពីពេលនោះមក នគរបាល និងតុលាការ នៅមិនទាន់បង្ហាញដល់សាធារណជននូវព័ត៌មានផ្សេងទៀត ទាក់ទងនឹងជនជាប់ចោទ ដែលកំពុងជាប់ឃុំនេះឡើយ។ អ្វីដែលកាន់តែចម្លែកនោះ គឺជនជាប់ចោទក្នុងកម្រិតទោសឧក្រិដ្ឋនេះ នៅមិនទាន់មានមេធាវីដែលកំណត់ដោយច្បាប់នៅឡើយទេ។ ទាំងគ្រួសាររបស់បណ្ឌិត កែម ឡី និងសាធារណជន កំពុងទន្ទឹងរង់ចាំដោយទទូចឲ្យអាជ្ញាធរបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ដែលមាននៅក្នុងហាងកាល់តិចនោះ។
លោកស្រី ភន ផល្លី ជាពលរដ្ឋនៅរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកស្រីនៅតែឆ្ងល់អំពីកាមេរ៉ាសុវត្ថិភាពនៅហាងកាល់តិចនោះ៖ «ម្នាក់ៗ ដូចជាគ្មានសង្ឃឹមថា មានសុវត្ថិភាពទេ។ ថ្ងៃក្រោយមិនដឹងស្លាប់នរណាទៀតទេ។ ដូចជា ពិសិដ្ឋ ពីលីកា បាញ់គ្នាកណ្ដាលក្រុង ដូច ទូច ស្រីនិច បាញ់គ្នាកណ្ដាលក្រុងទៀត រកឃាតកអត់ឃើញទេ។ ឃាតកបាញ់ហើយបាត់មាត់ឈឹង ហើយប្រជាជនផ្អើលតែមួយថ្ងៃទេ ឈឹង។ ដល់ពេលសម្លាប់លោក កែម ឡី ប្រជាជនស្ទុះស្ទាទាំងអស់គ្រប់ខេត្តគ្រប់ប្រទេស សស្រាក់សស្រាំមកសោកស្ដាយអាណិតអាសូរជាទីបំផុត ហើយអាក្នុងស្តារម៉ាត កាមេរ៉ា គេអត់មានចាប់ឲ្យប្រជាជន បើកបញ្ចាំងឲ្យមើល អត់ទៀត»។
ករណីឃាតកម្មលើបណ្ឌិត កែម ឡី រហូតមកដល់ពេលនេះ គឺមានរយៈពេលជាង ៣ខែហើយ។ យុត្តិធម៌សម្រាប់ករណីនេះ នៅមិនទាន់មានពន្លឺនៅឡើយ ហើយភរិយារបស់បណ្ឌិត កែម ឡី បានភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។