ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដែលមានការដង្ហែកាត់សពបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ កក្កដា នេះ ត្រូវបានបិទទ្វារ។
បុគ្គលិកនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ដោយសំមិនបញ្ចេញអត្តសញ្ញាណ ថា ការបិទស្ថានីយប្រេងឥន្ធនៈដែលគាត់ធ្វើការ គឺដោយសារមានការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រោយពីមានការរិះគន់ពីពលរដ្ឋ ចំពោះការបិទស្ថានីយប្រេងឥន្ធនៈតាមដងផ្លូវដង្ហែសពនេះ លិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ ចេញថ្ងៃទី២៤ កក្កដា ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី២៤ កក្កដា ពីការណែនាំរបស់ខ្លួនទៅកាន់អាជ្ញាធរខណ្ឌទាំង៨ ឲ្យផ្អាកអាជីវកម្មហ្គាស និងប្រេងឥន្ធនៈ នៅតាមផ្លូវនេះ។
លិខិតនេះបន្តថា ការណែនាំឲ្យផ្អាកអាជីវកម្មនេះ ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីដង្ហែសពលោក កែម ឡី។
ប៉ុន្តែបើទោះជាមានការណែនាំពីសាលាក្រុងក្ដី ក៏ឃើញនៅមានស្ថានីយប្រេងឥន្ធនៈមួយចំនួន នៅតាមដងផ្លូវនោះ បន្តបើកលក់ជាធម្មតា។
នៅថ្ងៃនេះ សពលោក កែម ឡី ត្រូវបានដង្ហែដើម្បីយកទៅបញ្ចុះនៅស្រុកកំណើតលោក ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយចេញដំណើរពីវត្តពោធិយារាម ហៅវត្តចាស់ តាំងពីម៉ោង៧ព្រឹកមក។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។