ក្រុមកម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញរាប់រយនាក់ បន្តរារាំងដោយបិទផ្លូវគ្រប់ច្រកល្ហក មិនឱ្យក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ជាង ១រយនាក់ ឈរលើកបដា និងតវ៉ាដោយសន្តិវិធីនៅក្បែរអគារក្រុមហ៊ុនឡើយនៅថ្ងៃទី១២ កក្កដា។ ក្រុមសហជីព លើកឡើងថា ករណីវិវាទការងារដ៏រ៉ាំរ៉ៃនេះ អាជ្ញាធរក្រុងភ្នំពេញកំពុងឈរកាងការពារថៅកែយ៉ាងពេញទំហឹង។ ពួកគាត់ថា បើរដ្ឋាភិបាលនៅតែគ្មានភាពច្បាស់លាស់ដោះស្រាយវិវាទការងារនេះ ក្រុមសហជីពគ្រោងជួបជុំគ្នា ដើម្បីចូលរួមតវ៉ាទ្រង់ទ្រាយធំជាមួយក្រុមកូដករ។
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញរាប់រយនាក់ បន្តពង្រាយកម្លាំងដាក់រនាំងបិទផ្លូវមិនឱ្យក្រុមកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍អាចទៅធ្វើកូដកកម្មដោយសន្តិវិធី ទាមទារដំណោះស្រាយការងារនៅក្បែរអគារក្រុមហ៊ុនឡើយនៅថ្ងៃទី១២ កក្កដា។ ក្រៅពីនេះ ក្រុមកូដករ ថាក្រុមអ្នកសារព័ត៌មានឯករាជ្យ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏ត្រូវបានសមត្ថកិច្ចរារាំងបណ្តេញចេញ មិនឱ្យចូលឃ្លាំមើល ឬយកព័ត៌មាននៅកន្លែងកូដករធ្វើកូដកម្មឡើយ។
ក្រុមកូដករចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថាការពារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ពេញទំហឹង និងប្រើប្រាស់ថវិការជាតិខ្ជះខ្ជាយដើម្បីពង្រឹងអយុត្តិធម៌ក្នុងសង្គម។
កូដករម្នាក់លោកស្រី ម៉ម សុវឌ្ឍិន ហៅអាទីន ប្រាប់វិទ្យុអាស៊ីសេរីថា ទីតាំងបរិវេណមួយចំនួននៅក្បែរអគារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍បានជាកន្លែងទីស្នាក់ការរបស់អាជ្ញាធរដើម្បីដាក់កម្លាំងត្រៀមរារាំងក្រុមកូដករជាប្រចាំ។ លោកស្រី យល់ថាវិវាទការងារនេះបើអាជ្ញាធរ និងក្រសួងការងារមានឆន្ទៈឈរនៅចំណុចកណ្ដាល និងយកច្បាប់ការងារមកដោះស្រាយវិវាទការងារនេះ នឹងអាចបញ្ចប់បានដោយអាចទទួលបានគ្រប់ភាគី។ ប៉ុន្តែ លោកស្រីថា បើអាជ្ញាធរនៅតែជំហការពារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ដូចសព្វថ្ងៃនេះ ថៅកែបនល្បែងមួយនេះនឹងអាចមានឱកាសរំលាយសហជីពឯករាជ្យ ហើយអ្នកដែលទទួលរងអយុត្តិធម៌ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាពលរដ្ឋខ្មែរ៖ « រឿងហ្នឹង វាជារឿង អាម៉ាស់របស់អាជ្ញាធរ ព្រោះក្រុមកូដករ ធ្វើអ្វីដែលត្រឹមត្រូវ ដែលមានចែកនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ ប៉ុន្តែពួកគាត់ [ អាជ្ញាធរ ] បំពានច្បាប់ ហើយពួកគាត់ អត់ខ្មាសគេទេ។ ពួកគាត់យកទ្រូង ពួកគាត់ហ្នឹងមកបាំងជំនួសគេ ទាំងដែលវិវាទហ្នឹង ជាវិវាទការងារ។ ពួកគាត់ត្រូវនៅចំណុចកណ្តាលតែអត់នៅកណ្តាលផង។ គាត់ទៅកាងថៅកែបរទេសដែលមិនមែនជាជនជាតិខ្មែរខ្លួនឯងអ៊ីចឹង។ សោកស្តាយ ហើយពួកគាត់អស់តម្លៃដោយសារតែគាត់ហ្នឹងយកខ្លួនទៅពាក់ព័ន្ធទៅកាងឱ្យថៅកែណាហ្កាវើលដ៍ អស់តម្លៃអាលីងហ្មង។ ខ្មែរខ្លួនឯងអត់មានជាតិនិយមអីតិចសោះហ្មង » ។
ទន្ទឹមគ្នានេះដែរ ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ដែលឃ្លាំមើលការធ្វើកូដកម្មនេះពីដំបូងមក ថ្លែងថា អាជ្ញាធរក្រុងភ្នំពេញហាក់ជួយជ្រំជ្រែងក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងតែងតែដាក់កម្លាំងបង្ក្រាបក្រុមកូដករយ៉ាងទៀងទាត់ ដែលជាហេតុនាំឱ្យវិវាទការងារនេះបន្តអូសបន្លាយពេល។ បន្ថែមពីនេះ អ្នកស្រីលើកឡើងថា ការបន្តចោទប្រកាន់លាបពណ៌ទាំងគ្មានមូលដ្ឋាន ពីសំណាក់ស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនជាហូរហែកន្លងមកនេះ គ្រាន់តែជាចេតនាអាក្រក់ ដើម្បីដាក់បន្ទុកលើក្រុមកូដករ និងលេសដើម្បីកំចាត់កូដករ ព្រមទាំងសមាជិកសហជីព ដទៃទៀតចេញពីក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ។ អ្នកស្រីថា ក្រុមកូដករមិនត្រូវបានអាជ្ញាធរដឹកទៅទម្លាក់នៅជាយក្រុងភ្នំពេញដូចសព្វដងនោះទេ៖ « ភ្នាក់ងាររដ្ឋរបស់យើងហ្នឹងឯង បង្កបរិយាកាសអំណោយផលទៅឱ្យវិស័យឯកជន ឬក៏ថៅកែណាហ្កាវើលដ៍ហ្នឹង កាន់តែព្រងើយកន្តើយការដោះស្រាយ ហើយតាមរយៈការជួយជ្រំជ្រែងទាំងពីកម្លាំង ជួយជ្រំជ្រែងទាំងពីលិខិតបែបបទផ្សេងៗចេញពីក្រសួងការងារទៀត។ យើងមើលរូបភាពទាំងអស់ហ្នឹងហើយដែលមើលឃើញថាអំណាចរបស់ណាហ្គាវើលដ៍ គឺកើតពីអ្នកដែលក្រសួងការងារហើយ និងសាលាក្រុងហ្នឹងតែម្តងជួយចេញមុខចេញមាត់ ដោះស្រាយបញ្ហាបង្ក្រាបរំលាយសហជីពឱ្យបានរបស់កម្មករនយោជិកហ្នឹងឯង » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បីសាកសួរបញ្ហានេះបានទេនៅថ្ងៃទី ១២ កក្កដា។
ប៉ុន្តែ មន្រ្តីអាជ្ញាធររដ្ឋាភិបាលតែងតែចោទប្រកាន់ក្រុមកូដករ ថាក្រុមធ្វើបាតុកម្មខុសច្បាប់។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមធ្វើកូដកម្មដើម្បីទាមទារសិទ្ធិសេរីភាពការងារតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមកម្មករចោទថា ថៅកែក្រុមហ៊ុនបនល្បែងដ៏ធំជាងគេនៅកណ្តាលក្រុងភ្នំពេញនេះ បានកេងប្រវ័ញ្ច រំលោភបំពានសិទ្ធកម្មករ ព្រមទាំងមានចេតនាលុបបំបាត់សំឡេងសហជីពឯករាជ្យក្នុងកន្លែងការងារ។ ប៉ុន្តែ មកដល់ពេលនេះ ទោះបីជាក្រុមកូដករបានស្វះស្វែងរកកិច្ចអន្តរាគមន៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងស្ថាប័នរដ្ឋសភា ក្ដី ក៏រដ្ឋាភិបាលនៅតែមិនអើពើចេញមុខដោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរ៉ៃនេះដែរ។ ជាងនេះទៀត ការចេញតវ៉ារបស់ក្រុមកូដករនារយៈកន្លងមកនេះ តែងតែត្រូវកម្លាំងអាជ្ញាធរដាក់ចំណាត់ការបង្រ្កាបយ៉ាងទៀងទាត់ រហូតដល់មានការប្រើអំពើហិង្សាទៅលើកូដករម្នាក់បណ្តាលឱ្យរលូតកូនក្នុងផ្ទៃកាលពីពេលថ្មីៗនេះ។
ក្រៅពីនេះ ថ្វីដ្បិតតំណាងក្រុមហ៊ុន និងតំណាងភាគីកម្មករ បានចរចារជាច្រើនលើកច្រើនសារ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារក្ដី មកដល់ពេលនេះនៅតែមិនទាន់ទទួលបានលទ្ធជាវិជ្ជមានណាមួយនៅឡើយ។ ជាពិសេស ថ្មីៗ ទោះបីជាក្រុមកម្មករជាង ៣រយនាក់ (៣០០) ដែលកំពុងបម្រើក្នុងវិស័យបនល្បែងនេះ ព្រមដោះដូរជាមួយ សមាជិកសហជីពជាង ២០០នាក់ឱ្យចូលធ្វើការងារវិញយ៉ាងក្ដី ក៏ភាគីក្រុមហ៊ុននៅតែបន្តបដិសេធក្រោមហេតុផលថាចំនួនកម្មករមានចំនួនលើសតម្រូវការ។
ជុំវិញរឿងនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មើលឃើញថា អាជ្ញាធរ ជាពិសេសក្រសួងការងារមិនមានចេតនាក្នុងការដោះស្រាយវិវាទការងារនេះឡើយ។ ក្រៅពីនេះ លោករិះគន់ថា ការដាក់ចេញកម្លាំងសមត្ថកិច្ចរារាំងបំបិទសិទ្ធក្រុមកូដករមិនឱ្យតវ៉ារកដំណោះស្រាយជាបន្តបន្ទាប់មកនេះ នឹងជះផលអាក្រក់ទៅកាន់អ្នកដឹកនាំប្រទេសបន្ថែមទៀត។
លោក រ៉ុង ឈុន ឱ្យដឹងទៀតថា បើរដ្ឋាភិបាល ជាពិសេស ក្រសួងការងារនៅតែគ្មានវិធានច្បាស់លាស់ ឬបង្ហាញចេតនាណាមួយដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធីទេនោះ សហភាពសហជីពកម្ពុជា និងក្រុមសហជីពដៃគូរសហការច្រើនវិស័យទៀតគ្រោងជួបជុំគ្នាទ្រង់ទ្រាយធំ ដើម្បីចេញរួមតវ៉ា និងលើកទឹកចិត្តដល់ក្រុមកូដករណាហ្គាវើលដ៍៖ « ប្រើវិធីគំរាម វិធីចាប់ដាក់គុកស្អីៗ មិនមែនអាចបំបាក់ទឹកចិត្តស្មារតីរបស់ប្រជាពលរដ្ឋខ្មែរបានដែរ។ បើសិនជាកាន់តែគាប កាន់តែរឹតបន្តឹងនៅថ្ងៃណាមួយវានឹងមានការផ្ទុះឡើងទ្រង់ទ្រាយធំ។ ហ្នឹងវានឹង កើតមានហើយ ពីព្រោះមនុស្សយើងមិនមែនចេះតែនៅស្ងៀមឱ្យធ្វើការគាបសង្កត់ធ្វើការជិះជាន់សព្វបែបយ៉ាងនោះទេ។ តែទៅដល់ដំណាក់កាលណាមួយត្រូវរើបម្រាស់ខ្លាំងៗឡើងហើយ » ។
ទោះជាយ៉ាងណា ក្រុមកូដករថា ពួកគាត់នៅតែប្តេជ្ញាថា នឹងនៅតែមានឆន្ទៈរួមគ្នាបន្តការចេញតវ៉ា ដើម្បីទាមទារឱ្យថៅកែក្រុមណាហ្គាវើលដ៍បញ្ឈប់ការរើសអើងសហជីព និងទទួលយកបុគ្គលចំនួនជាង២០០នាក់ចូលធ្វើការងារវិញ បើទោះបីជាអាជ្ញាធរដាក់កម្លាំងបង្ក្រាប និងរារាំងពួកគាត់យ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។