ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅតែមានអារម្មណ៍ក្ដុកក្ដួល សោកស្ដាយលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម ហើយត្រូវឃាតកបាញ់សម្លាប់។ រយៈពេល ៣ថ្ងៃមកហើយ ចាប់តាំងពីមានដំណឹងមរណភាពរបស់លោក កែម ឡី មក គឺប្រជាពលរដ្ឋតាមហាងកាហ្វេ និងតាមទីសាធារណៈនានា តែងប្រមូលផ្ដុំគ្នាតាមដានព័ត៌មានជុំវិញរឿងនេះពីទូរស័ព្ទដៃ (Smart Phone) តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ពលរដ្ឋមួយចំនួនដែលរស់នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ ក្នុងបំណងចង់មើលមុខរបស់លោកបណ្ឌិត កែម ឡី ចុងក្រោយ នៅមុនពេលដែលសាកសពរបស់លោកត្រូវក្រុមគ្រួសារយកទៅបញ្ចុះ។
មរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម ដែលពលរដ្ឋអះអាងថា មានភាពដ៏ច្បាស់លាស់ ហើយត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ បានធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋនៅខេត្តឆ្ងាយៗ ទោះធ្លាប់ស្គាល់ និងមិនធ្លាប់ជួបមុខក្ដី មានការសោកស្ដាយព្រមទាំងក្ដុកក្ដួលយ៉ាងខ្លាំង។
ស្ត្រីម្នាក់ជាពលរដ្ឋនៅក្នុងទីរួមខេត្តសៀមរាប ក្នុងចំណោមពលរដ្ឋជាច្រើនទៀត។ គាត់មានប្រសាសន៍កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ទាំងអួលដើមកជាមួយនឹងទឹកភ្នែករលីងរលោងថា គាត់មិនធ្លាប់បានជួបមុខលោក កែម ឡី ផ្ទាល់ទេ គឺគាត់គ្រាន់តែបានស្ដាប់សំឡេងដែលនិយាយពីបញ្ហាសង្គមខ្មែរ តាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ហើយគាត់មានចិត្តស្រឡាញ់ ព្រមទាំងទទួលស្គាល់លោក កែម ឡី ថា ជាបញ្ញវន្តខ្មែរស្នេហាជាតិមួយរូបដែលមិនងាយរកបាន។
ស្ត្រីដដែលបញ្ជាក់ថា ពេលនេះគាត់ហាក់ដូចគ្មានព្រលឹង និងកម្លាំងទេ បន្ទាប់ពីបានដឹងថា លោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់៖ «មានការសោកស្ដាយខ្លាំងបំផុតនៅពេលដែលឭថា គេបាញ់គាត់ស្លាប់។ វាហាក់ដូចជាបាត់បង់វត្ថុដ៏មានតម្លៃមហាសាលរបស់ប្រទេសខ្មែរ»។
ស្ត្រីម្នាក់ទៀតនៅទីរួមខេត្តសៀមរាប ដែរ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា លោកបណ្ឌិត កែម ឡី ថ្វីដ្បិតតែមិនដែលឱ្យអ្វីមករូបគាត់ ក៏ប៉ុន្តែពាក្យសម្ដីរបស់លោក កែម ឡី ដែលគាត់តែងតែស្ដាប់ឭគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់រូបគាត់ និងប្រទេសជាតិទាំងមូល៖ «ខ្ញុំមួម៉ៅក្នុងចិត្ត ខ្ញុំចង់ឡើងទៅភ្នំពេញ ពីព្រោះខ្ញុំនៅមិនសុខទេ។ ខ្ញុំតាមដានស្ដាប់គាត់និយាយរាល់ គឺគាត់មិនឱ្យអ្វីខ្ញុំហូបទេ ប៉ុន្តែគាត់ជួយជាតិរបស់ខ្ញុំ»។
ចំណែកលោក ស៊ឹម សោភ័ណ ជាប្រជាពលរដ្ឋ ១រូប នៅស្រុកក្រឡាញ់ ឱ្យដឹងថា រូបលោក គឺជាកូនសិស្សរបស់លោក កែម ឡី។ មុនពេលដែលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់គឺបានបង្ហាត់បង្រៀនរូបលោក ឱ្យចេះដឹងជាច្រើន៖ «ខ្ញុំជឿថា អ្នកដែលសម្លាប់ហ្នឹងក៏មិនអាចរស់បានយូរទេ គឺប្រាកដជាស្លាប់យ៉ាងវេទនា»។
មិនមែនតែប្រជាពលរដ្ឋនៅខេត្តសៀមរាប ប៉ុណ្ណោះទេ ដែលមិនធ្លាប់ស្គាល់មុខលោក កែម ឡី សោះ ប៉ុន្តែសម្ដែងការក្ដុកក្ដួលនៅពេលដែលលោក កែម ឡី ត្រូវគេបាញ់សម្លាប់ សូម្បីតែប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ដែលជាតំបន់ចុងកាត់មាត់ញក ក៏មានអារម្មណ៍ក្រៀមក្រំដូចគ្នាដែរ។
ក្នុងចំណោមមន្ត្រីរាជការខ្លះ ថ្វីត្បិតតែមិនហ៊ានសម្ដែងក្ដុកក្ដួលជាចំហចំពោះមរណភាពរបស់លោកបណ្ឌិត កែម ឡី ក៏ប៉ុន្តែគេបានខ្សឹបខ្សៀវប្រាប់គ្នាថា ពួកគេក្ដុកក្ដួលយ៉ាងខ្លាំង មិនខុសពីប្រជាពលរដ្ឋដែលស្រែកទ្រហោយំនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។