សិស្សនិស្សិតនៅតាមខេត្តមួយចំនួន បានបោះបង់ការសិក្សាជាបន្តបន្ទាប់ដោយសារជីវភាពខ្វះខាត។ ពួកគាត់ភាគច្រើនបោះបង់ ការសិក្សានៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បីទៅធ្វើការងាររោងចក្រ និងខ្លះទៀតទៅធ្វើការ នៅប្រទេសថៃ រកលុយ ដោះបំណុលធនាគារក្នុងគ្រួសារ។
ខណៈ មន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបញ្ជូនកូនៗឱ្យទៅរៀននៅសាលាល្អៗ និងនៅក្រៅប្រទេស សិស្សនិស្សិតខ្លះនៅតាមជនបទ ស្ទើរតែគ្មានឱកាសរៀនសូត្រ ដោយសារជីវភាពខ្វះខាត។ ចំណែកសិស្សខ្លះទៀតបង្ខំចិត្តបោះបង់ការសិក្សាទាំងវ័យក្មេង ដើម្បីទៅរកការងារធ្វើ និងខ្លះទៀត ចំណាកស្រុកទៅប្រទេសថៃ ទាំងអាយុពុំទាន់គ្រប់។
យុវតីរស់នៅឃុំផ្គាំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កញ្ញា ថាំង ស៊ីឡុង បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ នៅឆ្នាំនេះ ដោយសារតែជីវភាពខ្វះខាត។ កញ្ញាធ្លាប់មានក្ដីស្រមៃ ចង់បន្តការសិក្សា នៅ សាកលវិទ្យាល័យ ដើម្បីរកចំណូលជួយគ្រួសារ ក៏ប៉ុន្តែ ដោយសារតែគ្រួសារខ្វះខាតខ្លាំង និងជំពាក់បំណុលធនាគារច្រើន ដូច្នេះ កញ្ញាបោះបង់ការសិក្សា ទៅធ្វើការនៅប្រទេសថៃ ទាំងចិត្តកំពុងចង់រៀន។
កញ្ញា ថាំង ស៊ីឡុង៖ «ចំណាកស្រុកមកប្រទេសថៃ គឺដោយសារតែពុកម្ដាយខ្ញុំគាត់ជំពាក់ បំណុលធនាគារ។ អ៊ីចឹងគាត់មានលទ្ធភាព ឱ្យនាងខ្ញុំបន្តការសិក្សាទៀតទេ។ រូបនាងខ្ញុំ និងក្មេងមួយចំនួនបញ្ឈប់ការសិក្សា មកធ្វើការ ឬចំណាកស្រុកនៅប្រទេសថៃ ដើម្បីរកលុយសង់បំណុល»។
អំឡុងពេលស្ថានភាពសេដ្ឋកិច្ចគ្រួសារកំពុងជួបវិបត្តិ កញ្ញា ថាំង ស៊ីឡុង ឱ្យដឹងថា រយៈពេល៤ ទៅ៥ខែចុងក្រោយ នេះ ប្រជាពលរដ្ឋភាគច្រើននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានជីវភាពខ្វះខាត បានបង្ខំឱ្យកូនឈប់រៀនជាបន្តបន្ទាប់ ដើម្បីឱ្យទៅធ្វើការនៅប្រទេស ថៃទាំងវ័យក្មេង ដែលមាន អាយុ១៦ ទៅ២០ឆ្នាំ។
រីឯ យុវតី ម្នាក់ទៀត កញ្ញា តាំង អីម រស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ កញ្ញាក៏បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ ត្រឹមឆ្នាំទី២ ដោយសារតែជីវភាពខ្វះខាត ។ កញ្ញាថា ឈប់រៀនទៅរកការងារធ្វើ ដើម្បីជួយដោះស្រាយបំណុលគ្រួសារ។
កញ្ញា តាំង អីម៖ «គោលដៅរបស់ខ្ញុំ ពុំដែលបានគិតថា នឹងបញ្ឈប់ត្រឹមនឹងទេ។ ព្រោះអីសម្រាប់ខ្ញុំផ្ទាល់ បានប្រឹងរៀនតាំងពីបាត់ដៃទទេ។ និយាយទៅតាំងពីតូចមក ខ្ញុំធ្វើអីក៏ធ្វើដែរ ឱ្យតែបានលុយមករៀន ហើយមកដល់ថ្នាក់វិទ្យាល័យខ្ញុំ អត់មានលុយក្នុងខ្លួនទេ។ ពេលរៀនកួរ ខ្ញុំតែងតែសំពះសុំគ្រូ ប៉ុន្តែមកដល់ពេលនេះខ្ញុំទៅលែងរួចហើយ ក៏ឈប់រៀនតែម្ដង»។
យុវតី តាំង អីម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យគិតគូរពី ទុក្ខលំបាក ពលរដ្ឋ ដែលកំពុងជួបបញ្ហាជីវភាព។ កញ្ញាបន្តថា យុវជននៅស្រុកតាំងគោកមួយចំនួន បានបោះបង់ការសិក្សា ត្រឹមអាយុ១៥ ទៅ១៨ឆ្នាំ ទៅធ្វើការរោងចក្រ នៅភ្នំពេញខ្លះ និងតាមបណ្ដាខេត្តមួយចំនួន។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក កាន់ ពុទ្ធី និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ខែឧសភា។
ទោះជាយ៉ាងណា មន្ត្រីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ករណីពលរដ្ឋជំពាក់បំណុលធនាគារប៉ះពាល់ការសិក្សា របស់កុមារនិងយុវជន អ្នកពាក់ព័ន្ធ កំពុងដោះស្រាយដោយការទទួលខុសត្រូវ ជាបន្តបន្ទាប់។
កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការ សេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍ សិក្សាមួយបង្ហាញថា រយៈពេល៥ឆ្នាំ ចុងក្រោយពលរដ្ឋ កម្ពុជាជិត ១៧ម៉ឺន (១៦៧.០០០)នាក់ រងគ្រោះពីបំណុលបែបកេងប្រវ័ញ្ច ហើយពួកគេលក់ដី ដើម្បីសងបំណុលទាំងនោះ។
ដោយឡែក គ្រូបង្រៀនភាសាខ្មែរ នៅខេត្តកំពង់ស្ពឺ លោក អៀង ឈុន លីស បានបង្ហោះសារ លើហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៣ ខែឧសភា ថា សិស្សខ្លះ បានឈប់រៀនទាំងអាយុ១៤ឆ្នាំ ដើម្បីទៅធ្វើការរោងចក្រ ជួយដោះស្រាយបំណុលគ្រួសារ។ លោកបន្តថា ក្នុងនាមជាគ្រូ ពុំចង់ឃើញទិដ្ឋភាពទាំងនេះបន្តកើតមាននៅក្នុងសង្គមខ្មែរទេ។ លោកក៏បានចោទជាសំណួរថា ហេតុអ្វីកូនអ្នកក្រចង់រៀន តែគ្មានឱកាស? ហេតុអ្វី កូនអ្នកធូរធារខ្លះខ្ជិលរៀន?
ទាក់ទិនរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែឧសភា ថា ករណីសិស្សនិស្សិតបោះបង់ការសិក្សាដោយសារជីវភាពខ្វះខាត គឺ ជារឿងពិត ដែលកំពុងកើតឡើង ស្ទើរគ្រប់ទីកន្លែង ស្របពេលដែលរដ្ឋាភិបាលពុំបានយកចិត្តទុកដាក់ ។ លោកស្រីបន្តថា បញ្ហាទាំងនេះអាជ្ញាធរពាក់ព័ន្ធ គួរតែដោះស្រាយ ឱ្យបានសមស្រប បើពុំនោះទេ នឹងប៉ះពាល់ដល់ធនធានមនុស្សនៅក្នុងសង្គម។
លោកស្រី អ៊ុក ឆាយាវី៖ «អ្វីដែលរដ្ឋាភិបាលត្រូវដោះស្រាយ គឺពន្យារពេលបង់ធនាគារ រយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំ ដើម្បីឱ្យពួកគាត់បានដកដង្ហើមស្រួល អត់សូវខ្វល់ខ្វាយ ហើយសិស្សានុសិស្ស គាត់ប្រឹងប្រែងរៀនសូត្រ មានការងារធ្វើរកលុយជួយគ្រួសារគាត់»។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា រយៈពេលជាច្រើនខែមកនេះ វិស័យមីក្រូហិរញ្ញវត្ថុបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជាក់ស្ដែង មន្ត្រីឥណទានខ្លះ បង្ខំពលរដ្ឋឱ្យលក់ដី។ ចំណែក ការជំពាក់បំណុលបានជំរុញកុមារ ផ្អាកការសិក្សាទៅធ្វើការងារដើម្បីរកប្រាក់ដោះបំណុលជាដើម។
កាលពីខែសីហា ឆ្នាំ២០២៣ អង្គការលីកាដូ (Licadho) និងអង្គការសមធម៌កម្ពុជាសិក្សារួមគ្នារកឃើញគ្រួសារមួយចំនួនក្នុងខេត្តកំពង់ស្ពឺជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ កាន់តែច្រើនឡើង។ ជាក់ស្ដែង នៅខេត្តនេះលើស ពី៨០ភាគរយ ជំពាក់បំណុលធនាគារយ៉ាងតិច ១ស្ថាប័ន ក្នុងនោះពលរដ្ឋ ២ភាគ៣ អះអាងថា ពួកគេជាប់បំណុល ធ្ងន់ធ្ងរលើសពីលទ្ធភាពនៃការសងត្រឡប់។
ប្រជាពលរដ្ឋ និងមន្ត្រី សង្គមស៊ីវិល សង្ឃឹមថារដ្ឋាភិបាល ដែលដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងពិចារណាឡើងវិញ ក្នុងការដោះស្រាយបញ្ហា ជីវភាព ជូនពលរដ្ឋឱ្យបានល្អប្រសើរ។ ពួកគាត់ថា កាលណាបើជីវភាពល្អប្រសើរការជំរុញ និងលើកទឹកចិត្ត ដល់កុមារ និងយុវជនឱ្យរៀនសូត្រ ក៏កាន់ច្រើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕