ថៃ​បាន​សង្គ្រោះ​អ្នកនេសាទ​ខ្មែរ​ម្នាក់​ដែល​លិច​ទូក​ដោយ​ខ្យល់​ព្យុះ ក្នុង​ឈូងសមុទ្រ​ថៃ

ពលករ​នេសាទ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ទូក​ថៃ​ជួយ​សង្គ្រោះ​ជីវិត បន្ទាប់​ពី​ទូក​របស់​គាត់ បាន​លិច​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​ភាគ​ខាងត្បូង ក្នុង​ខេត្ត​សុង​ក្លា (Song Khla) ដោយសារ​ខ្យល់ព្យុះ ហើយ​គាត់​អណ្ដែត​ក្នុង​សមុទ្រ​ជាមួយ​នឹង​សាកសព​ពលករ​នេសាទ​បី​នាក់​ទៀត ដែល​គាត់​បាន​ចងភ្ជាប់​នឹង​ខ្លួន​ដោយ​ខ្សែពួរ​កុំ​ឲ្យ​បែក​គ្នា។ ហេតុការណ៍​លិច​ទូក​នេះ កើត​ឡើង​កាលពីថ្ងៃទី១៨ ខែធ្នូ កាលពី​ចុង​សប្ដាហ៍​មុន។

ពលករ​នេសាទ​ខ្មែរ​ដែល​រងគ្រោះ​នោះ មាន​ឈ្មោះ សៀ សយ ភេទប្រុស។ គាត់​បាន​អណ្ដែត​នៅ​ក្នុង​ទឹក​ប្រមាណ​៣០ម៉ោង​មុន​ពេល​ដែល​ទូក​នេសាទ​ផ្សេង​ទៀត​ទៅ​ជួយ​សង្គ្រោះ​គាត់ហើយ​ប្រគល់​ឲ្យ​កងទ័ព​ជើង​ទឹក​ថៃ​នាំ​គាត់​មក​ដីគោក​វិញ។ ទូក​ល្បាត​កងទ័ពជើងទឹក​ថៃ បាន​បញ្ជូន​លោក សៀ សយ និង​សាកសព​៣នាក់​ទៀត ទៅ​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​ខេត្ត​សុង​ក្លា(Song Khla) កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ។

កាសែត​ថៃ ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​ប៉ូលិស​ថៃ ថា ទូក​ដែល​លិច​នោះ មាន​កម្មករ​នេសាទ​ថៃ​ពីរ​នាក់ និង​កម្មករ​នេសាទ​ខ្មែរ​ម្នាក់​ស្លាប់ ហើយ​កម្មករ​នេសាទ​ថៃ​ម្នាក់​ទៀត​បាត់​ខ្លួន។ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ នៅថ្ងៃទី២៤ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​លើ​ទូក​នេសាទ​ថៃ គឺ​ប្រឈម​គ្រោះថ្នាក់​ជាង​ការងារ​ផ្សេង​ទៀត ទាំង​អាយុជីវិត ការ​បង្ខំ​ឲ្យ​ធ្វើការ មិន​បើក​ប្រាក់ខែ​ឲ្យ ឈឺ​មិន​ទទួល​បាន​ការ​ព្យាបាល និង​ពេល​ទៅ​ប្ដឹង​ពី​ថៅកែ​ថៃ​ពី​ការ​រំលោភ​បំពាន​មិន​ទទួល​បាន​យុត្តិធម៌​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ណែនាំ​ពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ បើ​ពួកគាត់​ធ្វើ គួរតែ​មាន​ច្បាប់​ការពារ នៅ​ពេល​ពលករ​ខ្មែរ​ជួប​គ្រោះថ្នាក់ និង​រង​ការ​បំពាន​កម្លាំង​ពលកម្ម៖

«ជា​រួម​រដ្ឋាភិបាល​ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ព្រោះ​ពលរដ្ឋ​ដែល​ចំណាក​ស្រុក​ទៅ​ស្រុក​គេ​ថា យល់​ល្អ​គឺ​មិន​ត្រូវ​រក​ជម្រើស​ធ្វើការ​លើ​ទូក​ទេ អា​ហ្នឹង​ទី​មួយ​ណា ផ្សព្វផ្សាយ​ធ្វើ​ម៉េច​ឲ្យ​គាត់​យល់​ដឹង​អំពី​គ្រោះថ្នាក់ ឬ​មហន្តរាយ​នៃ​ការងារ​លើ​ទូក។ ទី​ពីរ ត្រូវតែ​បង្កើត​យន្តការ​ក្នុង​ការ​ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​គាត់​មាន​បញ្ហា»។

កាលពីឆ្នាំ២០២០ កន្លងទៅ ក៏​ធ្លាប់​មាន​ពលករ​ខ្មែរ ដែល​ចុះ​ទូក​នេសាទ​នៅ​សមុទ្រ​ថៃ ហើយ​ទូក​នោះ​បាន​ផ្ទុះ​ឆេះ​លិច​ទៅ​ក្នុង​សមុទ្រ បន្ទាប់​មក​ក៏​មាន​ពលករ​ខ្មែរ​ម្នាក់​អណ្ដែត​ក្នុង​សមុទ្រ​អស់​បួន​ថ្ងៃ បួន​យប់ ប៉ុន្តែ​គាត់​បាន​រួច​ជីវិត​ពី​ឧបទ្ទវហេតុ​នោះ​ដែរ ដោយសារ​តោង​ភី​ដុង​ទឹក និង​មាន​ទូក​នេសាទ​ទៅ​ជួយ​ទាន់​ពេល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។