អាជ្ញាធរថៃបន្តកាត់ផ្ដាច់បណ្ដាញអ៊ីនធឹណិត និងរាំងខ្ទប់សេវាទូរស័ព្ទតភ្ជាប់ចូលទៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដោយសារអាជ្ញាធរថៃចោទថា ទីនោះជាសម្បុករបស់មេឧក្រិដ្ឋជន ដែលតែងតែឆបោកពលរដ្ឋថៃតាមអ៊ីនធឹណិត។ អ្នកឃ្លាំមើលរបស់កម្ពុជាយល់ឃើញថា រដ្ឋាភិបាលថៃហាក់មានឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ជាងរដ្ឋាភិបាលកម្ពុជា ដែលប្ដេជ្ញាតែមាត់។
ខណៈមេដឹកនាំកម្ពុជា ទើបតែគ្រោងបង្កើតគណៈកម្មការ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឹណិតនោះ រដ្ឋាភិបាលថៃឯនេះវិញ កំពុងតែបង្កើនប្រតិបត្តិការ បោសសម្អាតឧក្រិដ្ឋកម្មឆបោកឆ្លងដែនកាន់តែខ្លាំងជាងមុន ទាំងនៅព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា (Myanmar) និងព្រំដែនកម្ពុជា។
នៅក្នុងប្រតិបត្តិការពិសេសមួយ ដែលមានឈ្មោះថា អារញ្ញ ៦៨ សៀល បរឌ័រ «Aran 68 Seal Border» អាជ្ញាធរថៃបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឹណិតល្បឿនលឿនចំនួន ៤ទីតាំង ដែលតភ្ជាប់ទៅកាន់អាគារនៅលើទឹកដីកម្ពុជា ដែលអាជ្ញាធរថៃចោទថា គឺជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ រួមមាន អាគារ ២៥ជាន់ អាគារ ១៨ជាន់ អាគារ ៣ជាន់ និងអាគារភោជនីយដ្ឋាន ហាយសូ ស្កាយបារ (Hi-So Sky Restaurant&Bar)។
អាគារទាំងនេះមានទីតាំងស្ថិតនៅក្នុងបរិវេណ កាស៊ីណូក្រោន(CROWN CASINO) របស់លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។
អត្ថបទដែលទាក់ទង៖
ករណីជនបរទេសមកធ្វើការនៅក្រុងប៉ោយប៉ែត ដែលបានស្លាប់ មានចំនួនកាន់តែច្រើន
តំបន់អគារបនល្បែងកាស៊ីណូនៅកម្ពុជាហាក់ក្លាយជាទីកន្លែងពេញនិយមឆក់យកជីវិតជនបរទេស
សមត្ថកិច្ចក្រុងប៉ោយប៉ែតនៅមិនទាន់ចុះបង្ក្រាបអគារឆបោកតាមអនឡាញ ដែលប៉ូលិសថៃរកឃើញទេ
មិនមែនតែសេវាអ៊ីនធឹណិត
ក្រៅពីកាត់ផ្ដាច់អ៊ីនធឹណិត អាជ្ញាធរថៃបានកាត់ផ្ដាច់សេវាទូរស័ព្ទ នៅតាមបង្គោលអង់តែនមួយចំនួន ដែលមានកម្ពស់ខ្ពស់ និងបញ្ជូនរលកសញ្ញាហួសចូលទឹកដីកម្ពុជាដល់ទៅជាង ១គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ អាជ្ញាធរថៃបានត្រួតពិនិត្យ និងបិទប្រតិបត្តិការ ចំពោះស៊ីមកាតទូរស័ព្ទណា ដែលមានប្រតិបត្តិការមិនច្បាស់លាស់ និងមិនបានចុះឈ្មោះ ក្រោយពីរកឃើញករណីឧក្រិដ្ឋជនឆបោកតាមអនឡាញ បានយកស៊ីមទូរស័ព្ទរបស់ក្រុមហ៊ុនទូរគមនាគមន៍ថៃ យកមកប្រើប្រាស់ក្នុងប្រតិបត្តិការឆបោកតាមអនឡាញ។
នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរថៃ ក៏បានរកឃើញជនជាតិថៃជាច្រើននាក់ ត្រូវបានឧក្រិដ្ឋជនល្បួង និងខ្លះទៀតជាអ្នកស៊ីឈ្នួល បានយកឯកសារ និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនទៅបង្កើតគណនីធនាគារខុសច្បាប់ ឱ្យឧក្រិដ្ឋជនឆបោកយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការផ្ទេរហិរញ្ញវត្ថុ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា លោក កុក អាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែកុម្ភៈ។
ការឆ្លើយតបរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា
កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃ មិនពាក់ព័ន្ធនឹងកម្ពុជាទេ ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតដែរ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើសេវាអ៊ីនធឹណិត និងសេវាទូរស័ព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាប័ណ្ណស្របច្បាប់។
ក្រសួងបញ្ជាក់ថា កាលពីពេលកន្លងមក ក្រសួងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ចំពោះការលួចដំឡើងបណ្ដាញទូរគមនាគមន៍ខុសច្បាប់ នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែន ដូចជា ការស្ថាបនាបណ្ដាញខ្សែកាបអុបទិកក្នុងប្រទេស និងឆ្លងដែនដោយគ្មានអាជ្ញាប័ណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន (Fake BTS) និងការលួចប្រើសេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា យល់ឃើញថា ប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែន របស់អាជ្ញាធរថៃ មានភាពផុលផុស ជាងរដ្ឋាភិបាលកម្ពុជា ដែលមានភាពទន់ជ្រាយ និងគ្មានភាពច្បាស់លាស់ ទោះបីអាជ្ញាធរថៃបានបង្ហាញពីទីតាំងឆបោកជាក់ច្បាស់ហើយក៏ដោយ។
លោក ស៊ឹង សែនករុណា៖«រដ្ឋាភិបាលកម្ពុជា គួរមានភាពខ្មាសអៀនជាមួយរដ្ឋាភិបាលថៃ ដែលគេជាប្រទេសជិតខាង គេព្រួយបារម្ភ អំពីពលរដ្ឋគេដែលរងគ្រោះជាមួយអំពើឆបោកតាមអនឡាញេជាមួយកម្ពុជាយើងហ្នឹង។ អ៊ីចឹងយើងក្នុងនាមយើងជាប្រទេសសាមី ត្រូវមានការខ្មាសអៀន ត្រូវខិតខំស្វែងរកជនប្រព្រឹត្តដែលជាមេខ្លោងពិតប្រាកដ ដើម្បីយកមកផ្ដន្ទាទោស។ បើមិនអ៊ីចឹងទេគេនឹងចោទប្រកាន់យើងថា មេដឹកនាំកម្ពុជា ដែលជាអ្នកមានអំណាចគឺជាអ្នកនៅពីក្រោយខ្នង»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គណៈកម្មការនេះ ដឹកនាំដោយលោកផ្ទាល់ និងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងកងកម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ពជាដើម។
ទោះជាបែបនេះក្ដី ពលរដ្ឋលើកឡើងថា ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត គឺមានតែទ្រឹស្ដី ព្រោះកាលពីពេលកន្លងមក មានការចង្អុលបង្ហាញ និងលេចធ្លាយអំពីករណី និងទីតាំងឆបោកធំៗ ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរមិនបានចុះធ្វើអន្តរាគមន៍ ឬស្រាវជ្រាវចាប់ខ្លួនមេខ្លោងធំៗ ឡើយ។
ថៃចាត់វិធានការស្រដៀងគ្នា ចំពោះប្រទេសមីយ៉ាន់ម៉ា (Myanmar)
ពាក់ព័ន្ធនឹងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ នៅពេលថ្មីៗ នេះ រដ្ឋាភិបាលថៃបានកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី សេវាអ៊ីនធឹណិត និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងតំបន់មួយចំនួន នៃទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា (Myanmar) ដែលគេចោទថា ជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឹណិត ហើយថ្មីៗ នេះ តុលាការឧក្រិដ្ឋកម្មថៃបានចេញដីកាចាប់ខ្លួនមន្ត្រីយោធា នៃកងការពារព្រំដែនរដ្ឋការ៉ែន (Karen) (BGF) ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឱ្យទៅធ្វើការនៅអាគារឆបោក។
អាជ្ញាធរថៃរកឃើញថា ទីតាំងឆបោកនៅតាមបណ្ដាប្រទេសជាប់ព្រំដែនថៃ មានសរុបចំនួន ៧៥ទីតាំង រួមមាន នៅប្រទេសមីយ៉ាន់ម៉ា មានចំនួន ៤០ទីតាំង នៅកម្ពុជាមាន ៣០ទីតាំង និងឡាវ (Laos) មានចំនួន ៥ទីតាំង។ ក្នុងនោះ ទីតាំងឆបោកនៅកម្ពុជាភាគច្រើន ប្រមូលផ្ដុំនៅជាប់ព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។