អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋចំនួន ៥២ នាក់មកប្រទេសកម្ពុជាវិញបន្ទាប់ពីពួកគេលួចឆ្លងដែនដោយខុសច្បាប់ដើម្បីទៅរកការងារ ចំពេលដែលប្រទេសថៃកំពុងរឹតបណ្ដឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅលើពលករបរទេស។
ស្នងការរងប៉ូលិសខេត្តបន្ទាយមានជ័យទទួលបន្ទុកព្រំដែន លោក អ៊ូ សុផល ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៦ ធ្នូ ថាពលរដ្ឋខ្មែរទាំង ៥២ នាក់ បានមកដល់ប្រទេសកម្ពុជាវិញហើយ។ លោកបន្ដថា សមត្ថកិច្ចមិនទាន់បានបញ្ជូនពួកគេឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញនៅឡើយទេ ដោយរង់ចាំការធ្វើចត្តាឡឺស័ក រយៈពេល១៤ ថ្ងៃសិន។ លោកថា ពលរដ្ឋខ្មែរទាំងនោះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌិន មានប្រសាសន៍ថា អ្នកស្រីមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។
ពលករខ្មែរចំនួន ៥២ នាក់កាលពីថ្ងៃទី ២៤ ខែធ្នូ បានឆ្លងដែនពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅប្រទេសថៃ ដោយបានបោះតង់រួមគ្នាសម្រាកនៅតាមព្រំដែន ដើម្បីត្រៀមខ្លួនចូលទៅប្រទេសថៃ។
ពលករខ្មែរដែលធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ក្រោយប្រទេសថៃផ្ទុះជំងឺកូវីដ-១៩ ជាលើកទីពីរ។ នៅពេលនេះ មានពលករមួយចំនួនបានផ្អាកធ្វើការជាបណ្ដោះអាសន្ន រួចលាក់ខ្លួនរកកន្លែងមានសុវត្ថិភាព និងខ្លះទៀតបន្តធ្វើការទាំងភ័យខ្លាច។
របាយការណ៍អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ប្រមាណពី ១លាន៨សែន ទៅ ២លាននាក់ (២.០០០.០០០) ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។