បរិវេណនៃទីតាំងតំបន់អគារបនល្បែងកាស៊ីណូនិងអគារពាណិជ្ជកម្មនៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញមួយចំនួនហាក់ក្លាយជាកន្លែងពេញនិយមដែលបានឆក់យកជីវិតជនបរទេសជាបន្តបន្ទាប់។ជាញឹកញយនៅក្បែរៗអគារបនល្បែងកាស៊ីណូក្នុងរាជធានីភ្នំពេញគេតែងឃើញមានជនបរទេសបានស្លាប់ដោយសារតែធ្លាក់ពីលើអគារហើយក្នុងករណីខ្លះសមត្ថកិច្ចបានចេញមុខបកស្រាយថាជាករណីធ្វើអត្តឃាតដោយមិនបានស៊ើបអង្កេតដោយហ្មត់ចត់និងតម្លាភាពនោះឡើយ។
អ្នកជំនាញសិទ្ធិមនុស្ស និងអ្នកតាមដានបញ្ហាសង្គមលើកឡើងថាការស្លាប់នៃជនបរទេសនៅក្បែរអគារបនល្បែងកាស៊ីណូមួយចំនួនទាំងនៅតាមបណ្ដាខេត្តនិងនៅរាជធានីភ្នំពេញជាបន្តបន្ទាប់មកនេះអាជ្ញាធរកម្ពុជាហាក់ព្យាយាមបំបិទព័ត៌មាននិងមិនបានស៊ើបអង្កេតស្វែងរកការពិតដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ខែមករាថាការស្លាប់នៃជនបរទេសខ្លះអាចមិនមែនជាករណីធ្វើអត្តឃាតនោះទេ។លោកបញ្ជាក់ថាកន្លងមកសាច់ញាតិជនរងគ្រោះជនបរទេសខ្លះក៏បានទាមទារឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតចំពោះការបាត់បង់សមាជិកគ្រួសាររបស់ពួកគេដោយសារតែសង្ស័យចំពោះការបង្ខាំងនិងបង្ខំឱ្យធ្វើការងារខុសច្បាប់។លើសពីនេះលោកកត់សម្គាល់ថាករណីជនបរទេសខ្លះដែលបានស្លាប់ដោយសារតែធ្លាក់ពីលើអគារនោះសមត្ថកិច្ចតែងតែចេញមុខបកស្រាយភ្លាមៗដោយពុំបានស៊ើបអង្កេតដោយហ្មត់ចត់និងតម្លាភាពដើម្បីរិះរកវិធានការទប់ស្កាត់កុំឱ្យករណីបែបនេះកើតឡើងក្រោយៗទៀតឡើយ។
លោក អំ សំអាត៖«ប្រសិនបើជនបរទេសដែលត្រូវបានស្លាប់នៅតាមជិតអគារកាស៊ីណូ ឬអគារពាណិជ្ជកម្មផ្សេងៗគួរតែមានស៊ើបអង្កេតឱ្យបានល្អិតល្អន់ តម្លាភាព មុននឹងធ្វើការឆ្លើយតបណាមួយជាងជា ការណ៍ដែលយើងមិនទាន់មានការស៊ើបអង្កេតឱ្យបានល្អិតល្អន់ផង អាជ្ញាធរលោកលើកឡើងថា ជាករណីអត្តឃាតទៅហើយ។ ទោះបីជាការធ្វើអត្តឃាតក៏ដោយក៏ត្រូវតែស៊ើបអង្កេតរកឫសគល់ថា តើហេតុអីបានជនបរទេសទាំងអស់ហ្នឹងសម្រេចចិត្តសម្លាប់ខ្លួនដោយសារតែរឿងចាញ់បោកតាមប្រព័ន្ធអនឡាញ ដោយសារតែការចាញ់កាស៊ីណូអស់ទ្រព្យសម្បត្តិ ឬរឿងអ្វី?ដើម្បីរកដំណោះស្រាយ និងវិធានការទប់ស្កាត់»។
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សបែបនេះធ្វើឡើងបន្ទាប់ពីបុរសជនជាតិចិនម្នាក់ឈ្មោះ ស៊ុន ជីកាង (Sun Jigang) អាយុ ៤៦ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់ពីធ្លាក់ពីលើអគារបនល្បែងណាហ្គាវើលដ៍២(NagaWorld2) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១២ខែមករា។ សាកសពជនរងគ្រោះបានស្លាប់ដោយដេកផ្ងារលើរបងក្បែរស្ថាប័នរដ្ឋសភានិងបានរបូតអាវចេញពាក់កណ្ដាលពីខ្លួន។មកដល់ពេលនេះសមត្ថកិច្ចរាជធានីភ្នំពេញមិនទាន់មានការបំភ្លឺចំពោះការស្លាប់នៃជនបរទេសរូបនេះនៅឡើយ។
កាលពីថ្ងៃទី៨ ខែមករា ក៏មានជនបរទេសម្នាក់ដែលសង្ស័យជាជនជាតិថៃបានស្លាប់ភ្លាមៗក្រោយបានធ្លាក់ពីលើអគារកាស៊ីណូហ្គោលឌិន(Golden Casino) ជាន់ទី១៤នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះដែលបានស្លាប់នោះ ត្រូវបានកាសែតថៃរាយការណ៍ថាត្រូវបានក្រុមឧក្រិដ្ឋជននាំយកឱ្យទៅបម្រើការងារជាអ្នកឆបោកតាមអនឡាញ។កាស៊ីណូហ្គោលឌិនគឺជាទីតាំងដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ធ្លាប់អះអាងថាគឺជាទីស្នាក់ការកណ្ដាលរបស់ក្រុមឧក្រិដ្ឋជននៅកម្ពុជាធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទបើកបនល្បែងអនឡាញការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្ស។
វិទ្យុអាស៊ីសេរីក៏បានព្យាយាមទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា និងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទហៅចូលតែគ្មានអ្នកទទួលនៅថ្ងៃទី១៤ ខែមករា។
អ្នកសិក្សាបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា លើកឡើងថារដ្ឋាភិបាលកម្ពុជាហាក់មិនទាន់បានធានាសុវត្ថិភាពពេញលេញដល់ជនបរទេសដែលចូលមកធ្វើការនិងទស្សនាកម្ពុជានៅឡើយ។លោកជំរុញដល់អាជ្ញាធរស៊ើបអង្កេតករណីជនបរទេសដែលស្លាប់ដោយសារតែធ្លាក់ពីលើអគារជាបន្តបន្ទាប់និងទាមទារដល់រដ្ឋាភិបាលធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពលើជនល្មើស។
លោក ប៉ោ មករា៖«នៅពេលដែលកម្ពុជាមានប្រព័ន្ធច្បាប់មួយច្បាស់លាស់រឹងមាំកម្ពុជាស្ថិតក្នុងប្រព័ន្ធច្បាប់នីតិរដ្ឋពិតប្រាកដធានាទាំងអស់ទាំងប្រជាជនកម្ពុជា ជាពិសេសអ្នកដែលទន់ខ្សោយអ្នកដែលត្រូវការការគាំពារពីច្បាប់ និងការណ៍ដែលយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាទាំងមូល»។
ការស្លាប់របស់ជនបរទេសនៅលើទឹកដីកម្ពុជាក្នុងរូបភាពធ្លាក់ពីអគារពាណិជ្ជកម្មនិងអគារបនល្បែងកាស៊ីណូកន្លងមកជនរងគ្រោះភាគច្រើនគឺជាជនជាតិចិន(China) តៃវ៉ាន់ (Taiwan) ថៃ (Thailand) វៀតណាម (Vietnam) ឥណ្ឌូណេស៊ី (Indonesia) និងឥណ្ឌា(India) ជាដើម និងបានស្លាប់នៅក្នុងតំបន់បរិវេណអគារពាណិជ្ជកម្មនិងអគារបនល្បែងក្នុងខេត្តព្រះសីហនុរាជធានីភ្នំពេញ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តស្វាយរៀង។ អ្នកឃ្លាំមើលយល់ឃើញថាការព្យាយាមមិនបង្ហាញព័ត៌មាននិងឆន្ទៈស៊ើបអង្កេតលើបញ្ហាទាំងនេះគឺជាការខាតបង់សម្រាប់រដ្ឋាភិបាលទៅវិញទេព្រោះសហគមន៍ជាតិនិងអន្តរជាតិនឹងបន្តរិះគន់ទៅលើរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។