អាជ្ញាធរខេត្តសៀមរាបកាលពីថ្ងៃទី១២ មករា បានឃាត់ខ្លួនមន្ត្រីនៃអាជ្ញាធរជាតិអប្សរា២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកនៅមុខប្រាសាទអង្គរវត្ត។
មន្ត្រីអង្គការសិទ្ធិមនុស្សថា ការប្រើប្រាស់អំពើហិង្សារបស់អាជ្ញាធរជាតិអប្សរា លើយុវជនជាអំពើអមនុស្សធម៌ ហើយស្នើដល់តុលាការចាត់វិធានការលើករណីនេះ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមន្ត្រីនៃអាជ្ញាធរអប្សរាជាតិចំនួន ២នាក់ គឺលោក សុខ សឿន និងលោក ហៃ រដ្ឋា ករណីប្រើប្រាស់អំពើហិង្សាដោយចេតនាលើក្មេងប្រុសលក់កូនអណ្ដើកនៅមុខប្រាសាទអង្គរវត្ត កាលថ្ងៃទី១២ ខែមករា តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី១១ មករា អ្នកដើរលក់កូនអណ្ដើកនៅមុខប្រាសាទអង្គរនោះមានគ្នា៣នាក់ ។ ពួកគេបានចាប់កូនអណ្ដើកចំនួន ៧ក្បាលចេញពីទក្សិណអង្គរ ហើយពួកគាត់បានលក់អស់ចំនួន ៥ក្បាល ហើយស្រាប់តែមន្ត្រីអាជ្ញាធរជាតិអប្សរាបានដេញចាប់ពួកគាត់ ហើយអ្នកលក់កូនអណ្ដើកម្នាក់រត់ចូលព្រៃ ម្នាក់ទៀតលោតចូលក្នុងទឹកទក្សិណអង្គរ ហើយលោក ណុល សំណាង ជាអ្នកលក់កូនអណ្ដើកម្នាក់ទៀត ត្រូវបានអាជ្ញាធរអប្សរាចាប់ខ្លួនបាន។

ពេលចាប់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរា បានចាប់កអាវទះមួយកំផ្លៀង និងទាត់មួយជើង។ បន្ទាប់មកអ្នកលក់កូនអណ្ដើករូបនោះបន្តយំមិនឈប់ ហើយមន្ត្រីអាជ្ញាធរជាតិអប្សរា លោក សុខ សឿន បានស្រែកឲ្យជនរងគ្រោះឈប់យំ ហើយបានដើរទៅទះកំផ្លៀងជនរងគ្រោះមួយដៃ។ ហើយមន្ត្រី អាជ្ញាធរជាតិអប្សរាម្នាក់ទៀត គឺលោក ហៃ រដ្ឋា បានដើរទៅពីក្រោយជនរងគ្រោះ ហើយបានទាត់ជនរងគ្រោះមួយជើងថែមទៀត ហើយនៅពេលរថយន្តមន្ត្រីជំនាញមកដល់ក៏ដឹកជនរងគ្រោះប្រគល់ឲ្យមន្ត្រីបរិស្ថានប្រចាំការនៅតំបន់អង្គរ។ សកម្មភាពប្រើហិង្សាលើយុវជននេះ ត្រូវបានគេថត ហើយចែកចាយល្បីលើបង្ហាញសង្គម (Facebook) បណ្តាលឲ្យសាធារណជនថ្កោលទោសសកម្មភាពហិង្សានេះ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ មករា ថា អាជ្ញាធរជាតិអប្សរាគួរតែបង្ហាញស្លាកសញ្ញាហាមឃាត់ និងបទបញ្ញត្តិនានានៅតំបន់អង្គរ ហើយអប់រំណែនាំដល់យុវជនទាំងនោះ ដើម្បីឲ្យពួកគេអាចលក់ដូរបានប្រាក់ចិញ្ចឹមជីវិត។ លោកបន្តថា លោកមិនអាចទទួលយកអំពើឃោរឃៅអមនុស្សធម៌របស់មន្ត្រីនៃអាជ្ញាធរ ដែលប្រើប្រាស់អំពើហិង្សា លើយុវជនលក់ដូរនៅមុខប្រាសាទអង្គរនោះបានទេ និងស្នើដល់តុលាការពន្លឿននីតិវិធីច្បាប់ ដោយចោទប្រកាន់ជនបង្កទាំងនោះឲ្យបានឆាប់។
លោក អ៊ិន គង់ជិត៖ «មហាជនក្នុងសង្គមគាត់មើលឃើញថា ការប្រព្រឹត្តរបស់ក្រុមសន្តិសុខសណ្ដាប់ធ្នាប់របស់អាជ្ញាធរអប្សរានេះ ជាការប្រព្រឹត្តមួយផ្ដល់គំរូអាក្រក់សម្រាប់អ្នកអនុវត្តច្បាប់ដទៃទៀតអ៊ីចឹង ដើម្បីកុំឲ្យទង្វើនេះចេះតែកើតមានបន្តបន្ទាប់ទៀត គឺតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងសមត្ថកិច្ចស្នងការនគរបាលខេត្តសៀមរាបត្រូវតែបញ្ជូនជនប្រព្រឹត្តនេះ ទៅផ្ដន្ទាទោសតាមច្បាប់»។
មន្ត្រីអាជ្ញាធរជាតិអប្សរា ទាំងពីរនាក់នោះ ក្រោយពីឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ មករា កន្លងទៅ នៅមិនទាន់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តសៀមរាបលោក តេង ច័ន្ទណាត និង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក សឿន សេន ដើម្បីអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៣ មករា ដោយទូរស័ព្ទចូលតែត្រូវចុចបិទ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។