នាវាចម្បាំងចិន ២គ្រឿង បន្តចតនៅកំពង់ផែរាម បើទោះបីជាសមយុទ្ធយោធានាគមាសរួមគ្នារវាងកម្ពុជា និងចិនបានបិទបញ្ចប់ទៅជាង ១ខែហើយក៏ដោយក្តី។ នេះបើយោងតាម សេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក ឌឹ វ៉ល ស្រ្ទីត ជរណល (The Wall Street Journal) កាលពីថ្ងៃទី១ ខែកក្កដា។
សារព័ត៌មាននេះ បានស្រង់ប្រសាសន៍ពលរដ្ឋរស់នៅតំបន់រាម ដែលមានសាច់ញាតិធ្វើការនៅទីនោះឱ្យដឹងថា ផ្នែកមួយនៃកំពង់ផែរាមត្រូវបានគេរក្សាទុកសម្រាប់កងទ័ពជើងទឹកចិន និងតំបន់ដាច់ដោយឡែកផ្សេងទៀតសម្រាប់កងទ័ពជើងទឹកកម្ពុជា។ ប្រភពដដែលឱ្យដឹងថា កងទ័ពជើងទឹកចិន មិនចង់ឱ្យកម្មករ និងកងទ័ពជើងទឹកកម្ពុជាចូលទៅជិតផ្នែករបស់ខ្លួនឡើយ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេកាលពីយប់ថ្ងៃទី១ ខែកក្កដា។
គិតត្រឹមដើមខែកក្កដានេះ នាវាចម្បាំងចិនទាំង ២គ្រឿងនេះ ចតនៅកំពង់ផែរាមអស់រយៈពេល ៧ខែហើយ។ នាវាចម្បាំងទាំងនេះត្រូវគេប្រទះឃើញចូលចតជាលើកដំបូងកាលពីដើមខែធ្នូ ឆ្នាំ២០២៣។ នាវាចម្បាំងចិនពីរគ្រឿងដែលកំពុងចតនៅកំពង់ផែរាមនេះ ត្រូវគេជឿថា ជានាវាចម្បាំងល្បឿនលឿនខ្នាតតូច ទម្ងន់ ១ពាន់ ៥រយតោន ប្រភេទបាញ់មីសីល មានបំពាក់គ្រាប់បាញ់នាវា និងអាចដឹកឧទ្ធម្ភាគចក្របាន។
កាលពីពេលកន្លងទៅ កម្ពុជាបានផ្តល់សេចក្តីពន្យល់បែបមិនច្បាស់លាស់ដោយដំបូងឡើយថា នាវាចម្បាំងទាំង២គ្រឿងនោះ ចូលចតដើម្បីត្រៀម«ហ្វឹកហ្វឺន»ដល់នាយនាវិកកងទ័ពជើងទឹកកម្ពុជា។ ក៏ប៉ុន្តែ ក្រោយមក កម្ពុជាបកស្រាយថា នាវារបស់ចិនទាំងនេះ ត្រៀមចូលរួមធ្វើសមយុទ្ធយោធានាគមាសលើកទី៦ រវាងកម្ពុជានិងចិន ដែលប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែឧសភា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត ធ្លាប់បង្ហើបថា កម្ពុជាគ្រោងទិញនាវាបែបនេះពីចិននាពេលខាងមុខ តែពុំបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ឡើយ។
ការបន្តមានវត្តមាននៅកំពង់ផែរាមនេះ នាំឱ្យមានការចោទសួរអំពីគោលបំណងពិតប្រាកដនៃសកម្មភាពរបស់ចិន និងថា តើវត្តមានជាអចិន្ត្រៃយ៍របស់កងទ័ពរំដោះប្រជាជនចិននៅកំពង់ផែរាម កំពុងចាប់ផ្តើមនៅកម្ពុជាហើយឬយ៉ាងណានោះ។ កម្ពុជារងនូវការរិះគន់ជាច្រើនឆ្នាំមកហើយថា បានលួចចុះកុងត្រាសម្ងាត់អនុញ្ញាតឱ្យចិនប្រើប្រាស់មួយផ្នែកនៃកំពង់ផែរាមនេះ«ផ្ដាច់មុខ»ដើម្បីធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួន។ ក៏ប៉ុន្តែ ទាំងកម្ពុជា និងចិន តែងបដិសេធចំពោះការចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។