ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធីស្នើលោក ហ៊ុន ម៉ាណែត បញ្ជាផ្ទាល់មាត់ឱ្យពន្លឿនដោះស្រាយជូនពួកគាត់
2024.05.18
ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យចេញបញ្ជាផ្ទាល់មាត់ទៅតុលាការ និងក្រុមហ៊ុនទើបពួកគាត់មានទំនុកចិត្ត និងជឿជាក់ ថា នឹងទទួលបានដំណោះស្រាយ។
ប្រជាពលរដ្ឋរងគ្រោះ លើកឡើងថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែដាក់មេធាវីឱ្យជួយការពារក្ដី ហើយមិនជំរុញទៅតុលាការនិងក្រុមហ៊ុនឱ្យពន្លឿននីតិវិធីនោះទេ ពួកគាត់ក៏មិនងាយនឹងទទួលបានដំណោះស្រាយដែរ។
កាលពីថ្ងៃទី ១៤ ខែឧសភា លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្ត្រីក្រោមបង្គាប់រៀបចំ មេធាវីការពារក្ដីជូនពលរដ្ឋរងគ្រោះជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា។
ជុំវិញរឿងនេះ ពលរដ្ឋវិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធី លោក នួន នឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា ទោះបីជាប្រមុខរដ្ឋាភិបាលដាក់មេធាវីឱ្យជួយការពារក្ដីពលរដ្ឋរងគ្រោះក៏ដោយ ក៏ពួកគាត់មិនទាន់មានជំនឿនៅឡើយ។
លោកស្នើទៅលោក ហ៊ុន ម៉ាណែត ចេញបញ្ជាផ្ទាល់ឱ្យដោះស្រាយសំណង ជាបនា្ទន់ ទើបពួកគាត់កក់ក្ដៅ និងជឿជាក់ ថា នឹងទទួលបានដំណោះស្រាយ។
លោក នួន នឿន៖ «ព្រោះកំពុងតែយ៉ាប់ខ្លាំងអ៊ីចឹងដោះស្រាយបានតិចឬ ច្រើន សូមមេត្តាឱ្យជាដំណឹង និងផ្ដល់ជាយោបល់អ្នកជនរងគ្រោះទាំងអស់ហ្នឹង ដើម្បីទទួលដំណឹងនេះ ខ្ញុំត្រូវដោះស្រាយចេះៗ។ អ៊ីចឹងមានតែសម្ដេចនាយករដ្ឋមន្ត្រី ដែលលោកអាចជួយដោះស្រាយរឿងនឹងបាន ហើយគាត់បញ្ជា។ អាហ្នឹង ខ្ញុំជឿ បើគាត់បញ្ជាថា ត្រូវតែដោះស្រាយ ខ្ញុំជឿអ៊ីចឹង»។
ពលរដ្ឋម្នាក់ទៀត សុំបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា ក្រៅពីផ្ដល់មេធាវីការពារក្ដីឱ្យនោះ លោកស្រីចង់ឱ្យលោក ហ៊ុន ម៉ាណែត ជំរុញទៅតុលាការនិងក្រុមហ៊ុនពន្លឿនការដោះស្រាយ ពីព្រោះការយឺតយ៉ាវនិងអូស បន្លាយពេលនេះ បានធ្វើឱ្យគ្រួសាររបស់គាត់ ធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ឌក។
ពលរដ្ឋសុំបញ្ចេញឈ្មោះ៖ «ខ្ញុំមិនដឹងគិតត្រេកអ ឬយ៉ាងណា ចុះបើគេធ្វើទៅ ដោះស្រាយមិនចេញ លទ្ធផលលុយមិនចេញជូនប្រជាជន! ប្រជាជនពួកខ្ញុំ ធ្វើម៉េចបានរស់។ ខ្ញុំចង់ឱ្យសម្ដេចជួយដោះស្រាយ ក្រែងសម្ដេចមានថវិកាជួយប្រជារាស្ត្រក្រែងរស់ បើក្រុមហ៊ុនមិនមាន បើសម្ដេចមិនជួយហើយ ប្រជាជនស្លាប់អស់ ព្រោះជ្រកក្រោមម្លប់សម្ដេចហើយ ជាម៉ែជាឪ បើគាត់មិនជួយដោះស្រាយទេ មិនរស់ទេ បើធនាគារតាមគគ្រឹក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៧ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា វិបត្តិនេះ នឹងធ្លាក់ទៅជាវិបត្តិសង្គម ហើយក៏ប៉ះពាល់ដល់រដ្ឋាភិបាលដែរ ពីព្រោះរឿងនេះ គឺមិនមែន ជរឿងឯកជនជាមួយនឹងឯកជននោះទេ។
លោកយល់ថា ការរៀបចំមេធាវីជួយការពារក្ដី គឺជាដំណើរការការពារពួកគាត់ តាមផ្លូវច្បាប់ ប៉ុន្តែអ្វីដែលពលរដ្ឋទន្ទឹងរង់ចាំនោះ គឺដំណោះស្រាយជាសំណងសម្រាប់ពួកគាត់ យកទៅដោះស្រាយជាមួយធនាគារ និងបំណុលឯកជនជាដើម។
លោក អំ សំអាត៖ «គាត់អន្ទះសា ដើម្បីរង់ចាំលទ្ធផល។ អ៊ីចឹងបើយើងមើលទៅដំណើរការនីតិវិធីនៅតុលាការវាអាចវែងឆ្ងាយតទៀត។ អ៊ីចឹងហើយបានលោកចង់ឱ្យមានកិច្ចអន្តរាគមន៍ ធ្វើយ៉ាងម៉េចនីតិវិធីនៅតុលាការនេះ ឱ្យបានឆាប់រហ័ស»។
ក្រៅពីនេះ លោក អំ សំអាត ថា រដ្ឋាភិបាល និងអាជ្ញាធរ គួរជួយសម្រប សម្រួលប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបង់សងត្រឡប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ពីព្រោះ ពួកគាត់អាចនឹងបាត់បង់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗទៀត ប្រសិនបើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាល។
កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួន អ្នកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការឆបោកលុយប្រជាពលរដ្ឋរាប់ពាន់នាក់ ទាំងពលរដ្ឋនៅក្នុងប្រទេស និងពលករនៅប្រទេសកូរ៉េខាងត្បូង។
ក្រោយការចាប់ខ្លួន សាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូស ទ្រព្យសម្បត្តិរបស់អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ដើម្បីលក់សងជនរងគ្រោះ ។ ប៉ុន្តែពលរដ្ឋអះអាងថា រយៈពេលជាង ១ឆ្នាំហើយ ពួកគាត់នៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។