ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល បានរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ ដើម្បីប្រកួតប្រជែងដណ្ដើមពាន់រង្វាន់បណ្ឌិត កែម ឡី ក្នុងឱកាសគម្រប់ខួប ៧ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត។ ពួកគាត់លើកឡើងថា ការបង្កើតប្រព្រឹត្តការណ៍កីឡានេះឡើងគឺ ដើម្បីដាស់តឿនដល់ក្រុមយុវជនឱ្យមានស្មារតីដូចបណ្ឌិត កែម ឡី និងគោរពនូវវីរភាពនៃការលះបង់របស់លោកបណ្ឌិត ដើម្បីបុព្វហេតុជាតិ។
កម្មវិធីប្រកួតបាល់ទាត់ពាន់រង្វាន់បណ្ឌិត កែម ឡី នេះរៀបចំដោយអង្គការសង្គមស៊ីវិលចំនួន៣ គឺសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា (IDEA) សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ហៅកាត់ថា (KSILA) និងសមាគមបណ្ដាញយុវជនកម្ពុជាហៅកាត់ថា (CYN)ដើម្បីជំរុញឱ្យក្រុមយុវជនឱ្យចេះរួបរួមសាមគ្គីគ្នាដូចក្រុមកីឡាករ ក្នុងការចូលរួមកិច្ចការងារសង្គម បញ្ហានយោបាយ និងចូលរួមសកម្មភាពការពារធនធានធម្មជាតិ ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ កក្កដា ថា ការប្រកួតកីឡាបាល់ទាត់កាលពីថ្ងៃទី៩ កក្កដា គឺជាការផ្សព្វផ្សាយពីការលះបង់របស់លោកបណ្ឌិត ទៅកាន់យុវជនជំនាន់ក្រោយដែលមិនទាន់ស្គាល់លោកបណ្ឌិត។ លោកបន្តថា យុវជនគួរតែចងចាំវីរជនដែលហ៊ាននិយាយកែលំអសង្គម និងបង្ហាញវិធីដោះស្រាយបញ្ហាដោយ អហិង្សាដូចបណ្ឌិតកែម ឡី តែងតែលើកឡើងថា អ្នកនយោបាយមិនគួរធ្វើនយោបាយបែប « ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី »នោះទេ។
លោក កើត សារ៉ាយ៖ «ខ្ញុំគិតថា ការដោះស្រាយគឺជាវិធានមួយដ៏សំខាន់ដែលអាជ្ញាធរមានសមត្ថកិច្ចសព្វថ្ងៃគឺលោកត្រូវមានកាតព្វកិច្ចក្នុងការដោះស្រាយព្រោះអាហ្នឹងវាជាប្រព័ន្ធសុវត្ថិភាព នៃសង្គមពន្លឺយុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់រូបដែលរងភាពអយុត្តិធម៌ ឬក៏អ្នករំលោភបំពានគេត្រូវរងការដាក់ទណ្ឌកម្មយ៉ាងពេញលេញ វានឹងធ្វើឱ្យសង្គមមួយ វាមនុស្សចាប់ផ្ដើមរស់នៅជាមួយសេចក្ដីសង្ឃឹម រស់នៅជាមួយនឹងភាពជឿជាក់មួយ»។
ស្រដៀងគ្នានេះប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែងថា ការប្រកួតកីឡានេះគឺចង់បង្ហាញដល់សាធារណជនឱ្យដឹងថាកីឡាផ្សារភ្ជាប់ជាមួយសង្គមដែលត្រូវតែរួបរួមគ្នាដើម្បីជាតិរស់ដូចការផ្ដាំផ្ញើរបស់បណ្ឌិត កែម ឡី។
លោក វន់ ពៅ៖ «ជាសារមួយប្រាប់ទៅអ្នកនយោបាយផងដែរថា ធ្វើនយោបាយក៏ដូចជាកីឡាករមិនត្រូវគុំកួនគ្នាមិនត្រូវប្រើហិង្សា គ្នាទេ គឺជាការប្រកួតប្រកបដោយយុត្តិធម៌ប្រកបទៅដោយមិត្តភាព ប្រកបទៅដោយសេចក្ដីថ្លៃថ្នូរនេះជាសារដាស់តឿនដ៏សំខាន់ ហើយសារដាស់តឿនក្រើនរម្លឹកទៅដល់ខ្មែរទាំងអស់ថា យើងនៅតែចងចាំជានូវបណ្ឌិត កែម ឡី កុំឱ្យខ្មែរចេះតែឈូឆរបានតែដំបងទាល់យូរទៅស្ងាត់ទៅៗគឺមិនដូច្នេះទេ គឺត្រូវតែនឹកមិនភ្លេចនូវបណ្ឌិត កែម ឡី នៅតែចងចាំស្មារតីកូនខ្មែរទាំងអស់»។
ការប្រកួតប្រជែងកីឡាបាល់ទាត់ដណ្ដើមពាន់រង្វាន់បណ្ឌិត កែម ឡី នេះ ប្រព្រឹត្តទៅនៅក្នុងកីឡដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញដោយចែកចេញជាពីរក្រុមធំៗដើម្បីប្រកួតយកជ័យលាភី។ ក្រុមកីឡាករមកពីស្ថាប័នចំនួន៦ក្រុមៗផ្សេងៗគ្នាក្នុងនោះរួមមាន ក្រុមបាល់ទាល់សកម្មជន ក្រុមបាល់ទាត់CYN និងក្រុមបាល់ទាត់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម។
ជាមួយគ្នានេះ ក៏មានក្រុមយុវជន មន្ត្រីអង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស ប្រមាណ ១រយនាក់ (១០០) ចូលរួមគាំទ្រ និងបង្ហាញការនឹករម្លឹកពីវីរភាពរបស់លោកបណ្ឌិត កែម ឡី ផងដែរ។ ពានរង្វាន់សម្រាប់អ្នកឈ្នះក្នុងការប្រកួតកីឡាទាត់បាល់នេះ គឺមានរូបបណ្ឌិតកែម ឡី ដោយភ្ជាប់អត្ថន័យដែលសរសេរថា៖ ពានរង្វាន់បណ្ឌិត កែម ឡី«ពួកយើងហ៊ាននិយាយការពិតដើម្បីផលប្រយោជន៍ជាតិ»។ លើសពីនេះក្រុមយុវជន សហជីព អង្គការសមាគម ព្រមទាំងព្រះសង្ឃនឹងជួបជុំគ្នានៅកន្លែងឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា ដើម្បីដាក់កម្រងផ្កា និងសម្ដែងមតិជាសាធារណៈ។
ដោយឡែកសមាជិកក្រុមពន្លកនៅខេត្តបាត់ដំបង កញ្ញា សុខ លិតា ថ្លែងថា នៅក្នុងទី៩ កក្កដា នេះក្រុមពន្លកបានធ្វើកម្មវិធីរម្លឹកខួប៧ឆ្នាំរបស់ លោកបណ្ឌិត ដោយមានការចូលរួមពីយុវជនប្រមាណ១០០នាក់ ដើម្បីបង្ហាញពីកម្រងមរតកគំនិតរបស់ លោកបណ្ឌិត ឡើងវិញ។ កញ្ញាបន្ថែមថា ពាក្យពេចន៍ទូន្មានរបស់លោកបណ្ឌិតពិតជាបណ្ដុះឆន្ទៈមនសិការដែលធ្វើឱ្យកញ្ញាក្លាយជាធនធានមនុស្សម្នាក់ចូលរួមកិច្ចការងារសង្គម។
កញ្ញា សុខ លិតា៖«ជាការស្នើរបស់ខ្ញុំទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសនោះគឺទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូន លោកបណ្ឌិត ដោយសារតែតាំងពីការបាញ់សម្លាប់មកដល់បច្ចុប្បន្ន នៅមិនទាន់មានយុត្តិធម៌សម្រាប់ លោកបណ្ឌិតទេ អ៊ីចឹងស្នើដល់ភាគីទាក់ទងនឹងក្រសួងយុត្តិធម៌អីផ្សេងៗជួយរកយុត្តិធម៌ជូនលោកបណ្ឌិត»។
ក្នុងខួប៧ឆ្នាំនេះដែរ ម្ដាយ និងសាច់ញាតិរបស់ បណ្ឌិត កែម ឡី ក៏បានធ្វើពិធីឆ្លងចេតិយដែលទើបបានសាងសង់រួច និងធ្វើបុណ្យចម្រើនព្រះជន្មជូនម្ដាយលោកបណ្ឌិត កែម ឡី ដែលមានយុវជនចូលរួមជាង១០០នាក់។ ចំណែកអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន និងយុវជនមួយចំនួនទៀតក៏ គ្រោងទៅដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅកន្លែងឃាតកបាញ់សម្លាប់ ហើយលោក រ៉ុង ឈុន ក៏នឹងធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ទីតម្កល់សពបណ្ឌិត កែម ឡី នៅស្រុកត្រាំកក់ ខេត្តតាកែវនៅថ្ងៃទី១០ កក្កដា ខាងមុខនេះ។ រីឯយុវជនខ្លះទៀតនៅថ្ងៃដដែលនេះក៏បានធ្វើពិធី កោរសក់ ដើម្បីបង្ហាញការគោរព និងដឹងគុណចំពោះការលះបង់របស់បណ្ឌិត កែម ឡី ។
កាលពីថ្ងៃទី៦កក្កដាសិស្សនិស្សិតប្រជាពលរដ្ឋតំណាងមន្ត្រីស្ថានទូតប្រទេសប្រជាធិបតេយ្យ និងក្រុមមន្ត្រីអង្គការសង្គមស៊ីវិលជិត១០០នាក់ក៏បានធ្វើពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ដោយមានរបៀបវារៈអានកំណាព្យ និងអត្ថបទខ្លី រួមទាំងការចាក់បញ្ចាំងវីដេអូរបស់បណ្ឌិត កែម ឡី ផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៩ កក្កដា ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងកាហ្វេស្ដារម៉ាត (Star Mart) នៅក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ រយៈពេល៧ឆ្នាំមកនេះតុលាការមិនទាន់ស៊ើបអង្កេតរកឃាតកពិត និងអ្នកពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោស តាមការស្នើសុំរបស់គ្រួសារបណ្ឌិតកែម ឡី និងអ្នកគោរពស្រលាញ់លោកបណ្ឌិតនៅឡើយទេ។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលនៅតែទទូចឱ្យអាជ្ញាធរពាក់ព័ន្ធវែកពាក់មុខឃាតកពិតដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ និងរកផ្ដល់យុត្តិធម៌ជូនគ្រួសារ លោកបណ្ឌិត កែម ឡី និងសង្គម ព្រោះពួកគាត់មិនជឿថា ទណ្ឌិត អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ គឺជាឃាតកសម្លាប់ លោកបណ្ឌិតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។