យុវជនគណបក្សសង្គ្រោះជាតិដែលជាប់ចោទក្នុងសំណុំរឿងរួមគំនិតក្បត់ រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាមេដឹកនាំដែលមិនគោរពពាក្យសច្ចៈ និងគិតតែពីការបង្ក្រាបសំឡេងប្រឆាំង ជាងពីប្រយោជន៍ជាតិ។ ប្រតិកម្មនេះ គឺបន្ទាប់ពីរបបក្រុងភ្នំពេញចាប់ផ្ដើមសើរើសំណុំរឿងចាស់ដែលរបបនេះបានចោទប្រកាន់លើសកម្មជនបក្សសង្គ្រោះជាតិ និងត្រៀមចាប់ខ្លួនមនុស្សមួយចំនួនទៀតដែលគាំទ្រគម្រោងមាតុភូមិនិវត្តន៍លើកទីពីររបស់លោក សម រង្ស៊ី។
ក្រុមយុវជនសង្គ្រោះជាតិជឿជាក់ថា ការសើរើរឿងក្តីចាស់ៗ និងការត្រៀមបង្ក្រាបអ្នកគាំទ្រដំណើរវិលចូលស្រុកលើកទីពីររបស់លោក សម រង្ស៊ី បង្ហាញថា របបក្រុងភ្នំពេញ ជាពិសេស លោក ហ៊ុន សែន ផ្ទាល់ មិនអត់ឱនដល់អ្នកមានទស្សនៈនយោបាយផ្ទុយនោះឡើយ។
ប្រធានចលនាយុវជនសង្គ្រោះជាតិខេត្តត្បូងឃ្មុំដែលកំពុងភៀសខ្លួននៅក្រៅប្រទេស អ្នកស្រី យ៉ែម វណ្ណណែត ថ្កោលទោស លោក ហ៊ុន សែន ដែលលេបសម្ដីរបស់ខ្លួន និងព្យាយាមរិះរកវិធីកម្ចាត់ក្រុមអ្នកគាំទ្របក្សប្រឆាំង។ អ្នកស្រីថ្លែងទៀតថា របបបច្ចុប្បន្នកំពុងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ និងប្រើប្រាស់តុលាការជាឧបករណ៍ផ្ដាច់មុខរបស់ខ្លួន ដើម្បីបង្ក្រាបសំឡេងរិះគន់ និងសំឡេងប្រឆាំង « បើគណបក្សកាន់អំណាចបន្តអាទង្វើបែបហ្នឹងទៀត ប្រជាពលរដ្ឋយើងនឹងមិនអាចរស់បានសុខទេ នឹងវេទនា។ ប៉ុន្តែ ខ្ញុំជឿថា បើគាត់នៅតែបន្តតែបន្តិចទៀត ប្រជាពលរដ្ឋនឹងងើប មិនបាច់ចាំ សម រង្ស៊ី ចូលប្រទេសក៏បានដែរ។ បើគាត់នៅតែប្រកាន់អាកប្បកិរិយា ធ្វើចរិតឫកពា ធ្វើបាបប្រជាពលរដ្ឋបែបនេះទៀត ប្រជាពលរដ្ឋនឹងងើប » ។
កាលពីថ្ងៃទី២២ កញ្ញា តុលាការខេត្តត្បូងឃ្មុំបានកាត់ទោសអ្នកស្រី យ៉ែម វណ្ណណែត ឱ្យជាប់ពន្ធនាគារ៧ ឆ្នាំពីបទរួមគំនិតក្បត់ និងចេញដីកាតាមចាប់ខ្លួនឡើងវិញ។ នេះជាសំណុំរឿងចាស់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្នុងសំណុំរឿងនេះ ក្រៅពីអ្នកស្រី យ៉ែម វណ្ណណែត តុលាការខេត្តត្បូងឃ្មុំ បានកាត់ទោសសកម្មជនសង្គ្រោះជាតិ ៦នាក់ទៀត ឱ្យជាប់ពន្ធនាគារខ្លះ ៥ឆ្នាំ និងខ្លះទៀត ៧ឆ្នាំ។ ចំណែក តុលាការខេត្តកំពតវិញ បានកាត់ទោសសកម្មជនសង្គ្រោះជាតិម្នាក់ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងចាប់បញ្ជូនទៅឃុំខ្លួនភ្លាមៗ ពីបទរួមគំនិតក្បត់ ដូចគ្នានេះដែរ។
អ្នកស្រី យ៉ែម វណ្ណណែត ថ្លែងថា អ្នកស្រី និងសកម្មជនដទៃទៀតមិនបានធ្វើរឿងក្បត់ជាតិនោះទេ ហើយការសម្រេចរបស់តុលាការនេះ ធ្វើឡើងតាមតែការចង់បានរបស់ក្រុមលោក ហ៊ុន សែន ប៉ុណ្ណោះ។
ចំណែក អតីតជំនួយការតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យុវជន សេង ម៉េងប៊ុនរ៉ុង ថ្លែងថា ពួកលោកដឹងតាំងពីដំបូងមកម្ល៉េះថា លោក ហ៊ុន សែន នឹងក្បត់ពាក្យសន្យារបស់ខ្លួន ទើបពួកលោកមិនវិលចូលស្រុកតាមការប្រកូកប្រកាសរបស់បុរសខ្លាំងខាងអំពើហិង្សារូបនេះ។ លោកវាយតម្លៃថា លោក ហ៊ុន សែន ជាមេដឹកនាំកំសាក ស្តោះហើយលេបវិញ និងពូកែខាងបំបែកបំបាក់ ដើម្បីតែការរក្សាអំណាចរបស់ខ្លួន « លោក ហ៊ុន សែន មិនមែនគាត់ខ្លាំងទេ ប៉ុន្តែគាត់ខ្លាចអ្នកលទ្ធិប្រជាធិបតេយ្យមាននៅលើទឹកដីប្រទេសកម្ពុជា ព្រោះកាលណាអ្នកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺធ្វើឱ្យគាត់បាត់បង់អំណាច។ អ៊ីចឹង គាត់រិះរកគ្រប់វិធីក្នុងការកម្ចាត់អ្នកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នកលទ្ធិប្រជាធិបតេយ្យក៏រិះរកគ្រប់វិធីសម្រាប់ឱ្យខ្លួនឯងបានចូលក្នុងប្រទេសកម្ពុជា ដើម្បីតស៊ូឱ្យឈ្នះជនផ្ដាច់ការដូចគ្នា » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដង្ហោយហៅសកម្មជនបក្សប្រឆាំងទាំងឡាយ ដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស ឱ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីជួបជុំក្រុមគ្រួសារ។ ការប្រកាសនេះ គឺបន្ទាប់ពីលោកបានទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី បានដោយជោគជ័យ តាមរយៈការហាមក្រុមហ៊ុនអាកាសចរណ៍ និងសុំឱ្យប្រទេសជិតខាងបដិសេធវត្តមានមេបក្សប្រឆាំងស្ដីទីរូបនេះ ឱ្យចូលប្រទេសពួកគេ។ លោក ហ៊ុន សែន អះអាងថា លោកនឹងមិនយកទោសពៃរ៍អ្វីលើពួកគេឡើយ ដោយលោកចាត់ទុកថា សកម្មជនទាំងនោះ បានចាញ់បោកក្រុមលោក សម រង្ស៊ី « ក្នុងនាម ខ្ញុំព្រះករណាខ្ញុំជាប្រធាននីតិប្រតិបត្តិ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវឱ្យមនុស្សទាំងអស់ ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ។ កុំលាក់ខ្លួននៅកន្លែងនេះ លាក់ខ្លួននៅកន្លែងនោះតទៅទៀត ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេស នគរបាល និងអាវុធហត្ថ ក៏ដូចជាមន្ត្រីនៅមូលដ្ឋានទាំងអស់ កុំធ្វើអ្វីឱ្យសោះ។ ឱ្យគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគេទៅ ធ្វើការជាមួយគ្នាទៅ » ។
ទោះជាយ៉ាងណា របបនេះបានចាប់ផ្ដើមសើរើសំណុំរឿងចាស់ៗ វិញ រហូតឈានដល់ការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងសរុប ៨នាក់ ពីបទរួមគំនិតក្បត់។ ជាងនេះទៅទៀត រយៈពេលជាងមួយខែមកនេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជន យុវជន និងមន្ត្រីបក្សសង្គ្រោះជាតិសរុប ២០នាក់ ដោយភាគច្រើនបំផុតពាក់ព័ន្ធនឹងករណីញុះញង់។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ទទួលស្គាល់ថា លោក ហ៊ុន សែន ពិតជាបានប្រកាសឱ្យក្រុមសកម្មជនបក្សប្រឆាំងវិលចូលស្រុកវិញមែន ប៉ុន្តែលុះត្រាណាពួកគេបញ្ឈប់សកម្មភាពនយោបាយជាមួយបក្សសង្គ្រោះជាតិ បើពុំដូច្នេះទេ ត្រូវប្រឈមការចាប់ខ្លួនជាថ្មី។ លោកបញ្ជាក់ថា អាជ្ញាធរនឹងចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្ថែមទៀត ប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពនយោបាយ គាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី « បើគាត់នៅជឿតាមក្រុមឧទ្ទាមក្រៅច្បាប់ទៀត អាហ្នឹងគាត់នឹងចូលគុកតទៅទៀត ទោះបីគាត់ទើបនឹងចេញក៏ដោយ។ គេដោះលែង គេឱ្យមកចូលក្នុងសង្គមជាតិ ដើម្បីធ្វើម៉េចឱ្យបោះបង់សកម្មភាពឧទ្ទាមក្រៅច្បាប់ហ្នឹងចេញ កុំឱ្យកម្រើក។ ឥឡូវឮថា ទណ្ឌិតមេឧទ្ទាមហ្នឹងចង់ប្រកាសថា ចូលស្រុកទៀតហើយ បើរំជើបរំជួល អាហ្នឹងវាមានការចាប់ចងទៀតហើយ ចៀសមិនរួចទេ » ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញថា ការកាត់ទោសសកម្មជនសង្គ្រោះជាតិក្នុងសំណុំរឿងចាស់ទាំងនោះ គឺជារូបភាពនៃការគំរាមកំហែងលើសកម្មជនដទៃទៀត កុំឱ្យគាំទ្រដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី។ លោកថា ករណីទាំងនេះស្ដែងឱ្យឃើញថា តុលាការហាក់មិនបានធ្វើការដោយយុត្តិធម៌ និងស្របតាមវិជ្ជាជីវៈនោះទេ « ករណីអ្នកដែលត្រូវបានតុលាការសម្រេចចោទប្រកាន់ឱ្យមានពិរុទ្ធភាព ហើយមួយចំនួនក៏ត្រូវបានចាប់ភ្លាមៗយកទៅដាក់ពន្ធនាគារហ្នឹង កន្លែងហ្នឹងដែលយើងមើលឃើញ ជាវិធីសាស្ត្រមួយដែលគណបក្សប្រជាជនតែងតែធ្វើដើម្បីជាការដាក់សម្ពាធ ឬក៏ជាការគំរាមកំហែងចំពោះអ្នកណាដែលខ្លួនគិតថា មាននិន្នាការប្រឆាំង ឬក៏ហ៊ានរិះគន់ការដឹកនាំរបស់ខ្លួនហ្នឹងណា » ។
អ្នកតាមដានស្ថានការណ៍រូបនេះសង្កត់ធ្ងន់ថា នយោបាយចាប់ចងមិនអាចបង្កើតសុខដុមរមនានៅក្នុងសង្គមនោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យពលរដ្ឋមានកំហឹងកាន់តែខ្លាំងចំពោះអ្នកដឹកនាំ។ លោកបន្ថែមថា ក្រុមអ្នកដឹកនាំគួរតែងាកមកផ្ដោតលើការលើកស្ទួយជីវភាព និងគោរពសិទ្ធិមនុស្សវិញ ទើបទទួលបានការគាំទ្រពីពលរដ្ឋ និងមានសន្តិភាពពិតប្រាកដនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។