ភ្លាមៗក្រោយក្លាយជាប្រធានប្តូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះសម្រេចចិត្តតែឯងទៅជួបមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) លោក មីន អ៊ុងលាំង (Min Aung Hlaing) កាលពីថ្ងៃទី០៧ និង០៨ ខែមករា ក្នុងអ្វីមួយដែលលោកអះអាងថា ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសនេះ។
លោក ហ៊ុន សែន និងប្រព័ន្ធផ្សព្វផ្សាយស្នឹទ្ធនឹងលោកសុទ្ធតែបានឃោសនាអួតអាងពីជោគជ័យនៃដំណើរទស្សនកិច្ចនេះ។ ក៏ប៉ុន្តែ ជោគជ័យដែលមានតែនៅលើបបូរមាត់នេះ បានសាបរលាបទៅវិញ ខណៈកម្ពុជាខ្លួនឯងមិនអាចរៀបចំសូម្បីតែកិច្ចប្រជុំដំបូងថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបានផង ដោយត្រូវសម្រេចលើកពេលគ្មានកាលកំណត់ ក្រោយសមាជិកអាស៊ានមួយចំនួនបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក ហ៊ុន សែន នេះ។
ក្រុមអ្នកតាមដានស្ថានការណ៍មួយចំនួន បានចោទសួរពីសមត្ថភាពដឹកនាំរបស់លោក ហ៊ុន សែន ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ក្នុងការព្យាយាមដោះស្រាយវិបត្តិរដ្ឋប្រហារនៅភូមា។ ពួកគេកត់សម្គាល់ថា ការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣៧ ឆ្នាំមកនេះ បានមកដោយសារការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧ និងការរម្លាយជាប្រព័ន្ធនៃគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ២០១៧រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។