នាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់តំណែងយូរឆ្នាំ លោក ហ៊ុន សែន ថ្មីៗ នេះបានបង្ហើបថា ប្រពន្ធរបស់ លោកបានលួចសាងសង់ចេតិយទុកជាមុនមួយកន្លែងស្ថិតក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្រុងភ្នំពេញ ជូនលោក ដើម្បីទុកដាក់ធាតុរបស់លោកក្រោយលោកទទួលមរណភាពទៅ។ ក៏ប៉ុន្តែ លោកបានបដិសេធដាច់ខាតមិនអនុញ្ញាតឱ្យទុកធាតុរបស់លោកនៅចេតិយក្នុងវត្តអារាមសាធារណៈឡើយ។ លោកប្រាប់ឱ្យក្រុមគ្រួសារលោករៀបចំចេតិយដាក់ធាតុរបស់លោកនៅក្នុងដីផ្ទះដែលលោកកំពុងរស់នៅបច្ចុប្បន្នជំនួសវិញ ដោយសារលោកបារម្ភខ្លាចមានក្រុម «ពួកយូកូង» ដែលលោកថា បារមីលោកមិនដល់ ហើយត្រូវគេ «ជាន់ក» នៅទីនោះ។ ក្រុមអ្នករិះគន់និយាយថា បុរសខ្លាំងខាងប្រើអំពើហិង្សានៅកម្ពុជា វ័យ ៧០ឆ្នាំរូបនេះ ទំនងជាភ័យខ្លាចច្រើនជាងពីជោគវាសនារបស់លោកដែលអាចនឹងមិនខុសពីក្រុមមេដឹកនាំផ្ដាច់ការដទៃទៀតនៅលើពិភពលោក ដែលក្រោយពេលស្លាប់ទៅ ត្រូវពលរដ្ឋនាំគ្នាតាមរកមុខ និងកម្ទេចវិមាន ឬរូបសំណាករបស់ពួកគេ៕
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ facebook.com/rfacambodia
»» យូធូប (YouTube)៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ instagram.com/rfakhmer
#RFAKhmer #Cambodia #HunSen #HunSenStupa