អ្នកវិភាគ​ថា ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​ខ្លាំង​ ដោយសារ​អ្នក​ទេសចរ​មិន​ហ៊ាន​មក​លេង​កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​​​​មក​ទស្សនា​ ដែល​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នោះ​ គឺ​ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​សង្គ្រាម​នៅ​អ៊ុយក្រែន​ ជាដើម។

ក៏​ប៉ុន្តែ ​អ្នក​វិភាគ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច ​មើល​ឃើញ​ថា​ ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា ​មិនមែន​បណ្ដាល​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ទេ ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កាន់​អំណាច​ផ្ដាច់ការ និង​អសមត្ថភាព​ទប់ស្កាត់​អំពើ​ជួញដូរ​ និង​បទ​​​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​អ្នកទេសចរ​បរទេស​ភ័យខ្លាច​មិន​ហ៊ាន​មក​លេង​កម្ពុជា។

ស្ថានភាព​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​តិច​តួច​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ជិតខាង។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ​រយៈពេល​៦​ខែ​ឆ្នាំ​២០២៤​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ជាង​៣​(៣,១៦) លាននាក់។ ​ចំនួន​នេះ ​មាន​ការ​កើន​ឡើង​ជិត​២៣​(២២,៧%) ​ភាគរយ ​បើ​ធៀប​និង​​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ។

បើ​ទោះបីជា​ក្រសួង​ទេសចរណ៍​ អះអាង​ពី​ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២៤​​​ក៏ដោយ ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ដូច​ជា​ថៃ​(Thailand)​និង​ម៉ាឡេស៊ី​(Malaysia)​ជាដើម ​កំណើន​ភ្ញៀវ​ទេសចរ​នេះ ​គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

tourist.jpg
អ្នកទេសចរ​ចម្រុះជាតិ​សាសន៍​ទៅ​កកកុញ​នៅ​ផ្សារ​រាត្រី​ក្នុង​ទីក្រុង​កូឡាឡាំពួ​នៃ​ប្រទេស​ម៉ាឡេស៊ី កាល​ព​ថ្ងៃទី២៣ ខែ​កក្កដា ២០២៤។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ លោក គឹម សុខ ចាត់ទុក​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ​មក​កម្ពុជា​តិច​ជាង​ប្រទេស​ជិត​ខាង​នេះ​ថា ​បណ្ដាល​មក​​ពី​រដ្ឋាភិបាល​​បច្ចុប្បន្ន​គ្រប់គ្រង​អំណាច​បែប​ផ្ដាច់ការ ​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ ការ​ចាប់​ចង​សកម្មជន​គណបក្ស​នយោបាយ ​សង្គមស៊ីវិល​ ព្រមទាំង​នៅ​ក្នុង​សង្គម​កើត​មាន​អំពើ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ទៀត។

លោក​ គឹម សុខ ​បាន​ប្រដូច​ការ​ឡើង​កាន់​អំណាច​របស់​លោក​ ហ៊ុន ម៉ាណែត ​បច្ចុប្បន្ន គឺ​ដូចគ្នា​និង​ប្រទេស​កូរ៉េ​ខាងជើង ​ដែល​ផ្ទេរ​អំណាច​ពី​ឪពុក ​បន្ត​មក​កូន​ ហើយ​បង្កើត​ឱ្យ​មាន​​អំពើ​ឧក្រិដ្ឋកម្ម​ជា​ច្រើន ​ផ្នែក​នយោបាយ​ ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​សង្គម។

លោក គឹម សុខ៖ «ដោយសារ​តែ​ស្អុយ​ពេក ​ស្អុយ​ក្នុង​នយោបាយ​ឧក្រិដ្ឋកម្ម​។ ឧក្រិដ្ឋកម្ម​នេះ​ គឺ​ជា​សត្រូវ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​វិនិយោគ ​ម៉្លោះ​ហើយ​​​ទើប​ធ្វើ​ឱ្យ​ស្រុក​របស់​យើង​ស្ងាត់​អ្នកទេសចរ​ឈឹង ​មិន​ទៅ​ទស្សនា​កម្ពុជា​ទេ។​ ក្លិន​ស្អុយ​បែប​នេះ ​មិន​ត្រឹមតែ​មិន​អាច​ទាក់ទាញ​អ្នក​ទេសចរ ​អ្នក​វិនិយោគ​ថ្មីៗ ​ឱ្យ​ចូល​ទៅ​រកស៊ី​កម្ពុជា​មិន​បាន​ទេ ​សូម្បី​តែ​អ្នក​វិនិយោគ​ ដែល​កំពុង​តែ​រកស៊ី​នៅ​កម្ពុជា​សព្វ​ថ្ងៃ ​ក៏​នាំ​គ្នា​វេច​បង្វេច ​ប្រុង​ចេញ​ពី​កម្ពុជា​បណ្ដើរៗ​ហើយ»។

អគ្គនាយក​គ្រឹះស្ថាន​អង្គរ ​លោក​ លី សែ ​បាន​អះអាង​ផ្ទុយ​ពី​អ្នក​វិភាគ​ ដោយ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​មក​ទស្សនា​កម្ពុជា​កំពុង​តែ​កើន​ឡើង។

លោក លី សែ ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា​​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២៤ ​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​ទិញ​សំបុត្រ​​មក​ទស្សនា​តំបន់​អង្គរ​ មាន​ចំនួន​ជាង​៥២​ម៉ឺន​នាក់ ​ហើយ​រក​បាន​ប្រាក់​ចំណូល​ជាង​២៥​លាន​ដុល្លារ​អាមេរិក។ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នេះ​ គឺ​កើន​ឡើង​៤០​ភាគ​រយ​បើ​ប្រៀបធៀប​​និង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។

ទេសចរ (1).jpg
ក្រុម​ទេសចរ​អឺរ៉ុប​និង​អាស៊ី​ឈរ​តម្រង់​ជួរគ្នា​កកកុញ នៅ​មុខ​ច្រកទ្វារ​ប៉ូលិស​អន្តោប្រវេសន៍​ដើម្បី​បំពេញ​បែបបទក្នុង​ព្រលាន​យន្តហោះអន្តរជាតិ​សុវណ្ណភូមិ ប្រទេស​ថៃ កាលពី​ថ្ងៃទី២៤ ខែ​កក្កដា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

បែប​នេះ​ក្តី មន្ត្រី​រូប​នេះ ​អះអាង​ថា ​ស្ថានភាព​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​កម្ពុជា ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​និង​សង្គ្រាម​នៅ​អឺរ៉ុប។

លោក លី សែ៖ «ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន​ផង ​តម្លៃ​ប្រេង​ឡើង​​ផង​ ទាំង​អស់​នឹង​វា​ប៉ះពាល់​ទូទៅ​នៅ​លើ​សកល​លោក​។ ​ដូច្នេះ​​បាន​ជា​រាលដាល​មក​ដល់​កម្ពុជា​ដែរ។ ​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​នៅ​ចិន ​មិនទាន់​មាន​កំណើន​ប្រសើរ​ដូច​មុន​ ក៏​វា​មាន​ការ​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​កម្ពុជា​ដែរ។ ​ជា​ធម្មតា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិភព​លោក ​កាលណា​សេដ្ឋកិច្ច​​ប៉ះពាល់ ​បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ត្រូវ​កាត់​បន្ថយ។ ប៉ុន្តែ​យើង​រំពឹង​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ជា​បណ្ដើរៗ​បន្ត​បន្ទាប់​ហើយ»។

របាយការណ៍​ របស់​ក្រសួង​ទេសចរណ៍​និង​កីឡា​​ប្រទេស​ថៃ​បង្ហាញ​ថា​ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២៤​ ថៃ​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ១៧​លាន​នាក់​ ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ជាង​២២​ពាន់​លាន​ដុល្លារ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​និង​ការ​សិក្សា​ស្រាវជ្រាវ​ លោក ​សេក សុជាតិ ​យល់​ថា ​វិស័យ​ទេសចរណ៍​កម្ពុជា​ធ្លាក់ចុះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​មាន​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​គំរាមកំហែង​ទៅ​លើ​គណបក្ស​នយោបាយ​ ការ​ចាប់​ខ្លួន​អ្នក​ប្រឆាំង ​សកម្មជន​បរិស្ថាន ​ការ​រំលោភ​សិទ្ធិមនុស្ស ​ គ្មាន​ស្តង់ដារ​ការពារ​សុវត្ថិភាព​ដល់​អ្នក​ទេសចរ ​មាន​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ មាន​ការិយាធិបតេយ្យ​លើ​ការ​ទារ​កម្រៃ​សេវា​ពី​ភ្ញៀវ​ទេសចរ ​ការ​ធ្វើ​ម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ​មិន​ទាន់​មាន​អនាម័យ ព្រម​ទាំង​មិន​ទាន់​មាន​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ពិសេស ​នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ ឱ្យ​អ្នកទេសចរ​ជា​ដើម។

លោក សេក សុជាតិ យល់​ថា ​បញ្ហា​ទាំង​នេះ​ កំពុង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មិន​ជឿ​ជាក់ ​និង​ភ័យខ្លាច ​ចំពោះ​ដំណើរ​មក​កំសាន្ត​នៅ​កម្ពុជា។

លោក ​សេក សុជាតិ៖ «ភ្ញៀវ​ទេសចរ​មក​ពី​សហគមន៍​អឺរ៉ុប​ គេ​តែង​ប្រកាន់ខ្ជាប់​​នូវ​គោលការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​គេ​ចូលចិត្ត​ធ្វើ​អ្វី​ប្រកប​ដោយ​តម្លាភាព ​ដូច្នេះ​គេ​មិន​ចូល​ចិត្ត​ការ​ផ្ដល់​សេវា​របស់​កម្ពុជា​នៅ​តាម​ព្រលាន​យន្តហោះ​ ដែល​លេច​ឮ​កន្លង​មក​ថា​មាន​ការ​ស្នើ​សុំ​ឱ្យ​ភ្ញៀវ​ទេសចរ ​បង់លុយ​បន្ថែម​ដើម្បី​ទទួល​បាន​សេវាកម្ម​លឿន​ជា​ដើម។​ ទន្ទឹម​នឹង​នេះ​ភ្ញៀវ​ទេសចរ​ ក៏​មាន​បញ្ហា​ទាំង​ការ​ស្នាក់នៅ​ ការ​ធ្វើ​ដំណើរ​ក៏​មាន​​តម្លៃ​ខ្ពស់​ ហើយ​​​ពាក់ព័ន្ធ​អនាម័យ​លើ​ការ​ហូប​ចុក​ទៀត​សោត​ ក៏​មិនទាន់​មាន​ស្តង់ដារ​ ណា​មួយ​ធានា​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ»។

អ្នក​វិភាគ​លើ​ការ​អភិវឌ្ឍន៍​និង​បញ្ហា​សង្គម​មួយ​ចំនួន​ យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា ​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​ប្រសើរ​ឡើង​វិញ​ ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ពី​ផ្ដាច់ការ ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ​គោរព​សិទ្ធិមនុស្ស​ ដោយ​បើក​ទូលាយ​នូវ​សិទ្ធិ​សេរីភាព ​ព្រម​ទាំង​ឱ្យ​គណបក្ស​នយោបាយ​ចម្រុះ​ អាច​ចូល​រួម​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ​សេរី​និង​យុត្តិធម៌​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។