កម្មកររោងចក្រកាត់ដេរចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យឡើងដល់ជាងពីររយដុល្លារ (២០០$) ព្រោះការចំណាយប្រចាំថ្ងៃ និងទំនិញចេះតែឡើងថ្លៃ ខណៈក្រសួងការងារមានគម្រោងពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ។ ក្រុមប្រឹក្សាជាតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ នឹងបើកកិច្ចប្រជុំអំពីបញ្ហានេះ នៅខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកំណត់ផ្លូវការតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨មក។
កម្មកររោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ស្នើឲ្យមានការដំឡើងប្រាក់ឈ្នួលប្រចាំខែប្រមាណជាងពីររយដុល្លារ ស្របពេលដែលក្រសួងការងារដាក់ចេញនូវកាលបរិច្ឆេទសម្រាប់ពិគ្រោះជាមួយនឹងសហជីព អំពីប្រាក់ខែស្នូលរបស់កម្មករ ក្នុងខែកញ្ញាខាងមុខនេះ។
កម្មការិនី រោងចក្រ កាត់ដេរ ជា ស៊ីណាត នៅរាជធានីភ្នំពេញ លោកស្រី គឹម ចាន់ណារី ប្រាប់អាស៊ីសេរីនៅល្ងាចថ្ងៃទី២៥ ខែមិថុនាថា សព្វថ្ងៃជីវភាពរបស់កម្មករ កម្មការិនីមានការលំបាក ដោយសារប្រាក់ខែមានចំនួនតិចតួចតែប្រាក់ចំណាយច្រើនត្បិតមុខទំនិញគ្រប់ប្រភេទ និងប្រេងសាំងឡើងថ្លៃ ធ្វើឲ្យលោកស្រីចាយវាយដោយត្បិតត្បៀតទើបល្មមនឹងប្រាក់ខែ។
លោកស្រីបន្ថែមថា កម្មករទាំងអស់ចង់ឲ្យមានការដំឡើងប្រាក់ខែគោលយ៉ាងហោចក៏បានត្រឹម២១៤ដុល្លារ ដើម្បីឲ្យងាយស្រួលទិញដូរ និងគ្រាន់មានប្រាក់សន្សំខ្លះ និងសងធនាគារខ្លះ៖ «ឥឡូវ២០២៣អត់ទាន់បានឡើងប្រាក់ខែផង មិនទាន់បានឡើងប្រាក់ខែផង សាំងប្រាំមួយពាន់ប្រាំរយរៀល ( ៦៥០០ ) ហើយហ្នឹង។ អឺ ! បើតាមចិត្តខ្ញុំម៉ង អាថ្ងៃទី១ ខែ៧ហ្នឹង គេសម្រេច គេប្រជុំសម្រេចដោះស្រាយប្រាក់ខែគោលកម្មករហ្នឹងហើយលោកគ្រូចាស។ បើតាមខ្ញុំសំណូមពរ សុំប្រាក់ខែគោល២១៤ ( ដុល្លារ ) បានហើយ » ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការស្រាយបំភ្លឺជុំវិញរឿងនេះ ពីរដ្ឋមន្ត្រីក្រសួងការងារ និងមន្ត្រីបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានទេនៅល្ងាចថ្ងៃទី២៥ ខែមិថុនា។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ប្រាប់អាស៊ីសេរីថា តំណាងសហភាពសហជីពនឹងលើកសំណើទៅក្រសួងការងារ និងគ្រប់ថៅកែនិយោជក នៅក្នុងកិច្ចចរចាខាងមុខ ដោយសុំឲ្យដំឡើងប្រាក់ខែដល់កម្មករនិយោជិក ជាអប្បបរមាត្រឹមជាងពីររយដុល្លារសម្រាប់ឆ្នាំ២០២៣។ លោកបន្តថា មុននឹងចូលរួមកិច្ចចរចា គ្រប់សហជីពនឹងធ្វើការស្រាវជ្រាវអំពីតម្រូវការ និងជីវភាពរបស់កម្មករនិយោជិក តើពួកគាត់ចង់បានយ៉ាងណា រួចហើយលោកនឹងប្រជុំសហជីពដំណាច់ខែកក្កដា ដើម្បីប្រមូលសំណើសម្រាប់ចរចាជាមួយក្រសួងការងារក្នុងខែកញ្ញា រកច្រកចេញមួយឲ្យសមរម្យ៖ « ឆ្នាំនេះស្ថានភាពកូវីដក៏វាចប់ ហើយរោងចក្រសហគ្រាសហ្នឹងដំណើរការធម្មតា វិស័យនេះនាំចេញច្រើន ជាង១៤ពាន់ ពាន់លាន ( ១៤០០០ ០០០ ០០០ ) ដូចថាវាច្រើនមែនទែន២០២១ ដូច្នេះយើងសង្ឃឹមថា ចូលឆ្នាំថ្មីនេះ គេនឹងឡើងច្រើនជាងមុន ហើយម្យ៉ាងទៀតឆ្នាំថ្មីជាឆ្នាំបោះឆ្នោតជាតិផង ដូច្នេះអ្នកនយោបាយច្បាស់ជាមានការគិតគូរ។ បើមិនដូច្នោះទេ មិនអាចទាក់ទាញការគាំទ្រពីកម្មករបានទេបាទ» ។
សេចក្ដីប្រកាសរបស់ក្រសួងការងារចេញថ្ងៃទី២៣ ខែមិថុនា បានបញ្ជាក់ថា កាលវិភាគសម្រាប់ការចរចាប្រាក់ខែអប្បបរមា ក្នុងផ្នែកវាយនភណ្ឌ រោងចក្រកាត់ដេរ រោងចក្រផលិតស្បែកជើង ជាដើមសម្រាប់ឆ្នាំ២០២៣ នឹងធ្វើឡើងដោយផ្អែកលើច្បាប់ស្ដីអំពីប្រាក់ឈ្នួលអប្បបរមា ប្រកាសដើម្បីឲ្យអនុវត្ត កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨។
ការចរចាប្រាក់ខែអប្បបរមានៃឆ្នាំ២០២៣ ត្រូវធ្វើឡើងតាមតារាង គឺខែកក្កដា ឆ្នាំ២០២២ ជាការផ្ដើមពិគ្រោះជាលក្ខណៈផ្ទៃក្នុងនៃភាគីនីមួយៗ ខែសីហា ជាការផ្ដើមពិគ្រោះជាលក្ខណៈទ្វេភាគី និងត្រីភាគី ស្របពេលខែកញ្ញា នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិក ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងសម្រាប់ឆ្នាំ២០២៣។
ចំពោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិករដ្ឋាភិបាល បានប្រកាសដំឡើងពី១៩២ដល់១៩៤ដុល្លារក្នុងឆ្នាំ២០២១ ប៉ុន្តែកម្មករនិយោជិកមិនបានទទួលការដំឡើងពីថៅកែនិយោជកទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។