ស្រូវប្រាំងរបស់ប្រជាកសិករនៅតាមខេត្តមួយចំនួនប្រឈមខូចខាត ដោយសារគ្មានទឹក ដើម្បីស្រោចស្រពបានគ្រប់គ្រាន់។ មន្ត្រីសង្គមស៊ីវិលថា ជាច្រើនឆ្នាំមកនេះ អាជ្ញាធរពាក់ព័ន្ធ ហាក់ គ្មានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជូនកសិករឱ្យបានត្រឹមត្រូវនោះទេ។
នៅពេលរដូវប្រាំងម្ដងៗ កសិករភាគច្រើន នៅតាមខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ជាដើម ពួកគាត់ហាក់មមាញឹកប្រឹងប្រែង ធ្វើស្រូវប្រាំង ទាំងត្រដាបត្រដួស ដើម្បីបានថវិកាខ្លះ ដោះស្រាយជីវភាពគ្រួសារ។ ប៉ុន្តែ របរធ្វើស្រែប្រាំង នេះ តែងតែជួបបញ្ហាជាច្រើន ជាពិសេស បញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ ពុំបានគ្រប់គ្រាន់។កសិករ ថា បញ្ហាខ្វះទឹកប្រើប្រាស់លើវិស័យកសិកម្មជារឿងដដែល ប៉ុន្តែអាជ្ញាធរពុំអើពើដោះស្រាយជូនប្រជាកសិករឱ្យបានត្រឹមត្រូវឡើយ។
កសិកររស់នៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោក មិន រ៉ា ប្រាប់វិទ្យុ អាស៊ីសេរីថា ឆ្នាំនេះ លោកធ្វើស្រូវប្រាំងចំនួន១០ហិកតារ ហើយ ថ្មីៗនេះ លោកទើបតែចាប់ផ្ដើមធ្វើស្រូវប្រាំង រដូវកាលទី២ ប៉ុន្តែ បែរជាជួបបញ្ហារីងស្ងួតពុំមានទឹកស្រោចស្រព គ្រប់គ្រាន់ ជិតកន្លះខែមកហើយ។ លោកបន្តថា ប្រជាកសិកររាប់រយនាក់ នៅក្នុងឃុំចំណោម និងឃុំសឿង កំពុងតែព្រួយបារម្ភខ្លាំងពីបញ្ហាខ្វះទឹកនេះ ព្រោះថា ស្រូវប្រាំងរបស់កសិកររាប់ពាន់ហិកតារ ប្រឈមនឹងខូចខាត ស្ទើរតែទាំងស្រុង បើពុំមានទឹកសង្គ្រោះ បានទាន់ពេលវេលា។
លោក មិន រ៉ា៖«ខាងខ្ញុំនេះ អស់ទឹកអាលីង ដល់ស្ទឹងមង្គលបុរីទៀត។ សព្វថ្ងៃ អស់ទាំងទឹកស្ទឹងទៀត រកតែទឹកប្រើប្រាស់មិនចង់បាន មែនតែទឹកតាមស្រះរៀងៗខ្លួន និងប្រើទឹកស្អាតខ្លះ»។
ប្រជាកសិករភាគច្រើននៅក្នុងឃុំសឿ និងឃុំចំណោមជាដើម ពួកគាត់ធ្វើកសិកម្មពឹងអាស្រ័យលើទឹកបឹង និងទឹកត្រពាំងដែលបានបន្សល់ទុក តាំងពីសម័យខ្មែរក្រហម រួមនឹងប្រព័ន្ធទឹកពីស្ទឹងមង្គលបុរី ដែលហូរចេញពីបឹងទន្លេសាប ភ្ជាប់តាមដងស្ទឹងសិរីសោភ័ណ ក៏ប៉ុន្តែ ទឹកស្ទឹងទាំងនោះ ពុំគ្រប់គ្រាន់សម្រាប់កសិករធ្វើកសិកម្ម នោះទេ អស់រយៈពេលជាច្រើន ឆ្នាំមកនេះ។
បញ្ហាខ្វះទឹកនេះ លោក មិន រ៉ា ឱ្យដឹងថា ដោយសារតែខ្វះប្រព័ន្ធធារាសាស្ត្រ ដើម្បីស្តុកទឹកទុកឱ្យបានត្រឹមត្រូវ កាលពីរដូវវស្សា។ លោកបន្តថា នៅពេល រដូវវស្សាម្ដងៗ តែងតែមានទឹកជន់ហូរចោល ប៉ុន្តែ គ្មានប្រព័ន្ធស្តុកទឹក ឱ្យបានត្រឹមត្រូវនោះឡើយ។លោកថា ប្រសិនបើអាជ្ញាធរ បង្កើនប្រព័ន្ធធារាសាស្ត្រឱ្យបានច្រើន និងមានស្តង់ដារល្អ កសិករនឹងលែងបារម្ភ បញ្ហាខ្វះទឹកប្រើប្រាស់ទៀតហើយ។
បន្ថែមពីនោះ ទឹកស្ទឹងមង្គលបុរីនេះ មានប្រជាកសិកររាប់ពាន់នាក់ នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង ក៏ពួកគាត់បានប្រើប្រាស់សម្រាប់ធ្វើស្រូវប្រាំងដែរ។ គិតត្រឹមខែធ្នូ នេះទឹកស្ទឹងមង្គលបុរី កាន់តែរីងស្ងួត ហើយស្រូវប្រជាកសិករ រាប់ពាន់ហិកតារ ដែលទើបតែចាប់ផ្ដើមធ្វើ និង ខ្លះទៀតជិតនឹង ប្រមូលផលហើយនោះ កំពុងតែប្រឈមការខូចខាត ចន្លោះពី៥០% ទៅ៧០% ដោយសារតែគ្មានមានទឹកស្រោចស្រពបានដិតដល់។
កសិករម្នាក់ទៀត នៅស្រុកថ្មគោល ខេត្តបាត់ដំបង លោក ហ៊ុន មាស លើកថា នៅតំបន់របស់លោកក៏គ្មានទឹកសម្រាប់ស្រោចស្រពស្រូវនៅរដូវប្រាំង ឆ្នាំនេះដែរ។ លោកថា កសិករភាគច្រើន ធ្វើស្រូវប្រាំងពឹងលើទឹកស្ទឹងមង្គលបុរី ប៉ុន្តែ ថ្មីៗនេះ ទឹកស្ទឹងរីងស្ងួត ហើយអាជ្ញាធរបាន ហាមពលរដ្ឋមិនឱ្យប្រើប្រាស់ទឹកស្ទឹង សម្រាប់បង្កបង្កើនផលស្រូវទៀតនោះទេ ព្រោះខ្លាចអស់ទឹក សម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ។ ករណីនេះ លោកថា កសិករ កំពុងតែព្រួយបារម្ភ ដេកមិនលក់ ព្រោះមិនដឹងថា បានទឹកឯណា មកស្រោចស្រពស្រូវរបស់ពួកគាត់ទៀតនោះឡើយ។
លោក ហ៊ុន មាស៖«នៅស្រុកថ្មគោល ភូមិបឹងព្រីងនេះ គឺប្រភពទឹកយកពីទឹកស្ទឹងមង្គលបុរីនេះទាំងអស់ ត្រូវប្រើទឹកស្ទឹង ដល់ពេលប្រឡាយនេះវារាក់ វាបទបែនច្រើនទៅ វាហូរយឺត អ៊ីចឹងទៅ វាអត់គ្រប់»។
ទាក់ទិនរឿងនេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៣០ ខែធ្នូ ថាចាប់ពីថ្ងៃទី១ ខែមករានេះ ទឹកស្ទឹងមង្គលបុរីលែងបើកឱ្យប្រជាពលរដ្ឋ ដែល រស់នៅស្រុកថ្មគោល និងស្រុកបវេល ប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំស្រូវទៀតហើយ ដោយសារតែទឹកស្ទឹងនៅសល់តិចតូច គឺទុក សម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ក្រៅពីស្រូវប៉ុណ្ណោះ។ អាជ្ញាធរបញ្ជាក់ថា បញ្ហាខ្វះទឹកនេះ ដោយសារតែការបម្រែបម្រួលសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ដែលបានជះឥទ្ធិពល ដល់កម្ពុជា ធ្វើឱ្យទឹកនៅរដូវប្រាំងឆ្នាំនេះ ខ្វះខាត និងមានបញ្ហាហួតហែងលឿនរហ័ស។
រីឯកសិករនៅស្រុកបវេល ភាគច្រើនបានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា បើអាជ្ញាធរហាមមិនឱ្យពលរដ្ឋប្រើប្រាស់ទឹកស្ទឹងមង្គលបុរីបន្តទៀត គឺស្មើនឹងដំណាំស្រូវពួកគាត់ ត្រូវបានទុកចោលឱ្យងាប់ទាំងស្រុង ព្រោះគ្មានទឹកស្រោចស្រពនោះឡើយ។ បញ្ហារីងស្ងួតនេះ ធ្វើឱ្យពលរដ្ឋ ពិបាកចិត្ត ព្រោះថា ថវិកា ទាំងអស់ដែលយកមកធ្វើស្រែនេះ សុទ្ធសឹងតែខ្ចីបុលពីធនាគារ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អនុប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក លោក ខៃ សុដា និង អភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ណាត់ ពៅ ឯណេះវិញ ក៏ជួបបញ្ហាខ្វះទឹក សម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងរបស់លោកដែរនៅឆ្នាំនេះ។ លោកថា ស្រូវរបស់កសិកររាប់រយហិកតារ ដែលពឹងអាស្រ័យលើប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ឬទឹកស្ទឹងពោធិ៍សាត់ ឥឡូវនេះនៅអាចមានទឹកខ្លះសម្រាប់ធ្វើកសិកម្ម ប៉ុន្តែលោកថា យ៉ាងយូរមួយខែទៀត បើពុំមានភ្លៀងធ្លាក់ខ្លះទេ ដំណាំស្រូវជាច្រើនហិកតាររបស់កសិករ ក៏នឹងប្រឈមខូចខាតអស់ដែរ។
លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវតែដោះស្រាយលើកករណីនេះ ដើម្បីជួយសម្រួលជីវភាពរបស់កសិករ។
លោក ណាត់ ពៅ៖ «អាជ្ញាធរគួរតែជួយធ្វើប្រព័ន្ធធារាសាស្ត្រប្រព័ន្ធប្រឡាយទឹកសាងសង់ឱ្យបានច្រើន សម្រាប់កសិករងាយស្រួលធ្វើកសិកម្ម»។
រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែធ្នូ បានជូនដំណឹងឱ្យប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផល ដំណាំស្រូវ ក្នុងរដូវប្រាំងលើកទី២ ជាបណ្ដោះអាសន្ន ចាប់ពីខែមករានេះ ដោយសារតែខ្វះខាតទឹក សម្រាប់ផ្គត់ផ្គង់។ អាជ្ញាធរថា តាមផែនការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៥ បានត្រឹមតែ២ម៉ឺនហិកតារ។ ប៉ុន្តែជាក់ស្ដែង ប្រជាកសិករ បានបង្កបង្កើនផលជិត៦ម៉ឺនហិកតារ (៥៨.៧៧០) ដែលនេះលើសផែនការកំណត់នៃការប្រើប្រាស់ទឹក ដែលបានគ្រោងទុក។ អាជ្ញាធរព្រមានថា ប្រសិនបើពលរដ្ឋណា នៅតែបន្តធ្វើស្រូវប្រាំងលើកទី២ ហើយខូចខាត អាជ្ញាធរពុំទទួលខុសត្រូវឡើយ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាលខេត្ត ពោធិ៍សាត់ លោក ខូយ រីដា និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ហៃ ធូរ៉ា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
រីឯអ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយ លោក ឃុន សុខា និងអ្នកនាំ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានបដិសេធមិនឆ្លើយតបជុំវិញរឿងនេះ ដោយបង្វែរឱ្យទៅសួរក្រសួងធនធានទឹក និងឧតុនិយម។ ចំណែក អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ក៏មិនសុំការឆ្លើយតប ជុំវិញរឿងនេះ បានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការសាមគ្គីភាពកសិករកម្ពុជាលោក ឌី គន្ធា ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាខ្វះទឹកសម្រាប់ធ្វើកសិកម្ម របស់កសិករជាដដែលនេះ ដោយសារតែអាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ខ្វះឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយជូនប្រជាកសិករឱ្យបានត្រឹមត្រូវ។ លោកចាត់ទុកការមិនប្រឹងប្រែង និងការមិនអើពើ ដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលានេះ គឺជាការមិនឱ្យតម្លៃលើប្រជាកសិករ។
លោកបន្ថែមថា អាជ្ញាធរពាក់ព័ន្ធ គួរតែដល់ពេលហើយ ដែលត្រូវពិចារណាឡើងវិញ ដោះស្រាយបញ្ហាទឹកឱ្យ មានប្រសិទ្ធភាពខ្ពស់ បើពុំដូច្នោះទេ ករណីនេះ ប្រជាពលរដ្ឋ កាន់តែអស់ជំនឿ ចិត្តកាន់តែ ខ្លាំងលើប្រព័ន្ធដឹកនាំរដ្ឋ ខណៈដែលពលរដ្ឋភាគច្រើន កាន់តែមានជីវភាពក្រីក្រ និងជំពាក់បំណុលគេកាន់ច្រើន ដោយសារតែការប្រកបរបរ កសិករ និងរបរផ្សេងៗ ពុំសូវ ទទួលបានផលចំណេញ។
លោក ឌី គន្ធា៖«យូរៗទៅធ្វើប្រជាកសិករនឹងមានអារម្មណ៍ក្ដីក្រហាល លែងមានជំនឿចិត្តលើរដ្ឋាភិបាល ហើយ មួយទៀតវានឹងជះឥទ្ធិពលអសន្តិសុខស្បៀងក្នុងចំណោម គ្រួសារកសិករ ដែលអាចងាយនឹងរងគ្រោះ។ សមាជិករបស់ពួកគាត់ ងាយនឹងបោះបង់ការសិក្សា និងចំណាក់ស្រុក។»
ប្រជាពលរដ្ឋជំរុញឱ្យរដ្ឋាភិបាល គួរតែ ហ៊ានចំណាយថវិកា ក្នុងការស្ដារ បឹងបួ ស្ទឹងនិងអូរ ឱ្យបានត្រឹមត្រូវ ដែលជាប្រភពទឹកសំខាន់ដល់ប្រជាកសិករ អាចធ្វើស្រូវបានទាំងរដូវវស្សា និងរដូវប្រាំង ដូចទៅនឹង បណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួន បើពុំដូច្នេះទេ ប្រជាពលរដ្ឋភាគច្រើន នឹងបោះបង់របរធ្វើស្រែចម្ការ ហើយ ចំណាកស្រុកទៅរកការងារ ធ្វើការនៅក្រៅប្រទេសកាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។