កម្មករ​វិស័យ​កាត់ដេរ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់​តែ​ប្រសើរ​នៅ​ឆ្នាំ​២០២៥

កម្មកររោងចក្រកាត់ដេរ១កន្លែងនៅរាជធានីភ្នំពេញ ចេញសម្រាក​ម៉ៅងបាយថ្ងៃត្រង់។ រូបកាលពីឆ្នាំ២០២៣។
កម្មកររោងចក្រកាត់ដេរ១កន្លែងនៅរាជធានីភ្នំពេញ ចេញសម្រាក​ម៉ៅងបាយថ្ងៃត្រង់។ រូបកាលពីឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

0:00 / 0:00

កម្មករ​មួយ​ចំនួន​ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ និង​មាន​ជីវភាព​ត្រដាបត្រដួសរំពឹង​ថា នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់​តែ​ប្រសើរ និង​ឆាប់​សង​លុយ​ធនាគារ​អស់។ ពួកគាត់ មើល​ឃើញ​ថា បើ​រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​កម្មករ និង​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ នោះ​កម្ពុជា​នឹង​ទទួល​បាន​អ្នក​វិនិយោគ​មក​ពី​ប្រទេស​លោក​សេរី និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា ហើយ​កម្មករ​ក៏​អាច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​សព្វថ្ងៃ។

នៅ​មិន​ដល់​២​សប្ដាហ៍​ទៀត​ទេ ឆ្នាំ​សកល ២០២៥ នឹង​ចូល​មក​ដល់។ ចំណែក​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៥ សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ២០៨ ដុល្លារអាមេរិកក្នុងមួយខែ ក៏​នឹង​ចាប់​ផ្ដើម​អនុវត្ត នៅ​ថ្ងៃ​ទី១ ខែ​មករា​ខាង​មុខ​នេះ ។ ថ្វី​បើ​ប្រាក់​ឈ្នួល​នេះ នឹង​កើន​ឡើង​ជាង​ឆ្នាំ​២០២៤ ក៏​ដោយ ក៏​កម្មករ​មួយ​ចំនួន ត្អូញត្អែរ​ថា ប្រាក់​ឈ្នួល​នេះ នៅ​តែ​ពុំ​អាច​ឲ្យ​ពួកគាត់​មាន​ជីវភាព​សមរម្យ និង​ដោះបំណុល​ធនាគារ​បាន​ឆាប់​នោះ​ឡើយ។

កម្មការិនី​ធ្វើការ​នៅ​រោងចក្រ អ.ជី(R.G FOOTWEAR)លោកស្រី ផែន ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​លោកស្រី និង​ស្វាមី ស្ទើរតែ​ទប់​មិន​ចង់​ជាប់​នឹង​ចំណាយ​ប្រចាំ​ថ្ងៃ​ឡើយ ព្រោះ​លោកស្រី​ត្រូវ​ចំណាយ​លើ ថ្លៃ​បន្ទប់​ជួល ទឹក ភ្លើង ម្ហូប​អាហារ និង​ការ​សិក្សា​របស់​កូន​ជាដើម ។ កម្មការិនី មាន​កូន​បី​នាក់​ក្នុង​បន្ទុក​រូប​នេះ បន្ត​ថា គាត់​តែង​ត្បិតត្បៀត​ថ្លៃ​ចំណាយ​លើ​ម្ហូប​អាហារ ដើម្បី​បង្គ្រប់​ខ្ទង់​ចំណាយ​ប្រចាំ​ខែ។

លោកស្រី ផែន ស្រីរ័ត្ន៖«ពិបាក​ដែរ​ហ្នឹង អីវ៉ាន់​ឡើង​ថ្លៃ​តាំង​ពី​អង្ករ ឡើង​ថ្លៃ​ទាំង​អស់​នៅ​ម្ដុំ​នេះ ប្រាក់​ខែ​ថោក​ហើយ​ឥឡូវ​ធ្លាក់​ថ្លៃ​ទៀត​ពិបាក​ដែរ»។

ចំណែក​អតីត​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​កន្លែង​ការងារ ក្រោយ​ពី​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​សហជីព ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន លោកស្រី នៅ​ពុំ​ទាន់​ចូល​បម្រើ​ការងារ​នៅ​កន្លែង​ផ្សេង​ឡើយ ដោយសារ​តែ​បញ្ហា​ជំងឺ។ ប្រការ​នេះ ក៏​បាន​បង្ខំ​ឲ្យ​លោកស្រី ខ្ចី​បុល​ពី​អ្នក​ក្នុង​ភូមិ​ប្រមាណ​២ពាន់​ដុល្លារ​សម្រាប់​ព្យាបាល​ជំងឺ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូនៗ ចំនួន​៣នាក់ ខណៈ​ប័ណ្ណ​​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) របស់​លោកស្រី ក៏​ពុំ​អាច​ប្រើប្រាស់​បាន។

លោកស្រី រឿន កូលាប៖«អាហ្នឹង​ប៉ះពាល់ ដោយសារ​តែ​កូន​របស់​ខ្ញុំ​ត្រូវការ​ថវិកា​រៀន ហើយ​ឥឡូវ​កូន​ប្រាប់​ថា ត្រូវ​ការ​កុំព្យូទ័រ ទូរស័ព្ទ​កូន​ក៏​ខូច ត្រូវ​ការ​រៀន​អនឡាញ(Online)ក៏​រៀន​អត់​កើត ដល់​អីចឹង​ខ្ញុំ​រាល់ថ្ងៃ អត់​ដឹង​ថា រក​វិធីសាស្ត្រ​អ្វី ដើម្បី​ទិញ​សម្ភារៈ​ទាំង​ហ្នឹង​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​បាន​រៀន​បាន​ជួយ​ដោះស្រាយ​កូន ខ្ញុំ​អត់​ដឹង​ទេ រាល់ថ្ងៃ​នេះ ខួរ​ក្បាល​ខ្ញុំ​វិល​អស់​ហើយ ណាមួយ​អត់​មាន​ស្រែ​ធ្វើ ណាមួយ​ត្រូវ​ទិញ​អង្ករ​សព្វគ្រប់​បែបយ៉ាង​ទាំង​អស់ ដល់​ពេល​រៀបរាប់​ចង់​តែ​ទឹក​ភ្នែក​ទេ​ខ្ញុំ»។

ក្នុង​ពេល​ដែល​កម្មករ​កំពុង​ប្រឈម​នឹង​បំណុល​ធនាគារ ប្រាក់ខែ​មិន​សូវ​បាន​ខ្ពស់ ការ​ចំណាយ​កាន់​តែ​ច្រើន ហើយ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ ប្រទេស​កម្ពុជា​ក៏​កំពុង​ប្រឈម​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប ដែល​ជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ធំ​បំផុត​របស់​កម្ពុជា ដោយសារ​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស។

កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​ធ្ងន់ធ្ងរ រួមមាន​ការ​ដាក់​កំហិត​លើ​សិទ្ធិ​ចូលរួម​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បង្កើត​អង្គការ​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ជាដើម ។

តំណាង​កម្មករ​នៃ​រោងចក្រ​សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) លោក កឹម សុភេន ថ្លែង​ថា ក្រោយ​ពី​សហភាព​អឺរ៉ុប បាន​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ឺ.ប៊ី.អេ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ការងារ ដោយ​ពុំ​សូវ​មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​ពី​កម្ពុជា ដូច​គ្រា ដែល​កម្ពុជា​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពេញ​លេញ​ឡើយ ។ តំណាង​កម្មករ​រូប​នេះ រំពឹង​ថា រដ្ឋាភិបាល​នឹង​ស្ដារ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​កម្ពុជា ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា ពី​សហគមន៍​អន្តរជាតិ។

លោក កឹម សុភេន៖«នៅ​ពេល​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ ការងារ​អត់​សូវ​ដាច់​ទេ បាន​ន័យ​ថា ការងារ​យើង​មិន​មែន​មាន​តែ​មួយ​ខែ​ពីរ​ខែ​ទេ គឺ​យើង​បាន​ធ្វើ​វិល​ជុំ​ជាប់​រហូត​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ គឺ​យើង​មិន​ដាច់​ការងារ​ទេ ។ បន្ទាប់​មក​ដោយ​មាន​ការ​រអាក់រអួល ហើយ​មាន​ការ​កាត់​អ៊ី.ប៊ី.អេ(EBA)ចំនួន​២០​ភាគរយ​យើង​ឃើញ​ថា មាន​រោងចក្រ​ច្រើន​ណាស់ ដែល​ព្យួរ​ការងារ កម្មករ​ច្រើន​ណាស់ ដែល​អត់​ការងារ​ធ្វើ ហើយ​ពេល​ដែល​អត់​ការងារ​ធ្វើ គឺ​ផល​ប៉ះពាល់​ទាំង​អស់​គ្នា ទាំង​ថ្នាក់​ដឹកនាំ ទាំង​បងប្អូន​កម្មករ ។ អីចឹង​ខ្ញុំ​សង្ឃឹម​ថា នឹង​កុំ​ឲ្យ​មាន​ការ​បន្ត​ទៀត និង​ធ្វើ​ឲ្យ​បាន​ល្អ បាន​មក​វិញ​កាន់​តែ​ប្រសើរ»។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយតប ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ២២ ខែ​ធ្នូ។

កាលពី​ខែ​កញ្ញា កន្លង​ទៅ​ក្រសួងការងារ​បាន​កំណត់ ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៥ ចំនួន ២០៨ ដុល្លារ​សម្រាប់​កម្មករ​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប គឺ​កើនឡើង​ចំនួន ៤ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​សហជីព​ឯករាជ្យ​បាន​ទាមទារ​ប្រាក់​ឈ្នួល​គោល​ចំនួន ២១៨ ដុល្លារ​ក្នុង​មួយ​ខែ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​ប្ដេជ្ញា​ថា លោក​នឹង​កែប្រែ​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ ខណៈ​ការ​ដាក់​ចំណាត់​ថ្នាក់ ដោយ ​ធនាគារ​ពិភព​លោក​ ឆ្នាំ២០២៤ បង្ហាញ​ថា ប្រទេស ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ គឺ​ត្រូវ​មាន​ចំណូល​ជាតិ​សរុប​ក្នុង​ពលរដ្ឋ​ម្នាក់ៗ (GDP Per Capita) ចន្លោះ​ពី​ជាង ៤ពាន់​ដុល្លារ (៤.៤៦៦) ដល់ ជិត​១ម៉ឺន ៤ពាន់​ដុល្លារ (១៣.៨៤៥) ខណៈ​បច្ចុប្បន្ន​ចំណូល​ជាតិ​សរុប​សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មាន​ចំនួន​ជិត ២ពាន់ ៧រយ (២.៧០០) ដុល្លារ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ទោះជា​ប្រាក់​ឈ្នួល​កម្មករ បន្ត​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ ក៏​ប្រាក់​ខែ​នេះ ហាក់​នៅ​ពុំ​ទាន់​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​កម្មករ​នោះ​ឡើយ ។ អ្នកស្រី​លើកឡើង​ថា បើ​កម្ពុជា ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA របស់​សហភាព​អឺរ៉ុប​ពេញ​លេញ និង​អាមេរិក​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ឡើងវិញ នោះ​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្មករ​ដែរ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ខ្ញុំ​គិត​ថា ចំណុច​ទាំងអស់​ហ្នឹង គឺ​ជះ​ឥទ្ធិពល​ទៅ​ដល់​កម្មករ​និយោជិត ហើយ​បើសិន​ជា​យើង​មានGSPនិងEBAពេញលេញ​ដូច​ពេល​កន្លង​មក​ដែល​យើង​ធ្លាប់​មាន ចង់​ឬ​មិន​ចង់ ខ្ញុំ​គិត​ថា វា​នឹង​បាន​ប្រយោជន៍​ដល់​កម្មករ​និយោជិត បាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ទាំង​អស់ តែ​បើសិនណា ផល​ប្រយោជន៍​ទាំង​អស់​ហ្នឹង ត្រូវ​បាន​កាត់​ផ្ដាច់​បន្តិច​ម្ដងៗ ខ្ញុំ​គិត​ថា វា​មិន​ចំណេញ​អ្វី​ដល់​កម្មករ​និយោជិត ឬ​ប្រជាពលរដ្ឋ​ទេ»។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​សិក្សា​រួមគ្នា​រក​ឃើញ​គ្រួសារ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​កាន់​តែ​ច្រើន​ឡើង។ របាយការណ៍​បង្ហាញ​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​លើស​ពី​​ ៨០ភាគរយ ជំពាក់​បំណុល​ធនាគារ​យ៉ាង​តិច​ ១​ស្ថាប័ន ក្នុង​នោះ​ពលរដ្ឋ​ ២​ភាគ​៣ អះអាង​ថា ពួកគាត់​​ជាប់​បំណុល​ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់។

កម្មករ​ទទូច​ដល់​រដ្ឋាភិបាល ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ពី​សហគមន៍​អន្តរជាតិ និង​លើក​យក​បញ្ហា​បំណុល​ធនាគារ​របស់​ពួកគាត់ ដើម្បី​សម្រួល​ការ​ប្រាក់​ឲ្យ​នៅ​ទាប​ជាង​បច្ចុប្បន្ន។ ពួកគាត់​ថា ប្រការ​នេះ នឹង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កម្មករ និង​សម្រួល​ឲ្យ​ពួកគាត់ មាន​លទ្ធភាព​សង​បំណុល​ធនាគារ​បាន​ឆាប់​រហ័ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។