លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងចាប់ពីថ្ងៃទី២២ ខែសីហា ។ ក្នុងរយៈ ពេល១ខែនៃការកាន់តំណែងនេះ គេមិនទាន់ឃើញលោកមានដំណោះស្រាយលើបញ្ហាធំៗដែល ពលរដ្ឋកំពុងជួបប្រទះទេ ផ្ទុយទៅវិញបែរជាមានវិធានការតឹងរ៉ឹងលើការប្រមូលពន្ធពីប្រជាពលរដ្ឋ ថែមទៀត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងប្រជាពលរដ្ឋលើកឡើងថា រយៈពេលមួយខែនៃការកាន់ តំណែងរបស់លោក ហ៊ុន ម៉ាណែត គឺមានវិធានការរឹតបន្តឹងលើការប្រមូលពន្ធក្នុងពេល ដែល ពលរដ្ឋកំពុងបាត់បង់ការងារ និងជួបបញ្ហាបំណុលធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី ចាប់អារម្មណ៍លើគោលនយោបាយ កែទម្រង់ ការដឹកនាំដែលលោក ហ៊ុន ម៉ាណែត ដាក់ចេញ។ ប៉ុន្តែលោកថា ក្នុង១ខែនេះ ការធ្វើកំណែទម្រង់មិនទាន់ឃើញចេញជាលទ្ធផលទេ។
អ្នកស្រាវជ្រាវរូបនេះកត់សម្គាល់ថា ១ខែកន្លងទៅ រដ្ឋាភិបាលបែរជាមានវិធានការ តឹងរ៉ឹងខុសធម្មតា ចំពោះការប្រមូលពន្ធ។
លោក មាស នី៖ «ពីមុនមិនដែលប្រកាសតាមផ្លូវទេឥឡូវមានដាក់មេក្រូតាមម៉ូតូតាមឡានបើកតាមផ្លូវប្រកាសឱ្យទៅបង់ពន្ធទៀត។ ដល់អ៊ីចឹងទៅយើងមិនដឹងនយោបាយការទារពន្ធរបស់រដ្ឋាភិបាលនឹងត្រូវផ្លាស់ប្ដូរយ៉ាងម៉េច នៅពេលដែលពលរដ្ឋកំពុងតែជួបការលំបាក ឬមួយក៏រដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះពន្ធត្រូវតែឡើង ហើយពន្ធត្រូវតែបង្ខំឱ្យពលរដ្ឋបង់អាហ្នឹងក៏មិនទាន់ឮ ពីមាត់រដ្ឋាភិបាលប្រកាសយ៉ាងម៉េចនៅឡើយទេ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ កត់សម្គាល់ថា លោក ហ៊ុន ម៉ាណែត បានប្រឹងប្រែងលើកិច្ចការទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ប៉ុន្តែមិនទាន់ ចេញជាលទ្ធផលគួរឱ្យកត់សម្គាល់ទេ។ ចំពោះវិធានការប្រមូលពន្ធលោក សេក សុជាតិ ជំរុញឱ្យរដ្ឋាភិបាលពិចារណា ឡើងវិញព្រោះ ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចនេះទាំងពលរដ្ឋ និងអ្នក ជំនួញសុទ្ធតែមានការលំបាកខ្លាំង។
របាយការណ៍អគ្គនាយកដ្ឋានពន្ធដារបង្ហាញថា ក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៣ ស្ថាប័ន នេះប្រមូលពន្ធបាន ប្រមាណ២ពាន់លានដុល្លារដែលចំនួន នេះនៅខ្វះ២១ភាគរយ នៃផែនការ ប្រចាំឆ្នាំ២០២៣។
ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល ពន្ធឱ្យបាន ជាង៣ពាន់ ៥រយលានដុល្លារ (៣.៥៧១,៥៤ លានដុល្លារ)។
នៅក្នុងកម្មវិធីផ្សាយពិសេសពីពន្ធនៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់អគ្គនាយកដ្ឋានពន្ធ ដារ នៅថ្ងៃទី១៥ ខែកញ្ញា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ពន្យល់ថា ការប្រមូលពន្ធបានតិចជាងផែនការដោយសារចំណូលរបស់ប្រជាពលរដ្ឋទូទៅនិង ក្រុមហ៊ុននានា ធ្លាក់ចុះ ព្រោះរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល។
បើទោះជាដឹងថា ពលរដ្ឋស្ថិតនៅក្នុងស្ថានភាពលំបាក ក៏លោក គង់ វិបុល នៅតែប្ដេជ្ញា រឹតបន្តឹងការប្រមូលពន្ធព្រោះលោកត្រូវប្រឈមមុខនិងរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោក គង់ វិបុល៖ «ច្បាប់បានអនុញ្ញាតហើយយើងខ្ញុំមិនមែនចេះតែធ្វើស្រេចចិត្តទេ។ យើងខ្ញុំបើមិនធ្វើយើងខ្ញុំខុសមន្ត្រីអនុវត្តច្បាប់ មន្ត្រីនគរបាលយុត្តិធម៌បើអត់ធ្វើខ្ញុំខុស ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវជាមួយក្រសួងសេដ្ឋកិច្ចនិងជាមួយរដ្ឋាភិបាលត្រូវមានគណនេយ្យភាពជាមួយរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចដែរ»។
អគ្គនាយកដ្ឋានពន្ធដារបានសិក្សាពីការប្រមូលពន្ធបន្ថែមលើរបរតូចតាច និងយកពន្ធ២០ភាគរយ ពីប្រាក់ចំណេញលើជំនួញអចលនទ្រព្យ ដែលពន្ធទាំងនេះពីមុនមិនធ្លាប់មានទេ។
ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញ ឈ្មោះ ក្រុមហ៊ុនជិត៤០(៣៨ក្រុមហ៊ុន)ដែលប្រឈមមុខ ប្តឹងទៅតុលាការព្រោះខកខានបង់ពន្ធតាមការកំណត់។
បុគ្គលិកអង្គការសង្គមស៊ីវិលម្នាក់នៅក្នុងរាជធានីភ្នំពេញ កញ្ញា ប៉ៅ ចិន្តា ថ្លែងថា ក្រោយពេលដឹងថា លោក ហ៊ុន ម៉ាណែត ត្រៀមកាន់តំណែងនាយករដ្ឋមន្ត្រី កញ្ញាសង្ឃឹមថា នឹងមានដំណោះ ស្រាយលើបញ្ហាប្រាក់ចំណូល បំណុល គ្រឿងញៀន និងអំពើពុករលួយជាដើម។ កញ្ញា ខកចិត្តពេលរដ្ឋាភិបាលរឹតបន្តឹងការទារពន្ធក្នុងស្ថានភាពលំបាកនេះ។
កញ្ញា ប៉ៅ ចិន្តា៖ «ការយកពន្ធនៅពេលបច្ចុប្បន្ន បើសិនជាអាចគឺអាចបន្ធូរបន្ថយក្នុងកម្រិត មួយព្រោះប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ន កំពុងជួបបញ្ហាសេដ្ឋកិច្ចរបស់ពួកគាត់ហ្នឹង»។
សាធារណជនបានលើកឡើងលើបណ្ដាញទំនាក់ទំនងសង្គមដោយជំរុញឱ្យលោក ហ៊ុន ម៉ាណែត យកគំរូតាមនាយករដ្ឋមន្ត្រីថៃគឺ លោក សេដ្ឋា ធ្វីស៊ីន (Srettha Thavisin) ដែល ឡើងកាន់តំណែង តំណាលគ្នានេះ ។ ថ្ងៃចូលកាន់តំណែងលោក សេដ្ឋា ប្រកាសពីការដំឡើង ប្រាក់ឈ្នួលពី៣៣៧ បាតស្មើនឹងប្រមាណ ១០ដុល្លារ ទៅ៦០០បាតស្មើនឹងប្រមាណ១៧ ដុល្លារ ក្នុង១ថ្ងៃ សម្រាប់កម្មករជំនាញ។ លើសពីនេះនាយករដ្ឋមន្ត្រីថៃ ក៏មានគោលនយោបាយដោះស្រាយបញ្ហា បំណុល បន្ថយថ្លៃអគ្គិសនី និងថ្លៃប្រេងសាំងជាដើម។
ចំណែកនៅកម្ពុជា រោងចក្រកាត់ដេរកំពុងប្រឈមការបិទទ្វារជាបន្តបន្ទាប់ អ្នកលក់ដូរនៅតាមផ្សារត្អូញត្អែរ ពីការលក់មិនដាច់ ខណៈទំនិញឡើងថ្លៃ ហើយធនាគារនៅតែបន្តទារប្រាក់ពីពលរដ្ឋដែល ជាប់បំណុល។
នៅក្នុងវេទិកាជួបកម្មករជិត២ម៉ឺននាក់នៅខេត្តតាកែវនៅថ្ងៃទី១៩ ខែកញ្ញា លោក ហ៊ុន ម៉ាណែត លើកឡើងពីការដឹកនាំរបស់ឪពុកលោកថា ធ្វើឱ្យពលរដ្ឋទូទៅនិងកម្មករមានជីវភាពធូរធារ។ ពេលនោះលោកឱ្យកម្មករដែលមានលទ្ធភាពទិញដីធ្វើផ្ទះនៅខ្លួនឯងលើកដៃ ប៉ុន្តែស្ទើរតែគ្មានកម្មករណាម្នាក់លើកដៃនោះទេ។
លោក ហ៊ុន ម៉ណែត៖ «អាចសន្សំលុយទិញដីធ្វើផ្ទះខ្លួនឯងបាន។ មើលប៉ុន្មាននាក់បងសួរបន្តិចមានលទ្ធភាពទិញដីធ្វើផ្ទះខ្លួនឯងបានអត់ នៅជាមួយម៉ែឪ?លើកដៃបន្តិចមើល។ ទិញដីទុកមានខ្លះដែរទេ?ឬលើកដៃទៅខ្លាចគេថាយើងមាន?មើលប៉ុន្មាននាក់បានសន្សំលុយទិញដីទុកមិនទាន់ធ្វើផ្ទះ?អត់មានទេ?អ!មានខ្លះដែរនៅខាងក្រោយនោះ?»។
ជុំវិញការរឹតបន្តឹងការប្រមូលពន្ធក្នុងស្ថានភាពលំបាកនេះ នាយកអង្គការសម្ព័ន្ធគណនេយ្យ ភាពសង្គមកម្ពុជា លោក សន ជ័យ ជំរុញឱ្យភាគីប្រជាពលរដ្ឋជាអ្នកបង់ពន្ធ និងស្ថាប័នប្រមូលពន្ធ ជួបគ្នាពិភាក្សាដើម្បីរកដំណោះស្រាយ។
លោក សន ជ័យ៖ «យើងចង់ឱ្យមានកិច្ចពិភាក្សារវាងអ្នកទារពន្ធនិងអ្នកជាប់ពន្ធ។គឺពន្ធដារហ្នឹងតែម្តងដើម្បីរកជម្រើសផ្សេងៗដើម្បីឱ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចដោយរីករាយអ្នកប្រមូលពន្ធបានទទួលការប្រមូលពន្ធមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ»។
ភាពចម្រូងចម្រាសនៃការប្រមូលពន្ធនេះ លោក គង់ វិបុល លើកឡើងថា កម្ពុជាប្រមូលពន្ធតិចតួចបើប្រៀបធៀបទៅនឹងប្រទេសនៅអឺរ៉ុបដែលប្រមូលពន្ធលើប្រាក់ខែ ឬពន្ធចំណេញលើជំនួញអចលនទ្រព្យពី៤០ទៅដល់៥០ភាគរយ។
ចំណុចនេះក៏មានការរិះគន់ខ្លាំងពីពលរដ្ឋដែរគឺពួកគេថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពេលប្រមូលពន្ធប្រៀបធៀបនឹងប្រទេសនៅអឺរ៉ុប ប៉ុន្តែពេលដោះស្រាយបញ្ហាដែលពលរដ្ឋជួបប្រទះប្រៀបធៀបទៅនឹងរបបខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។