ក្រុមមេដឹកនាំសហជីពមួយចំនួន ព្រួយបារម្ភថា កម្ពុជាអាចប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប (EU) ទាំងស្រុង បើកម្ពុជានៅតែគ្មានការឆ្លើយតបជាវិជ្ជមានណាមួយអំពីការបើកលំហប្រជាធិបតេយ្យ ជាពិសេស មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ក្ដីបារម្ភសហជីពបែបនេះ ធ្វើឡើងក្រោយពីសមាជិកសភា អឺរ៉ុបនៅមុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ បានព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង បើសិនរកឃើញថា ការបោះឆ្នោតមានភាពអយុត្តិធម៌ ។ នៅទីបំផុតគណបក្សប្រឆាំង ចាត់ទុកថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបិទបញ្ចប់ថ្មីៗ នេះអាក្រក់ជាងពេលណាៗ ទាំងអស់។
ក្រុមសហជីពគាំពារសិទ្ធិកម្មករ និងសិទ្ធិការងារ លើកឡើងពីក្ដីកង្វល់របស់ខ្លួនថា សហភាពអឺរ៉ុប (EU) អាចធ្វើសេចក្ដីអនុម័តច្បាប់ជាផ្លូវការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាទាំងស្រុងនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ ប្រសិនបើសហភាពអឺរ៉ុបរកឃើញថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបិទបញ្ចប់កាលពីពេលថ្មីៗ នេះមានភាពអយុត្តិធម៌។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ មានភាពមិនប្រក្រតីតាំងពីការមុនការចាប់ផ្ដើម និងការធ្វើយុទ្ធនាការឃោសនានៃគណបក្សនានា ដោយក្នុងនោះសកម្មជនបក្សប្រឆាំងមួយចំនួនបានទទួលរងការគំរាមកំហែង និងមានការចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្រៅពីនេះ លោកមើលឃើញថា ក្រោយពីបានបិទបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ក្នុងអាណត្តិនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតតាមមូលដ្ឋានស្ទើរទូទាំងប្រទេស បានបិទទ្វារការិយាល័យ ដើម្បីរាប់សន្លឹកឆ្នោតស្ងាត់ៗ ដោយមិនបានអនុញ្ញាតឱ្យពលរដ្ឋម្ចាស់ឆ្នោតចូលឃ្លាំមើលឡើយ។ លោក រ៉ុង ឈុន ព្រួយបារម្ភថា បញ្ហាទាំងនេះ អាចធ្វើឱ្យសហភាពអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងពីកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋ ជាពិសេស កម្មករដែលធ្វើការតាមបណ្ដារោងចក្រនឹងកាន់តែរងគ្រោះបន្ថែមទៀត៖ « »។
រីឯអ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាពអឺរ៉ុប (EU) តាំងពីមកដំណើរការបោះឆ្នោតឃុំសង្កាត់អាណត្តិទាំង៥ នេះ គឺឆ្លុះបញ្ចាំងពីការពិតអំពីស្ថានភាពនៃការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា សហភាពអឺរ៉ុបអាចធ្វើសេចក្ដីសម្រេចពេញលេញក្នុងលក្ខខណ្ឌព្យួរប្រព័ន្ធ EBA នេះ ដោយគេផ្អែកលើស្ថានភាពជាក់ស្ដែងអំពីស្ថានភាពសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង ដែលនៅតែបន្តរងការរឹតត្បិតពីសំណាក់រដ្ឋាភិបាលកម្ពុជា។ លោកថា ការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយ គឺជាគោលការណ៍ស្នួលរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ប្រពន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា។ ក៏ប៉ុន្តែ លោកថា រយៈពេលប៉ុន្មានឆ្នាំមកនេះ កម្ពុជានៅតែមិនបានគោរពតាមលក្ខខណ្ឌពេញលេញ និងមានការឆ្លើយតបជាវិជ្ជមានណាមួយទៅកាន់សហភាពអឺរ៉ុបនៃការចាប់ផ្ដើមស្ដារប្រជាធិបតេយ្យនោះទេ៖ « »។
កាលពីខែមេសា សមាជិកសភាពអឺរ៉ុបភាគច្រើនលើសលប់បានរួមគ្នាអនុម័ត ញត្តិ ដើម្បីទាមទារ ឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ និងប្រគល់សេរីភាពជូនលោក កឹម សុខា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងៗ ទៀតឱ្យចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលកន្លងផុតទៅថ្មីៗ នេះ និងការចូលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ។ សភាអឺរ៉ុប ថែមទៀតផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាអឺរ៉ុប ត្រូវប្រើវិធានការទាំងអស់ ដែលមានដូចជា ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ប្រសិនបើរកឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅកន្លងមកនេះ មានភាពអយុត្តិធម៌។ ទោះជាយ៉ាងណា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះ បានបិទបញ្ចប់ទៅ កាលពីថ្ងៃទី៦ មិថុនា ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត ខណៈគណបក្សប្រឆាំងផ្សេងមួយចំនួនទៀត ជាពិសេស គណបក្សភ្លើងទៀនលើកឡើងថា ដំណើរការបោះឆ្នោតឃុំសង្កាត់នៅអាណត្តិនេះមិនសេរី និងយុត្តិធម៌នោះទេ ហើយមានស្ថានភាពអាក្រក់ជាងពេលណាៗ ទាំងអស់។ ក្រៅពីនេះ ស្របពេលការបោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅឆ្នាំ២០២៣ ខាងមុខ មេគណបក្សប្រឆាំងគឺលោក កឹម សុខា នៅតែមិនទាន់មានសេរីភាពធ្វើនយោបាយ ដោយតុលាការក្រុងភ្នំពេញបន្តសវនាការលើសំណុំរឿងក្បត់ជាតិលើរូបលោកនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិនេះបានប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ លោកយល់ថា បើការបោះឆ្នោតឃុំសង្កាត់ ដែលបានបិទបញ្ចប់ថ្មីៗ នេះ មានភាពស្ថានភាពអាក្រក់ដូចបណ្ដាគណបក្សប្រឆាំង បានលើកឡើងខាងសហភាពអឺរ៉ុបនឹងបញ្ចេញប្រតិកម្មពាក់ព័ន្ធនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនៅកម្ពុជា។ ក្រុមសហជីពរកឃើញថា ការដកហូត EBA២០ភាគរយកន្លងមកនេះ បានធ្វើឲ្យប៉ះពាល់ធំធេងដល់កម្មករវិស័យកាត់ដេរ និងប្រជាកសិការ។ ចំណែកឯប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាបានផុតសុពលភាពកាលពីដំណាច់ឆ្នាំ២០២០ គិតមកដល់ខែមិថុនា ឆ្នាំ២០២២ នេះ ក៏សហរដ្ឋអាមេរិកមិនទាន់បន្តឱ្យកម្ពុជាវិញនៅឡើយទេ។ ទោះយ៉ាងណាក្ដី ក្រុមសហជីព ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា តម្កល់ផលប្រយោជន៍ជាតិជាធំ ដោយងាកមកផ្សះផ្សាក្នុងការដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំង និងមានបើកលំហសេរីភាពជាមូលដ្ឋានពលរដ្ឋ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង។ ក្រុមសហជីពព្រមានថា បើស្ថានភាពសិទ្ធិមនុស្ស និងការគិតគូរស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានរដ្ឋាភិបាលដោះស្រាយឱ្យបានឆាប់ សហភាពអឺរ៉ុបនឹងធ្វើសេចក្ដីសម្រេចលើផែនការជាក់លាក់ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ដែលអ្នកទទួលរងគ្រោះ និងបាត់បង់ផលប្រយោជន៍នោះ គឺប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។