សហជីព​ឯករាជ្យ និង​កម្មករ​វិស័យ​កាត់ដេរ មិន​ពេញ​ចិត្ត​ការ​ដំឡើង​ប្រាក់​ឈ្នួល ២០០ដុល្លារ

0:00 / 0:00

សហជីព​ឯករាជ្យ និង​កម្មករ​វិស័យ​កាត់ដេរ មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់ឈ្នួល​ចំនួន ២០០ដុល្លារ សម្រាប់​ឆ្នាំ២០២៣ ឡើយ។ ពួក​គាត់​លើក​ឡើង​ថា ចំនួន​នេះ​នៅ​តែ​តិច ដែល​មិន​ទាន់​ឆ្លើយតប ចំពោះ​តម្រូវការ​នៃ​ការ​រស់នៅ​របស់​កម្មករ​ឡើយ។ ប្រតិកម្ម​របស់​សហជីព និង​កម្មករ​នៅ​ពេល​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល សម្រេច​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​វិស័យ​កាត់ដេរ ចំនួន ២០០ដុល្លារ ក្នុង​មួយ​ខែ ចាប់​ពី​ខែមករា ឆ្នាំ២០២៣ ត​ទៅ។

កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នឹង​ទទួល​បាន​ប្រាក់​ឈ្នួល ៦ដុល្លារ​បន្ថែម​ទៀត ពី​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ចំនួន ១៩៤ដុល្លារ ដែល​នាំ​ឲ្យ​កើន​ដល់​ចំនួន ២០០ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ២០២៣ ប៉ុន្តែ​សហជីព និង​កម្មករ ចាត់​ទុក​ថា ការ​ដំឡើង​ប្រាក់​នេះ នៅតែ​មាន​កម្រិត​ទាប​ដដែល។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល ដែល​មិន​អាច​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​លើស​ពី ២០០ដុល្លារ​តាម​ការ​ចង់​បាន​របស់​កម្មករ។ អ្នកស្រី​ថ្លែង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ត្រឹម ៦ដុល្លារ​បន្ថែម​នេះ នៅតែ​មាន​កម្រិត​ទាប បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ ខណៈ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃបុណ្យ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន ដែល​ធ្វើ​ឱ្យ​កម្មករ​ខាត​បង់​ផល​ប្រយោជន៍​មួយ​ចំនួន​ទៀត៖ «...។

លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែកញ្ញា បាន​សម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ២០២៣ ចំនួន ១៩៨ដុល្លារ ហើយ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ ២ដុល្លារ​ថែម​ទៀត ដូច្នេះ​សរុប​ចំនួន ២០០ដុល្លារ។ នីតិវិធី​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​លើ​តួលេខ​ប្រាក់​ឈ្នួល​ចំនួន៤ ផ្សេង​គ្នា​ដោយ​ភាគី​សហជីព​ចំនួន ១៧រូប ភាគី​និយោជក​ចំនួន ១៧រូប និង​ភាគី​រដ្ឋាភិបាល ១៧រូប។ ភាគី​សហជីព​បាន​ដាក់​ចេញ​តួលេខ​ចំនួន៣ ផ្សេង​គ្នា គឺ​តួលេខ ២១៣ដុល្លារ តួលេខ ២១០ដុល្លារ និង​តួលេខ ២០៦ដុល្លារ។ចំណែក​ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល បាន​ដាក់​ចេញ​តួលេខ ១៩៨ ដូច​គ្នា។ ប៉ុន្តែ​លទ្ធផល​បោះ​ឆ្នោត បង្ហាញ​ថា តួលេខ ១៩៨ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ដល់​ជាង ៤៦សំឡេង ខណៈ​តួលេខ ២១៣ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត ៥សំឡេង​ប៉ុណ្ណោះ។ នេះ​បង្ហាញ​ថា មេ​សហជីព​ចំនួន ១២រូប មិន​បាន​បោះ​ឆ្នោត​គាំទ្រ​តួលេខ​របស់​ខ្លួន​នោះ បែរ​ជា​ទៅ​គាំទ្រ​តួលេខ​របស់​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​រដ្ឋាភិបាល​ទៅ​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​ថា នេះ​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​តាំង​ពី​ដើម​រហូត​មក នៅ​ក្នុង​ចំណោម​ភាគី​សហជីព​ទាំង ១៧រូប​នោះ ភាគ​ច្រើន​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល ឬ​និយោជក ហើយ​មាន​តិចតួច​ប៉ុណ្ណោះ ដែល​ធ្វើ​ការងារ​ឯករាជ្យ និង​ការពារ​ផល​ប្រយោជន៍​ជូន​កម្មករ។ លោក ប៉ាវ ស៊ីណា បន្ត​ថា ចំពោះ​ការ​ដំឡើង​ប្រាក់ឈ្នួល២០០ដុល្លារនេះ នៅតែ​មិន​ទាន់​ឆ្លើយ​តប ចំពោះ​តម្រូវការ​របស់​កម្មករ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ៖ «...។

តំណាង​សហជីព​ឯករាជ្យ ដែល​តែងតែ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​កម្មករ​ក្នុង​ពេល​ប្រជុំ​ចរចា​ប្រាក់​ឈ្នួល​ជាមួយ​ភាគី​និយោជក និង​តំណាង​រដ្ឋាភិបាល​ជា​រៀងរាល់​ឆ្នាំ​នោះ មាន​ដូចជា លោក ប៉ាវ ស៊ីណា លោក អាត់ ធន់ អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​តំណាង​សហជីព​សេរី​កម្មករ អ្នកស្រី សំ ស្រីមុំ។

ទាក់ទងនឹងរឿងនេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចប់​កិច្ចប្រជុំ​ថា ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល ១៩៨ដុល្លារ បូក​នឹង​ការ​ប្រាក់ ២ដុល្លារ​បន្ថែមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ នឹង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត និង​ក្រុម​គ្រួសារ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​មុន៖ «...។

ទោះ​ជា​យ៉ាង​ណា​ក្ដី កម្មករ​រោងចក្រ​កាត់ដេរ​អះអាង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ត្រឹម ២០០ដុល្លារ​ក្នុង​មួយ​ខែ​នេះ មិន​អាច​ដោះ​ស្រាយ​ជីវភាព​ពួក​គាត់​បាន​សមរម្យ​នៅ​ឡើយ។

កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ​មួយ​រូប លោកស្រី យ៉ន យឺត រៀបរាប់​ថា លោកស្រី មិន​ទាន់​ពេញ​ចិត្ត ចំពោះ​ការ​ដំឡើង​ឈ្នួល ៦ដុល្លារ​បន្ថែម​នេះ​ឡើយ ព្រោះ​នៅតែ​មាន​ចំនួន​តិច​ដដែល ហើយ​មិន​អាច​ទប់ទល់​ជាមួយ​ទំនិញ និង​បន្ទប់​ជួល​ឡើង​ថ្លៃ​នោះ​ទេ។ លោកស្រី​ត្អូញត្អែរ​ថា ដោយសារ​ប្រាក់​ឈ្នួល​បន្តិចបន្តួច​នេះ ធ្វើ​ឲ្យ​កម្មករ-កម្មការិនី ត្រូវ​បង្ខំ​ចិត្ត​ចាយ​វាយ​ត្បិតត្បៀត​បំផុត៖ «...។

បើ​ទោះ​បី​ជា​កម្មករ និង​សហជីព មិន​ពេញ​ចិត្ត ចំពោះ​ប្រាក់​ឈ្នួល​នេះ ក៏​ពួក​គាត់​មិន​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​ដូច​មុន​ឡើយ ដោយសារ​រដ្ឋាភិបាល លោក ហ៊ុន សែន បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គាត់ និង​ខ្លាច​រអា​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កម្មករ និង​សមត្ថកិច្ច នៅ​លើ​ផ្លូវ វ៉េង ស្រេង កាល​ពី​ដើម​ឆ្នាំ២០១៤ កន្លង​ទៅ ដែល​បាន​បណ្ដាល​ឱ្យ​បាតុករ​ចំនួន ៤នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង ២៣នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ក្រុម​កម្មករ​នៅ​តែ​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​អាច​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ២០២៣ ដល់ ២១៣ដុល្លារ ទោះ​នៅ​តែ​មិន​ច្រើន ក៏​អាច​សម្រួល​បន្ទុក​ពួក​គាត់​បន្ថែម​ទៀត​ខ្លះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។