ទឹកជំនន់នៅតែបន្តហក់ឡើងខ្លាំងបណ្ដាលឱ្យលិចផ្នែកខ្លះនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តនានា ប៉ុន្តែមានខេត្តខ្លះទៀត ទឹកក៏ចាប់ផ្តើមស្រកជាបណ្តើរៗ ដែរ។ មន្ត្រីរដ្ឋាភិបាលថា មកទល់ពេលនេះ គ្រោះទឹកជំនន់បង្កឱ្យប៉ះពាល់ពលរដ្ឋ ២សែនគ្រួសារ ស្រូវក្នុងនោះមានពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ ត្រូវជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់អាស៊ីសេរីថា គិតត្រឹមរសៀលថ្ងៃទី១៥ តុលានេះ គ្រោះទឹកជំនន់បង្កប៉ះពាល់ពលរដ្ឋចំនួន ១៩ខេត្តក្រុង ក្នុងនោះ មានខេត្តពោធិ៍សាត់បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង ខណ្ឌដង្កោ ក្នុងរាជធានៅភ្នំពេញ រងគ្រោះធ្ងន់ធ្ងរជាងគេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ថ្លែងថា ទឹកជំនន់បានបង្កផលប៉ះពាល់ដល់លំនៅឋានពលរដ្ឋ ៤ម៉ឺនខ្នង(៤០.០០០) សាលារៀន ៤រយខ្នង (៤០០) លិចស្រូវជាង ១សែន ៣ម៉ឺនហិកតារ (១៣១.៣០០) និងខូចខាតផលដំណាំជាង ៦ពាន់ហិកតារ (៦.៣០០)។ លោកថា លើសពីនេះទៀត ទឹកជំនន់បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ទឹក ស្ពាន ផ្លូវថ្នល់ និងផ្លូវលំតាមជនបទ ជាច្រើនកន្លែងទៀត។ លោក ឃុន សុខា ថ្លែងទៀតថា អាជ្ញាធរពាក់ព័ន្ធកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋដោយមិនថមថយនោះឡើយ៖ «ទូទាំងប្រទេសវា ១៩ ខេត្តរងផលប៉ះពាល់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ តុលា រងគ្រោះធ្ងន់ជាងគេ មានពោធិ៍សាត់ មានបាត់ដំបង រាជធានីភ្នំពេញ ប៉ះពាល់ខណ្ឌដង្កោមួយ ហើយនិងខេត្តប៉ៃលិន និងបន្ទាយមានជ័យ។ ប៉ះពាល់ទូទាំងប្រទេស ៦៩ ស្រុក និងសរុបឃុំ មាន ២៥៨ ឃុំ / សង្កាត់ » ។

ពលរដ្ឋរស់នៅខណ្ឌដង្កោរាជធានីភ្នំពេញ លោក វង្ស សារាំ ឱ្យដឹងថា ផ្ទះរបស់លោកត្រូវទឹកជន់លិចកម្ពស់ជិត ២ម៉ែត្រ ហើយគ្រួសាររបស់លោក បានបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ២ថ្ងៃមកហើយ។ លោកថា ពលរដ្ឋភាគច្រើន កំពុងរស់នៅលើទីទួលសុវត្ថិភាព ប្រឈមខ្វះស្បៀងអាហារ ទឹកស្អាត និងបញ្ហាសុខភាព មានខ្លះកើតរមាស់ស្បែកទៀតផង។ លោកចាត់ទុក គ្រោះទឹកជំនន់ឆ្នាំនេះ ជាគ្រោះមហន្តរាយពុំធ្លាប់មាន បណ្តាលឱ្យពលរដ្ឋលំបាកវេទនាមួយកម្រិតទៀត៖ «នៅមិនទាន់ទទួលបានអំណោយទេ ចេះតែខ្វះហើយ ខ្វះអង្ក និងខ្វះគ្រឿងឧបភោគ បរិភោគដែរហ្នឹងក្មួយ។ ទឹកឡើងជូនណា អាចបិទអូរ និងស្ទឹង ដល់ពេលអ៊ីចឹង វាអាចជន់វាហូរមិនទាន់ » ។
ចំណែកពលរដ្ឋរស់នៅខេត្តបាត់ដំបង កញ្ញា ហុង ឈៀងហ្វុង ប្រាប់អាស៊ីសេរីថា ស្ថានភាពទឹកជំនន់ខេត្តនេះ ស្រកជាបណ្តើរៗ ហើយ ហើយអាជ្ញាធរបានចុះជួយសង្គ្រោះពលរដ្ឋ និងផ្តល់ជំនួយមនុស្សធម៌ ដូចជា អង្ករ ទឹកត្រី មី និងសម្ភារមួយចំនួនទៀត។ កញ្ញាថា អាជ្ញាធរបានយកចិត្តទុកដាក់ ជួយសង្គ្រោះពលរដ្ឋដល់ទីកន្លែងកើតហេតុ និងជួយដឹកជញ្ជូនសម្ភារៈរបស់ពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ទឹកជំនន់ឆ្នាំនេះប៉ះពាល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញធ្ងន់ធ្ងរ ដែលលោកពុំធ្លាប់ជួបទាល់តែសោះ។ លោកទម្លាក់កំហុស ចំពោះចាក់លុបបឹងមួយចំនួន ក្នុងរាជធានីភ្នំពេញបណ្តាលឱ្យគ្មានកន្លែងរំដោះទឹកចេញពីទីក្រុងភ្នំពេញ ហើយលោកបារម្ភថា គ្រោះធម្មជាតិនេះនឹងកើតឡើងជារៀងរាល់ឆ្នាំ ប្រសិនបើនៅតែបន្តចាក់លុបបឹងដែលសេសសល់៖ «ក្នុងវិស័យផ្ទះល្វែងផ្សេងៗ មានការលុបបឹងអស់ច្រើន អភិវឌ្ឍន៍មួយចំនួន អត់បានគិតពីផ្លូវទឹក និងការរំដោះទឹក ពីព្រោះសំខាន់ណាស់ រដ្ឋាភិបាលកម្ពុជា អាចស្វែងយល់អំពី គ្រោះទឹកជំនន់នេះ ហើយអាចនឹងមានគិតពី ការអភិវឌ្ឍទៅថ្ងៃអនាគត គួរតែមានកន្លែង ដើម្បីរំដោះទឹក កុំឱ្យមានការជន់លិច » ។
គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា គ្រោះធម្មជាតិលើកនេះបណ្ដាលឱ្យពលរដ្ឋ ១៣ស្លាប់ក្នុងនោះមានកុមារ ៥នាក់ បានស្លាប់ដោយសារលង់ទឹក។ ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកភ្លៀងនៅតែបន្តវាយលុកបង្កើតឱ្យមានទឹកជំនន់ ហក់ឡើងទៀត អមដោយព្យុះផ្ទួនៗ គ្នារហូតដល់ថ្ងៃទី២០ ខែតុលាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។