ទោះបីរដូវវស្សាក្នុងប្រទេសកម្ពុជាបានចូលមកដល់ជាង ២ខែទៅហើយក្ដី តែប្រជាកសិករនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង ត្អូញត្អែរអំពីបញ្ហាគ្មានទឹកសម្រាប់ធ្វើស្រែក្នុងរដូវនេះ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ កសាងប្រព័ន្ធធារាសាស្ត្រនៅតំបន់នោះ ដើម្បីទប់ទឹកឱ្យកសិករធ្វើស្រែចម្ការបានខួបប្រាំងខួបវស្សា។
ប្រជាកសិករក្នុងឃុំចំនួនពីរ នៃស្រុកគាស់ក្រឡខេត្តបាត់ដំបង គឺឃុំព្រះផុស និងឃុំឆ្នាល់មាន់ កំពុងប្រឈមបញ្ហាគ្មានទឹកសម្រាប់ធ្វើស្រែចម្ការក្នុងរដូវវស្សានេះ ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងគ្មានប្រព័ន្ធធារាសាស្ត្រសម្រាប់ទប់ទឹកនៅតំបន់នោះ។
កសិករនៅភូមិតានួត ឃុំព្រះផុស លោក មឿន រឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ កក្កដាថា ការធ្វើស្រែចម្ការក្នុងឃុំនេះ មានភាពលំបាកជាងតំបន់ដទៃទៀត ដោយសារកត្តាទីតាំងភូមិសាស្ត្រជាដីទួលមិនអាចទប់ទឹកបានយូរ ភ្លៀងមិនទៀងទាត់ និងគ្មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់។ លោកបន្តថាក្នុងមួយឆ្នាំៗ លោកត្រូវភ្ជួរស្រូវពង្រោះចោលម្ដងទៅពីរដង ព្រោះគ្មានទឹកសម្រាប់លូតលាស់ និងជួនកាលភ្លៀងធ្លាក់ជោគជាំខ្លាំងពេកបណ្ដាលឱ្យស្រូវរលួយអស់ ហើយឆ្នាំនេះលោកនៅមិនទាន់ហ៊ានចាប់ផ្ដើមព្រោះស្រូវនៅឡើយទេ។ លោកបន្ថែមថាភ្លៀងមិនទៀងទាត់ និងកង្វះប្រភពទឹកបណ្ដាលឱ្យទិន្នផលស្រូវធ្លាក់ចុះផងដែរ ដោយក្នុងមួយហិកតារលោកទទួលបានផលស្រូវតែ២តោនប៉ុណ្ណោះ ខុសពីតំបន់មានទឹកដែលទទួលផលបានពី ៤ ទៅ ៥តោនក្នុងមួយហិកតារ។
លោក មឿន រឿន៖ «ដំណោះស្រាយ បើតាមខ្ញុំៗ គិតច្រើនដែរ ! ចង់មានប្រឡាយធំមួយជាអាងស្តុកទឹកឱ្យធំមួយ។ ដូចថា យើងជាកសិករចង់ធ្វើស្រូវ ផុតពីធ្វើស្រូវយើងដាំបន្លែ។ ចង់ឱ្យថា មានប្រឡាយទឹកហើយ មានស្តុកទឹកស្តុកអីឱ្យត្រឹមត្រូវ មានទឹកខួបប្រាំងខួបវស្សាអ៊ីចឹងទៅ»។
ស្រដៀងគ្នានេះ កសិករម្នាក់ទៀតនៅភូមិតានួត លោក ឌុច ស្ដើង ឱ្យដឹងថា កសិករនៅឃុំឆ្នាល់មាន់ និងឃុំព្រះផុសធ្វើស្រែប្រវាស់មេឃ រំពឹងលើទឹកភ្លៀងធ្លាក់ជោកជាំក្នុងរដូវវស្សាទើបអាចដាំដុះស្រូវបាន។ លោកបញ្ជាក់ថានៅស្រុកគាស់ក្រឡ ជាតំបន់ពាក់កណ្ដាលខ្ពង់រាបមិនសូវមានប្រភពទឹក ខណៈប្រព័ន្ធធារាសាស្ត្រដូចជាទំនប់ និងប្រឡាយ នៅមិនទាន់មានការសាងសង់ក្នុងតំបន់នេះនៅឡើយ ទោះបីមានប្រជាពលរដ្ឋមកតាំងទីលំនៅ និងធ្វើស្រែនៅទីនោះជាង ២០ឆ្នាំទៅហើយក្ដី។
លោក ឌុច ស្ដើង៖ « នៅខាងភូមិព្រះផុស ខាងតានួត នេះ អត់មានប្រឡាយមេឬក៏ប្រឡាយតូចតាចអីអត់មានទេ ហ្នឹងគឺអត់ទាំងអស់។ មានតែប្រឡាយមេមួយ មកពីកង្ហតហ្នឹង មកពីខាងភ្នំតាផ្ដេ ( ធិបតី ) មកវិញ ខាងលិចភ្នំតាផ្ដេហ្នឹង បុកមកជាប់ខាងភ្នំធិបតីហ្នឹង ចេញទៅស្រុកមោងវិញ។ ហើយរឿងមួយទៀតវិញ ទាល់តែទឹក ( ភ្លៀង ) ជោគជាំបន្តិចបានវាជាប់នៅនឹងស្រែ » ។
ស្រុកគាស់ក្រឡមានឃុំចំនួន៦ចម្ងាយជាង៥០គីឡូម៉ែត្រពីក្រុងបាត់ដំបង និងជាតំបន់ខ្ពង់រាបស្ថិតតាមបណ្ដោយភ្នំធិបតី។ បច្ចុប្បន្នដីស្រែមួយផ្នែកនៃភូមិតានួត ក្នុងឃុំព្រះផុស គ្មានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទេ ចំណែកផ្ទៃស្រែរបស់អ្នកភូមិអមសងខាងផ្លូវ មានសភាពស្ងួតហួតហែង ឯគ្រាប់ស្រូវក៏ដុះលូតលាស់មិនស្មើគ្នាឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផល្គុន និងអភិបាលស្រុកគាស់ក្រឡ លោក ញ៉ឹក សារ៉ែន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៩ កក្កដា។ ចំណែកមេភូមិតានួត លោក កន សាត ប្រាប់អាស៊ីសេរីថា នៅក្នុងឃុំព្រះផុស ក៏មានប្រឡាយមួយខ្សែដែរ ប៉ុន្តែមិនអាចផ្គត់ផ្គង់ទឹងដល់ប្រជាពលរដ្ឋសម្រាប់ធ្វើស្រែនោះទេ ដោយសារគ្មានប្រភពទឹក។
លោក កន សាត៖ «ប្រឡាយពីភ្នំស្នរ មកដល់អូរសន្ទួងវាគ្រាប់គ្រាន់សម្រាប់តែយើងហូបប្រើប្រាស់ ប៉ុន្តែមិនអាចធ្វើស្រែបានទេ ដោយសារគ្មានប្រព័ន្ធធារាសាស្ត្រ»។
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋអះអាងថា ប្រឡាយបុរាណ ដែលមានទទឹង ១ម៉ែត្រ និងជម្រៅត្រឹមចង្កេះនេះ មិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ឡើយ។ ពួកគាត់លើកឡើងពីដំណោះស្រាយថា មានតែការធ្វើប្រឡាយចេញពីប្រឡាយមេនៅត្រង់ភូមិសាស្ត្រភ្នំធិបតី ស្ថិតក្នុងឃុំធិបតីនោះទេ ទើបអាចដោះស្រាយបញ្ហាទឹកនៅក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់បាន។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថាកង្វះប្រព័ន្ធធារាសាស្ត្រជាឧបសគ្គរបស់កសិករក្នុងការបង្កបង្កើនផល ខណៈអាកាសធាតុមានការប្រែប្រួល ភ្លៀងមិនទៀងទាត់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកយល់ឃើញថា មានតែការសាងសង់ទំនប់ស្ដុកទឹកនៅតំបន់ទឹកធ្លាក់ភ្នំសំកុស ក្នុងខេត្តពោធិសាត់ និងជីកប្រឡាយបង្ហូរទៅតាមតំបន់ស្រែចម្ការរបស់ពលរដ្ឋក្នុងស្រុកគាស់ក្រឡតែប៉ុណ្ណោះ ទើបអាចសង្គ្រោះរបរកសិកម្មក្នុងស្ថានភាពរាំងស្ងួតនាពេលនេះបាន។
លោក អ៊ិន គង់ជិត៖ «ប្រសិនបើអាជ្ញាធរស្រុកក្ដី និងខាងមន្ទីរធនធានទឹកក្ដី បានយកចិត្តទុកដាក់ជំរុញឱ្យក្រសួងធនធានទឹក រៀបចំប្រព័ន្ធប្រឡាយទឹកនៅតំបន់ហ្នឹងបាន វាជាការមួយមានប្រយោជន៍ ជួយ ( ឱ្យ ) បានទឹកហើយ ផ្គត់ផ្គង់ចែកចាយស្រោចស្រពដីជាច្រើនហិកតារាប់រយពាន់ហិកតារ នៅតំបន់ហ្នឹងធ្វើឱ្យកសិករគាត់ផលិតស្រូវបាន ក្នុងមួយរដូវអាចពីរដង»។
បញ្ហាខ្វះខាតទឹកធ្វើស្រែក្នុងស្រុកគាស់ក្រឡ កើតមានឡើងជារៀងរាល់ឆ្នាំ ខណៈអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តព្រមទាំងមន្ទីរធនធានទឹកនៅមិនទាន់មានការឆ្លើយតប ឬដំណោះស្រាយចំពោះបញ្ហានេះនៅឡើយ។ ពលរដ្ឋឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្នើអាជ្ញាធរជីកប្រឡាយ និងកសាងអាងស្តុកទឹក ក្នុងតំបន់នោះ មុននឹងប្រជាពលរដ្ឋបោះបង់ដីស្រែ និងធ្វើចំណាកស្រុក៕
0:00 / 0:00