ភ្លៀងធ្លាក់ប្រមាណ ២ម៉ោង នៅក្រុងបាត់ដំបង បង្កទៅជាទឹកជំនន់ លិចចូលទៅក្នុងផ្ទះពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ការរស់នៅ។ ពលរដ្ឋអះអាងថា បញ្ហានេះបណ្ដាមកពីកំហុសរបស់អាជ្ញាធរខេត្តបាត់ដំបង ដែលតែងតែធ្វើផ្លូវកាយដាលូដោយខ្វះបច្ចេកទេស ធ្វើឱ្យរាំងស្ទះដល់ចរន្តបង្ហូរទឹក។
អាជីវករនៅក្រុងបាត់ដំបង កញ្ញា ស៊ុន ស្រីនិច ប្រាប់វិទ្យុអាស៊ីសេរីថា ផ្ទះកញ្ញាត្រូវទឹកខ្មៅមានក្លិនស្អុយ ហូរចូលដល់ក្នុងផ្ទះត្រឹមជង្គង់ ដែលធ្វើឱ្យខូចខាតសម្ភារៈមួយចំនួន និងបណ្ដាលឱ្យសមាជិកគ្រួសារកញ្ញាកើតរោគរមាស់ស្បែកគ្រប់គ្នា ហើយនៅពេលទឹកស្រកទៅវិញ បានបន្សល់ទុកនូវសត្វអាសិរពិស និងភក់ខ្មៅស្អុយក្នុងផ្ទះ និងបង្កឱ្យមានបញ្ហាផ្លូវដង្ហើមទៀតផង។ កញ្ញាអះអាងថា ពីមុនមកផ្ទះកញ្ញាមិនដែលមានទឹកភ្លៀងជន់លិចនោះទេ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរកាយធ្វើប្រព័ន្ធលូជាច្រើនកន្លែងមក ធ្វើឱ្យផ្ទះរបស់ពលរដ្ឋជាច្រើនគ្រួសារ នៅពេលមានភ្លៀងម្ដងៗ។
កញ្ញា ស៊ុន ស្រីនិច៖ «ភ្លៀងជាប់គ្នា២ម៉ោងទៅ កន្លែងគេស្ដារប្រព័ន្ធលូ ហើយគេបិទអាលូធំ ធ្វើឱ្យបន្ទាប់ខ្ញុំទឹកលិចចូលក្នុងបន្ទាប់។ លិចឡើងត្រឹមស្មងជើង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៥ កញ្ញា។
កន្លងមកពលរដ្ឋតែងតែរិះគន់អាជ្ញាធរក្រុងបាត់ដំបង ថា កសាងផ្លូវ និងប្រព័ន្ធលូដោយគ្មានបច្ចេកទេស និងមិនបានគិតគូរឱ្យបានច្បាស់លាស់។ ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវក្នុងក្រុងបាត់ដំបង មួយចំនួន ដូចជា ផ្លូវនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ផ្លូវភូមិវត្តលៀប និងផ្លូវភូមិចំការសំរោង ជាដើម បន្ទាប់ពីចាក់បេតុងមិនទាន់បានមួយខែផង ត្រូវកាយដាក់លូទៅវិញ។
ពលរដ្ឋស្នើឱ្យអាជ្ញាធរ ជួយពន្លឿនការសាងសង់ប្រព័ន្ធលូ ឱ្យបានឆាប់រហ័ស ចៀសវាងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។