ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បណ្ដាលឲ្យជន់លិចឃុំមួយចំនួន នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បង្កការខូចខាតផលដំណាំកសិកម្ម របស់ប្រជាពលរដ្ឋរាប់រយហិកតារ។ ពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់ និងតាមដានស្ថានភាពទឹកជំនន់ឲ្យបានហ្មត់ចត់ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើង។
ក្រោយមានភ្លៀងធ្លាក់ជោគជាំ៣ថ្ងៃជាប់គ្នាមក ធ្វើឲ្យឃុំចំនួន៣ គឺឃុំកំពង់ស្រឡៅ សង្កែ១ និងឃុំសង្កែរ២ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ មានទឹកជំនន់ជន់លិចផលដំណាំរបស់ពលរដ្ឋ ដូចជា ដំឡូង សណ្ដែក និងស្រូវ យ៉ាងធ្ងន់ធ្ងរ។ ចំណែកផ្ទះសម្បែង របស់ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះនៅមិនទាន់មានការខូចខាតធ្ងន់ធ្ងរនោះទេ។ ពលរដ្ឋថា អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាពលរដ្ឋដែលរស់នៅទីតាំងទាប និងងាយរងគ្រោះ ទៅកាន់កន្លែងមានសុវត្ថិភាពរួចរាល់ហើយ។
ប្រជាពលរដ្ឋរស់នៅ ឃុំសង្កែ២ លោក ជុំ ភឿត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកក្កដាថា បន្ទាប់ពីមានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នារួចមក និងមានទឹកហូរធ្លាក់មកពីផ្នែកខាងលើបន្ថែម ធ្វើឲ្យភូមិជោគជ័យ ឃុំសង្កែ២ មានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យផ្លូវថ្នល់ ស្ពាន ស្រូវ និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជិត១ពាន់ហិកតារ រងការខូចខាត។ លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានបានប្រាប់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ និងបានស្វែងរកទីតាំងសុវត្ថិភាព ដើម្បីជម្លៀសសត្វចិញ្ចឹមរបស់ពលរដ្ឋផងដែរ។ ទោះជាយ៉ាងណា លោកអំពាវនាវឲ្យអាជ្ញាធរជួយផ្ដល់ជំនួយមនុស្សធម៌ដល់គ្រួសាររងផលប៉ះពាល់ខ្លាំង។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនទាន់សុំការបំភ្លឺពីអភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានទេ នៅថ្ងៃទី១៦ ខែកក្កដា។ ប៉ុន្តែលោក ណុប វុធ្ធី បានប្រាប់ សារព័ត៌មានក្នុងស្រុកថា ទឹកជំនន់ជនលិចនៅស្រុកឆែប មិនមានផលប៉ះពាល់ធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតំបន់នេះនោះទេ ហើយអាជ្ញាធរកំពុងតែយកចិត្តទុកដាក់ធ្វើការទៅលើបញ្ហានេះ។ លោកបន្ថែមថា កម្រិតទឹកជន់លិចនៅខេត្តព្រះវិហារ មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ហើយអាជ្ញាធរខេត្តត្រៀមបើកទ្វារទំនប់ទឹក បង្ហូរធ្លាក់ទៅខេត្តកំពង់ធំបន្តទៀត។
ចំណែក នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរត្រូវតែយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋរងគ្រោះ និងត្រូវយកសំណើរបស់ប្រជាពលរដ្ឋមកដោះស្រាយ ប្រសិនបើប្រជាពលរដ្ឋទាំងនោះបាត់បង់ធនធានបង្កបង្កើតផល រដ្ឋត្រូវតែផ្ដល់ឲ្យពួកគាត់បានគ្រប់គ្រាន់។
លិខិតជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ចុះថ្ងៃទី១៤ ខែកក្កដា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ខេត្តព្រះវិហារ នឹងមានភ្លៀងផ្គររន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា ចាប់ពី៥០ទៅ៦០ភាគរយ និងមានខ្យល់បក់បោកខ្លាំង ដែលតម្រូវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើង។
អ្នកភូមិអះអាងថា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ទឹកជំនន់ បានស្រកចុះបន្តិចធ្វើឲ្យផ្លូវថ្នល់មួយចំនួននៅក្នុងភូមិ ពលរដ្ឋអាចប្រើប្រាស់ជាធម្មតាវិញ។ ពលរដ្ឋសង្ឃឹមថា ផលដំណាំរបស់ពួកគាត់នឹងមិនរងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែពលរដ្ឋនៅតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធត្រៀម ស្បៀង គ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ សម្រាប់ធ្វើជាដើមទុនប្រកបរបរកសិកម្មចិញ្ចឹមជីវិតបន្តទៅទៀត៕