ប្រជាសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ព្រួយបារម្ភពីសុវត្ថិភាពសត្វដំរីព្រៃជាច្រើនក្បាលកំពុងប្រឈមខ្វះទឹក ក្នុងពេលអាកាសធាតុឡើងកំដៅ។ ការលើកឡើងនេះ ក្រោយពីពលរដ្ឋប្រទះឃើញសត្វដំរីព្រៃជាច្រើនក្បាល បង្ហាញខ្លួនក្នុងតំបន់ព្រៃអភិរក្សមួយកន្លែង ដើម្បីស្វែងរកទឹក និងចំណី ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ប៉ុន្តែគ្មានទឹកគ្រប់គ្រាន់សម្រាប់វា។
សហគមន៍ជនជាតិដើមភាគតិច និងអង្គការការពារសត្វដំរី ចាត់ទុកការថយចុះទំហំព្រៃឈើ និងសកម្មភាពកាប់ទន្ទ្រានព្រៃ ក្នុងតំបន់ជម្រកសត្វដំរីព្រៃ នៅតែជាបញ្ហាប្រឈមដដែលៗគំរាមកំហែងកាន់តែធ្ងន់ដល់ជីវិតសត្វដំរីព្រៃជាច្រើនក្បាល បណ្តាលឱ្យបាត់បង់ប្រភពទឹក និងចំណី ក្នុងពេលអាកាសធាតុកើនកំដៅ។
ប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ មេសា ថា ព្រៃឈើជាជម្រកសត្វដំរីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា គ្រប់គ្រងដោយក្រសួងបរិស្ថានបន្តបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ះពាល់ជីវិតសត្វដំរីព្រៃ និងសត្វព្រៃកម្រផ្សេងៗទៀត។
លោកស្រីថា បញ្ហានេះនៅតែកើតមានឡើងដដែលៗ រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយជាច្រើនឆ្នាំមកហើយ ធ្វើឱ្យសត្វព្រៃបន្តរងគ្រោះ។
លោកស្រី ភ្លឹក ភីរុំ៖ «ស៊ីស្មៅកន្លែងធ្លាប់រកស៊ីគេកាប់បំផ្លាញអស់ មានរណាយន្តច្រើន ក្នុងព្រៃ គ្នាត្រូវរកទឹកផឹក។ ឥលូវខេត្តមណ្ឌលគិរីខ្វះទឹកច្រើន បាត់បង់ព្រៃក៏ច្រើនដែរ ដំរីគ្នាមិនដឹងនៅណា?កន្លែងណាក៏អស់ព្រៃ»។
ថ្មីៗនេះ អ្នកភូមិប្រទះឃើញហ្វូងដំរីព្រៃរាប់សិបក្បាលបណ្តើរកូន ផ្លាស់ទីរកប្រភពទឹក និងចំណី ក្នុងភូមិត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ក្នុងពេលអាកាសធាតុកើនកំដៅ។ ពួកគេបានថតវីដេអូបង្ហោះ តាមបណ្ដាញសង្គម ទុកជាភស្តុតាង ស្នើឱ្យក្រសួងយកចិត្តទុកដាក់ថែរក្សា ឱ្យគង់វង្សដើម្បីកូនខ្មែរជំនាន់ក្រោយ។
អ្នកប្រទះឃើញដំរី៖ «ហ្វូងដំរីជាក្រុមចេញមកហើយ បងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែង»។
ជនជាតិដើមភាគតិចព្នង លោក គ្រើង តុលា សង្កេតឃើញថា ក្រសួងបរិស្ថានគួរតែបញ្ឈប់ការកាប់ទន្ទ្រានព្រៃខុសច្បាប់ ហើយរក្សាព្រៃឈើឱ្យគង់វង្ស ជីកស្ដារស្រះ ត្រពាំង ស្ទឹង និងអូរ ដើម្បីរក្សាទឹកសម្រាប់សត្វព្រៃ។
លោក គ្រើង តុលា៖ «ក្នុងដែនជម្រកកែវសីមាមែនទែន គេកាប់ឈើរំខានវា ក្រុមបរិស្ថានមិនអាចទប់ស្កាត់បទល្មើស ដល់ពេលអ៊ីចឹងវារត់មកកន្លែងស្ងាត់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអធិប្បាយបញ្ហានេះពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក សៅ ប៊ុនធឿន និងអភិបាលខេត្តនេះ លោក ថង សាវុន បាននៅឡើយទេ នៅថ្ងៃទី២៣ មេសា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ នាយកអង្គការការពារសត្វដំរី (ELIE) ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី លោក ឃុន ឌីយ៉ូន ពន្យល់ថា ប្រភពទឹកកើតមានឡើងដោយសារព្រៃឈើ ប្រសិនបើបាត់បង់ព្រៃនឹងធ្វើឱ្យខ្វះទឹកសម្រាប់សត្វព្រៃ ស្របពេលអាកាសធាតុកើនកំដៅ សត្វដំរីព្រៃរត់ទៅរកកន្លែងមានទឹក ក្នុងភូមិរបស់អ្នកស្រុក។ លោកថា ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរត្រូវថែរក្សាព្រៃឱ្យគង់វង្ស។
លោក ឃុន ឌីយ៉ូន៖ «កាលណាយើងអស់ព្រៃឈើ ខ្វះទឹក ហើយខ្វះចំណី រដូវក្តៅ វារត់មករកភូមិ។ ព្រៃឈើវាជាជម្រករបស់ដំរី វាជាអាហារ និងទឹករបស់សត្វដំរី វាជាបរិស្ថាន កាលណាខ្វះព្រៃឈើខ្វះបរិស្ថានរបស់វា»។
កាលពីឆ្នាំ២០២០ ក្រសួងបរិស្ថានបង្ហាញរបាយការណ៍មួយឱ្យដឹងថា ដំរីអាស៊ី ត្រូវចាត់បញ្ចូលទៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) ជាប្រភេទសត្វដែលជិតផុតពូជ។
ក្រសួងថា កម្ពុជាមានសល់ដំរីប្រភេទនេះ ចន្លោះ ពី៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាប ក្នុងខេត្តរតនគីរី មណ្ឌលគិរីស្ទឹងត្រែង។ រីឯក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី មានប្រភេទដំរីអាស៊ី កំពុងរស់នៅជាង ១១០ក្បាល (១១៥)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។