ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អះអាងថា បទល្មើសព្រៃឈើនៅតែកើតមានឡើងក្នុងតំបន់ព្រៃអភិរក្សមួយនេះ បើទោះបីជារដូវនេះជារដូវភ្លៀងធ្លាក់ពិបាកធ្វើដំណើរចេញចូលព្រៃយ៉ាងណាក៏ដោយ។ ពួកគាត់បារម្ភថា ប្រសិនបើបទល្មើសនៅតែកើតមានឥតឈប់ឈរ ព្រៃអភិរក្សមួយនេះប្រហែលមានតែឈ្មោះប៉ុណ្ណោះ។ មន្ត្រីបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា បទល្មើសកាប់ឈើនៅតំបន់ព្រៃឡង់ ស្ទើរតែលែងមាន ប៉ុន្តែកើតមាននៅតំបន់ព្រៃសហគមន៍តែប៉ុណ្ណោះ។
ជាងមួយឆ្នាំមកហើយ តំបន់ព្រៃឡង់ត្រូវបានដាក់បញ្ចូលជាតំបន់ព្រៃអភិរក្សដែនជម្រកសត្វ ប៉ុន្តែប្រជាសហគមន៍នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មនៅមិនទាន់អាចទប់ស្កាត់បានទាំងស្រុងនោះទេ។
ការលើកឡើងបែបនេះ ក្រោយពេលប្រជាសហគមន៍ការពារព្រៃឡង់ចុះល្បាតជាបន្តបន្ទាប់ តែងរកឃើញស្នាមកាប់ និងកំណាត់ឈើដែលជនល្មើសបន្សល់ទុកជាប្រចាំ។ ជាក់ស្តែងការចុះល្បាតរបស់សហគមន៍នៅស្រុកសណ្ដាន់ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ សីហា រកឃើញបទល្មើសមួយចំនួនកើតឡើងនៅចំណុចអូរងាវ ក្នុងតំបន់ព្រៃឡង់ ហើយពួកគេប៉ានប្រមាណថា ឈើកាប់រួចនៅក្នុងព្រៃ និងឈើប្រគល់ជូនមន្ត្រីបរិស្ថានមានចំនួនជាង ៦ម៉ែត្រគូប។
បណ្ដាញស្នូលការពារព្រៃឡង់នៅស្រុកសណ្ដាន់ លោក មីញ នី មានប្រសាសន៍ថា បើទោះបីជារដូវនេះមានភ្លៀងធ្លាក់ច្រើនក៏ដោយ ប៉ុន្តែបទល្មើសកាប់ឈើនៅតែកើតមាន។ លោកថា ជនល្មើសអាចបន្តសកម្មភាពចូលកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃដដែល ហើយមន្ត្រីជំនាញមិនអាចចាត់វិធានការឲ្យមានប្រសិទ្ធភាពទាំងស្រុងឡើយ៖ « ខ្ញុំបារម្ភថា បើសិនជា ឧទ្យាន ុ រក្ស ឬរាជរដ្ឋាភិបាល ឬក៏ក្រសួងបរិស្ថាន មិនរឹតបន្តឹងថ្នាក់ក្រោមជាតិទេ ដូចជា ថ្នាក់ឃុំ ថ្នាក់ស្រុក អី ខ្ញុំ ជឿជាក់ថា មិនបាត់ »។
កាលពីខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលប្រកាសបង្កើតតំបន់ព្រៃឡង់ជាតំបន់ដែនជម្រកសត្វព្រៃមានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) គ្របដណ្ដប់លើខេត្តចំនួន ៤ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍នៅថ្ងៃទី២៣ សីហា ថា បទល្មើសកាប់ និងដឹកជញ្ជូនឈើភាគច្រើន គឺមិនមែនកើតឡើងនៅតំបន់ព្រៃឡង់ទេ។ លោកបន្តថា ជនល្មើសភាគច្រើនចូលកាប់នៅតាមតំបន់ព្រៃសហគមន៍ដែលស្ថិតជាប់តំបន់ព្រៃឡង់តែប៉ុណ្ណោះ។ លោកនៅតែអះអាងថា បទល្មើសនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ គឺស្ទើរតែលែងមាន ហើយមន្ត្រីជំនាញប្ដេជ្ញាថា នឹងខិតខំបំពេញការងារអភិរក្សតំបន់ព្រៃមួយនេះឲ្យកាន់តែសកម្មថែមទៀត៖ « បន្ទាប់ពី បោះឆ្នោតរួចនេះ សហគមន៍អូរងាវ សហគមន៍ជាំស្វាយ កក្រើកសម្បើមណាស់ ។ ហើយជាប់នឹងព្រំប្រទល់អ៊ីចឹង មន្ត្រីឧទ្យានុរក្សបង្ក្រាប រាល់ថ្ងៃ »។
កាលពីថ្ងៃទី២២ សីហា ក្នុងវេទិកាជាតិលើកទី២ ស្ដីពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បង្ហាញពីការយកចិត្តទុកដាក់ និងការពារធនធានធម្មជាតិ ពិសេសព្រៃឈើនៅប្រទេសកម្ពុជា។ លោកថែមទាំងលើកឡើងថា ការកាប់បំផ្លាញព្រៃឈើណាមួយ គឺមិនខុសពីកាប់ក្បាលលោកនោះឡើយ ហើយលោកស្អប់បំផុតអ្នកដែលកាប់បំផ្លាញព្រៃឈើទាំងនោះទៀតផង។ លោកអះអាងថា រាល់កិច្ចប្រជុំគណបក្សម្តងៗ លោកតែងរំលឹកដល់មន្ត្រីរបស់ខ្លួន មិនត្រូវអត់ឱនចំពោះជនដែលប្រព្រឹត្តអំពើអណាធិបតេយ្យជុំវិញការកាប់បំផ្លាញព្រៃឈើ បើទោះបីជាអ្នកនោះមានឋានៈអ្វីក៏ដោយ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្តី ប៉ុន្តែប្រជាសហគមន៍ការពារព្រៃឡង់មិនមានជំនឿទាល់តែសោះ ពីព្រោះប្រមុខដឹកនាំធ្លាប់ប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើនដងណាស់មកហើយ ប៉ុន្តែគ្មានប្រសិទ្ធភាពទេ។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់ថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែកើតមានដដែល អាចដោយសារមានអំពើពុករលួយជាប្រព័ន្ធ។ លោកយល់បែបនេះ ដោយសំអាងថា ទីតាំងភូមិសាស្ត្រនៅតំបន់ព្រៃឡង់ មន្ត្រីជំនាញ ឬអាជ្ញាធរអាចគ្រប់គ្រង និងបង្ក្រាបបាន ព្រោះផ្លូវធ្វើដំណើរដឹកឈើចេញពីព្រៃ គឺមិនមានច្រើននោះទេ។
ចំណែកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក សេង សុខហេង យល់ថា មិនមែនជារឿងថ្មីនោះឡើយ ព្រោះមានបទបញ្ជា និងអនុក្រឹត្យជាច្រើនស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ ជាងនេះទៀត ប្រមុខដឹកនាំថែមទាំងធ្លាប់ព្រមានកាត់កខ្លួនឯងទៀតផង ប្រសិនបើទប់ស្កាត់បទល្មើសព្រៃឈើមិនបាន ប៉ុន្តែបច្ចុប្បន្ន បទល្មើសនៅតែកើតឡើងដដែល។ លោកយល់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនព្រមចាត់វិធានការចំពោះឧក្រិដ្ឋជនធំៗ រួមមានមន្ត្រី ឧកញ៉ា និងអាជ្ញាធរមួយចំនួនដែលជាប់ពាក់ព័ន្ធបទល្មើស និងរកស៊ីឈើនោះទេ មានន័យថា ប្រមុខដឹកនាំកំពុងបណ្ដោយឲ្យពួកគេបន្តកាប់ក្បាលរបស់គាត់បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។