សកម្មជន​បរិស្ថាន​រក​ឃើញ​បទល្មើស​អារ​ឈើ​ជា​ច្រើន​ករណី នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ

0:00 / 0:00

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់ បាន​រក​ឃើញ​បទល្មើស​អារ​ឈើ​ថ្មីៗ ជាង ៥០ករណី នៅ​ក្នុង​តំបន់​ ព្រៃឡង់ ខេត្ត​ព្រះវិហារ។ ពួក​គាត់​ថា ដើម​ឈើ​ធំៗ ដែល​ជន​ល្មើស​បាន​កាប់​នោះ មាន​ទំហំ​មុខ​កាត់​ពី ៤០សង់ទីម៉ែត្រ (៤តឹក) ដល់ ៩០សង់ទីម៉ែត្រ (៩តឹក) ដែល​បាន​ដេកដួល​ពាស​ពេញ​ដី ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ បើ​ទោះ​ជា​ករណី​នេះ​បាន​កើត​ឡើង​ដដែលៗ ក្ដី។

សមាជិក​បណ្ដាញ​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​ព្រួយ​បារម្ភ​ថា បទ​ល្មើស​អារ​ឈើ ទាំង​ទ្រង់ទ្រាយ​ធំ និង​តូច នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ខេត្តព្រះវិហារ នឹង​ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​នេះ បន្ត​ហិនហោច​ជា​រៀងរាល់​ថ្ងៃ។ ពួក​គាត់​ថា បទល្មើស​អារ​ឈើ​នេះ បន្ត​កើត​ឡើង​ដោយសារ​តែ​មន្ត្រី​ពាក់ព័ន្ធ​អសមត្ថភាព គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​អារ​ឈើ​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​មន្ត្រី​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជាមួយ​ក្រុម​ជន​ល្មើស។

អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ​ថា លោក​បាន​ចុះ​ល្បាត​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ ហើយ​រក​ឃើញ​បទ​ល្មើស​អារ​ឈើ​ជាង ៥០ករណី នៅ​ចំណុច​ជាំ​ក្ដាម​ក្រហម ភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន។ លោក​បន្ត​ថា បទល្មើស​អារ​ឈើ​នេះ បន្ត​កើត​ឡើង ដោយសារ​តែ​មន្ត្រី​បរិស្ថាន​អសមត្ថភាព ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មិន​អើពើ ​ទប់ស្កាត់​បទល្មើស​ឱ្យ​បាន​ត្រឹមត្រូវ។

លោក ម៉ា ចិត្រា៖«ការ​បំភ្លេច​បំផ្លាញ​ធនធាន​ធម្មជាតិ ​ការ​បំភ្លេច​បំផ្លាញ​ព្រៃ​ឈើ​ធំៗ នៅ​ក្នុង​ដែន​ការពារ​មួយ​នេះ នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ និង​យ៉ាង​គឃ្លើន ទាំង​យប់​មិញ​នេះ ខ្ញុំ​ដេក ក៏​ឮ​សំឡេង​អារ​ទាំង​យប់​ដែរ។ នេះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​មួយ​នេះ»។

បន្ថែម​ពី​នោះ លោក​បារម្ភ​ថា ក្រុម​ជន​ល្មើស ដែល​ចូល​អារ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ភាគ​ច្រើន បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​បរ​បាញ់​សត្វ​ព្រៃ​អនាធិបតេយ្យ ទាំង​យប់​ទាំង​ថ្ងៃ។ រីឯ​ប្រភេទ​ដើម​ឈើ ដែល​ជន​ល្មើស​បាន​កាប់ និង​ដឹក​ចេញ​ទាំង​យប់​ថ្ងៃ​នោះ គឺ​ជា​ប្រភេទ​ឈើ​ទាល ត្រាច និង​ដើម​ពពេល​ជា​ដើម។

Logging_crime_in_Preylang_Preah_Vihear_020425_Ma_Chetra_៤.jpg
អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា និង​លោក ខេម សុឃី (រូបតូច) សមាជិក​បណ្ដាញ​ព្រៃឡង់​ប្រចាំ​ខេត្តព្រះវិហារ ពេល​ចុះ​ល្បាត​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។ រូបពីហ្វេសប៊ុក Ma Chetra

ចំណែក​ សមាជិក​បណ្ដាញ​ព្រៃឡង់​ប្រចាំ​ខេត្តព្រះវិហារ លោក ខេម សុឃី លើក​ឡើង​ថា ក្រុម​ជន​ល្មើស ដែល​ចូល​អារ​ឈើ មិន​មែន​ជា​អ្នក​ភូមិ​នៅ​ជិត​តំបន់​ព្រៃឡង់​នោះ​ទេ គឺ​ជា​ក្រុម​កម្មករ​ ស៊ីឈ្នួល​អារ​ឈើ​លក់​ឱ្យ​ក្រុម​ឈ្មួញ មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ។ លោក​ថា ជន​ល្មើស​ចូល​អារ​ឈើ​ ដោយ​ដើរ​ជា​ក្រុមៗ មាន​គ្នា​ចន្លោះ​ពី ៥នាក់ ទៅ ១០នាក់ ហើយ​មាន​កាំភ្លើង​កែច្នៃ​សឹង​គ្រប់​គ្នា។ លោក​បន្ត​ថា ក្រុម​ជន​ល្មើស​ហាក់​គ្មាន​ការ​ភ័យ​ខ្លាច​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ប្រជា​សហគមន៍​នោះ​ឡើយ។

លោក ខេម សុឃី៖«នេះ​មិន​មែន​ជា​លក្ខណៈ​ប្រជា​ជន​យើង​ទៅ​កាត់​ធម្មតា​ទេ នេះ​ជា​លក្ខណៈ​ឈ្មួញ ដែល​ជួល​កម្មករ​ឱ្យ​ចូល​អារ​ឱ្យ។ អ្នក​ដែល​រស់​ស៊ី​ឈើ​នៅ​តំបន់​នោះ វា​លក្ខណៈ​ដុះស្លែ»។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក មឿន សុភេទ និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែកុម្ភៈ​ ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​លោក ខ្វៃ អាទិត្យា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ព្រៃ​ឡង់​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ ប្រមាណ​ជាង ២សែន​នាក់ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ។ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ មាន​ផ្ទៃដី​ជិត ៥សែន (៤៨៩.៦៦៣)​ហិកតារ គ្របដណ្ដប់​ក្នុង​ភូមិ​ សាស្ត្រ​ខេត្ត​ចំនួន​៤ ​រួមមាន ខេត្ត​ក្រចេះ​ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​មក​នេះ ព្រៃឡង់​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​អនាធិបតេយ្យ។

អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា មន្ត្រី​បរិស្ថាន ដែល​ឈរ​ការពារ​នៅ​តំបន់​​ព្រៃឡង់ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ ចំពោះ​ការ​ បាត់បង់​ព្រៃ​ឈើ​ទាំង​នោះ។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​ឆន្ទៈ​បើក​ការ​ស៊ើបអង្កេត​រក​មុខ​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​អារ​ឈើ​យក​មក​ផ្ដន្ទាទោស ចំពោះ​មុខ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ នោះ​ទើប​អាច​កាត់បន្ថយ​បទល្មើស​អារ​ឈើ​នេះ​បាន។

លោក អូត ឡាទីន៖«មន្ត្រី​ដែល​មាន​ភាព​អសកម្ម​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ត្រូវ​តែ​ដក​ចេញ ដើម្បី​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ បើ​សិន​នៅ​តែ​បណ្ដែតបណ្ដោយ​ ហើយ​ឱ្យ​បញ្ហា​នៅ​តែ​បន្ត​កើត​មាន បាន​ន័យ​ថា មន្ត្រី​បរិស្ថាន ឬ​ក្រសួង​បរិស្ថាន អាច​មានការ​សង្ស័យ​ក្នុង​ការ​ឃុបឃិត​គ្នា​ជា​មួយ​នឹង​អ្នក​រក​ស៊ី​ ឈើ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ»។

កាល​ពី​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ហ៊ុន ម៉ានី ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន ៤ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃឡង់ ដោយ​ដាក់​ជំនួស​អ្នក​ថ្មី ក្រោយ​ពី​រង​ការ​រិះគន់​ពី​សំណាក់​ពលរដ្ឋ​ថា បណ្ដោយ​ឱ្យ​បទ​ល្មើស​អារ​ឈើ​នៅ​តំបន់​ព្រៃឡង់ ចេះ​តែ​បន្ត​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចាប់​តាំង​ពី​ផ្លាស់​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​មក បទល្មើស​អារ​ឈើ​នៅ​តែ​កើត​មាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។