មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំ លើកឡើងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ គឺថយចុះកាន់តែច្រើន ប៉ុន្តែពួកគេថា បទល្មើសកាប់រានដីព្រៃធ្វើចម្ការកើតមានខ្លះ ពិសេសនៅពេលយប់។ មន្ត្រីជំនាញបញ្ជាក់ថា ពួកគេនឹងពង្រឹងការយកចិត្តទុកដាក់ ព្រមទាំងបង្ក្រាបសកម្មភាពកាប់រានដីព្រៃធ្វើចម្ការបន្ថែមទៀត បើទោះបីជាពួកគេធ្លាប់បានចាត់វិធានការកន្លងទៅក៏ដោយ។
លេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ ស្វាគមន៍ចំពោះការប្ដេជ្ញានេះ ប៉ុន្តែមិនទាន់មានជំនឿចិត្តទាំងស្រុងទេ។
មន្ត្រីបរិស្ថានខេត្តកំពង់ធំ ប្ដេជ្ញាថានឹងបង្កើនការយកចិត្តទុកដាក់បង្ក្រាបបទល្មើសកាប់រានដីព្រៃ និងការលួចដាំដំណាំនៅតំបន់ព្រៃឡង់ដោយខុសច្បាប់។ ការលើកឡើងនេះ ក្រោយពេលមានសកម្មភាពកាប់រានដីធ្វើចម្ការនៅតំបន់ព្រៃឡង់កើតឡើងមួយចំនួន ដូចជានៅចំណុចច្រកតោ ទំហំប្រមាណ ៣ហិកតារ និងចំណុចផ្សេងទៀត។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍ថា បទល្មើសកាប់ឈើនៅតំបន់ព្រៃអភិរក្សមួយនេះ គឺកាន់តែថយចុះ ដោយសារមានសកម្មភាពចុះល្បាតរបស់មន្ត្រីជំនាញ និងប្រជាសហគមន៍ជាប្រចាំ ម្យ៉ាងនៅរដូវនេះជារដូវភ្លៀង ធ្វើឲ្យផ្លូវដំណើរក្នុងព្រៃពិបាក។ យ៉ាងនេះក្តី លោកថាមានបទល្មើសកាប់រានដីព្រៃ និងសកម្មភាពលួចដាំដំណាំដូចជាស្វាយចន្ទីនៅពេលយប់ ហើយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចាត់វិធានការជាបន្តបន្ទាប់។ បន្ថែមពីនេះ កាលពីខែមិថុនា មន្ត្រីជំនាញបានធ្វើកិច្ចសន្យាជាមួយពលរដ្ឋរស់នៅតំបន់ច្រកតោ ជាង ៤០គ្រួសារ គឺមិនអនុញ្ញាតឲ្យកាប់រានដីព្រៃបន្ថែមទៀតឡើយ ក្រៅតែពីដីរបស់ពួកគេដែលធ្លាប់ដាំដំណាំពីមុនមកប៉ុណ្ណោះ៖ « ខ្ញុំបានកំពុងតែហៅតាមស្នាក់ការនីមួយៗមកប្រជុំពិគ្រោះយោបល់ ដាក់ផែនការពីរឿងដាក់វិធានការទៅលើអ្នករានដីចម្ការឲ្យបានម៉ឺងម៉ាត់ជាងមុន »។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលប្រកាសបង្កើតតំបន់ព្រៃឡង់ជាតំបន់ដែនជម្រកសត្វព្រៃមានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) គ្របដណ្ដប់លើខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការពារធម្មជាតិក្នុងតំបន់មួយនេះ ហើយត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ។
មន្ត្រីបរិស្ថាន ដដែលបញ្ជាក់ថា រូបភាពលួចកាប់រានដីព្រៃធ្វើចម្ការ គឺពលរដ្ឋខ្លះអះអាងថាមានគេជួលពួកគាត់មក ប៉ុន្តែខាងលោកនៅមិនទាន់ស្វែងរកជនល្មើសនៅពីក្រោយខ្នងពួកគេឃើញទេ។
លេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង សាទរចំពោះវិធានការរបស់មន្ត្រីជំនាញ ប៉ុន្តែលោកចង់ឃើញការអនុវត្តច្បាប់មួយដោយគ្មានការយោគយល់ និងស្មើភាពគ្នា ពិសេសអនុវត្តទៅក្រុមជនល្មើសដែលនៅពីក្រោយខ្នងប្រជាពលរដ្ឋ ជៀសវាងធ្វើឲ្យមតិសាធារណៈអស់ជំនឿលើការប្ដេជ្ញាចិត្តរបស់អាជ្ញាធរ និងមន្ត្រីជំនាញ៖ « មានរូបភាពពីរ គឺមាន ការអូសទាញ ពី អ្នកខាងក្រៅ មក កាប់ ស៊ីឈ្នួល កាប់ ដោយមាន ការការពារ ពីខាងមន្ត្រី សមត្ថកិច្ចនៅក្នុង មូលដ្ឋាន តែម្តង ដែលបាន អូសទាញ កម្លាំងមក កាប់បំផ្លាញ »។
ព្រៃឡង់ ត្រូវបានគេមើលឃើញថាវិនាសបាត់បង់បន្តិចម្តងៗតាមរយៈសកម្មភាពមួយចំនួន ដូចជាការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ដោយមិនបានសិក្សាអំពីផលប៉ះពាល់ច្បាស់លាស់ និងមានមួយចំនួនខុសច្បាប់។ បន្ថែមពីនេះ សកម្មភាពកាប់ឈើធ្វើអាជីវកម្ម និងរានយកដីធ្វើចម្ការដោយអ្នកមានប្រាក់ និងមានអំណាចនៅពីក្រោយខ្នងពលរដ្ឋផង។
លោក សេង សុខហេង យល់ថា ការស៊ើបអង្កេតរកជនល្មើសនៅពីក្រោយខ្នងពលរដ្ឋ នឹងអាចរកឃើញ ប្រសិនបើមន្ត្រីរាជរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ អនុវត្តច្បាប់ដោយគ្មានការយោគយល់ និងបញ្ឈប់វប្បធម៌អន្តរាគមន៍ ព្រមទាំងលុបបំបាត់អំពើពុករលួយ ជាដើម។ លោកថា ប្រសិនបើស្ថាប័នពាក់ព័ន្ធអាចចាត់វិធានការចំពោះក្រុមជនល្មើសធំៗបាន បទល្មើសព្រៃឈើនៅតំបន់ព្រៃជម្រកសត្វ នឹងកាត់បន្ថយបានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។