ប្រជាសហគមន៍ការពារព្រៃឡង់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បារម្ភថា បទល្មើសព្រៃឈើនឹងកើនឡើងនៅពេលស្ថានភាពនយោបាយកំពុងមានភាពចម្រូងចម្រាស។ ពួកគេយល់ថា ស្ថានភាពនយោបាយមិនសូវល្អ ម្យ៉ាងចំពេលរដូវបុណ្យភ្ជុំបិណ្ឌផង គឺជាឱកាសមួយសម្រាប់ក្រុមជនល្មើសសម្រុកធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ។ មន្ត្រីជំនាញបញ្ជាក់ថា ពួកគេនៅតែយកចិត្តទុកដាក់លើបញ្ហានេះគ្រប់ពេលវេលា ព្រោះជាភារកិច្ចរបស់ខ្លួន។
ប្រជាសហគមន៍ការពារព្រៃឡង់នៅខេត្តកំពង់ធំ ស្នើសុំឲ្យមន្ត្រីជំនាញបន្ថែមការយកចិត្តទុកដាក់ល្បាត និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃអភិរក្សមួយនេះនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងស្របពេលស្ថានភាពនយោបាយមានភាពតានតឹង។ ការស្នើសុំនេះ ដោយសារតែពួកគាត់សង្កេតឃើញថា រៀងរាល់ពេលមានពិធីបុណ្យជាតិធំៗ និងនៅពេលស្ថានភាពនយោបាយមិនសូវល្អផង មន្ត្រីជំនាញ និងសមត្ថកិច្ចហាក់មិនសូវបានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឡើយ ព្រោះជាពេលវេលាដែលមន្ត្រីទាំងនោះឈប់សម្រាក។
បណ្ដាញស្នូលការពារព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា ឲ្យតែមានពិធីបុណ្យជាតិធំៗម្តងៗ ករណីបទល្មើសនៅតំបន់ព្រៃឡង់តែងកើនឡើង។ បន្ថែមលើនេះទៀត ក្រុមលោកសង្កេតឃើញថា ស្ថានភាពបទល្មើសកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ប៉ុន្មានថ្ងៃនេះមានច្រើន ពិសេសនៅពេលក្រុមសហគមន៍ចុះល្បាតស្ងាត់ៗតែម្តង។ បញ្ហានេះ លោកស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវិធានការបន្ថែមទៀតលើកិច្ចការការពារធនធានធម្មជាតិ និងពិនិត្យចំពោះការអនុវត្តច្បាប់របស់ស្ថាប័នពាក់ព័ន្ធទៀតផង៖ « ព្រោះវាឃើញថារដ្ឋាភិបាលកំពុងជាប់ដៃរវល់ដោះស្រាយរឿងរ៉ាវមួយចំនួនក្នុងប្រទេសជាតិហ្នឹង ធ្វើឲ្យមានចំណុចខ្សោយក្នុងការទប់ស្កាត់បទល្មើស »។
កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ កញ្ញា ប្រជាសហគមន៍ការពារព្រៃឡង់ បានចុះល្បាតជាលក្ខណៈស៊ើបអង្កេតអំពីសកម្មភាពបទល្មើសនៅតំបន់ដែនជម្រកសត្វមួយនេះ ហើយពួកគាត់បញ្ជាក់ថា បទល្មើសមានច្រើនជាងនៅពេលពួកគាត់ចុះល្បាតប្រចាំខែជាមួយមន្ត្រីជំនាញ។ មិនតែប៉ុណ្ណោះ ពួកគេស្តាប់ឮសូរសំឡេងរណារយន្តជាច្រើនគ្រឿងកំពុងអារឈើនៅចំណុចមួយចំនួន ដូចជាចំណុចច្រកតោ អូរធ្នូ និងតំបន់តាចាក់ ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងស្នាក់ការរបស់មន្ត្រីបរិស្ថានទេ។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍ថា សហគមន៍តែងព្រួយបារម្ភពីស្ថានភាពបទល្មើសព្រៃឈើជារឿយៗ ប៉ុន្តែបទល្មើសដែលកើតឡើងភាគច្រើនចេញពីសមាជិកប្រជាសហគមន៍ដែលរស់នៅក្បែរព្រៃឡង់តែម្តង។ លោកអះអាងថា បើទោះបីជាពលរដ្ឋព្រួយបារម្ភ ឬមិនបារម្ភក៏ដោយ មន្ត្រីជំនាញតែងយកចិត្តទុកដាក់ការពារ និងបង្ក្រាបជាប្រចាំ ព្រោះជាភារកិច្ចរបស់ខ្លួន៖ « ដល់ទៅគាត់ចេះតែស្រែកព្រួយបារម្ភៗ ប៉ុន្តែផ្ទុយទៅវិញ គឺពួកគាត់ហ្នឹងឯង »។
ស្ថានភាពនយោបាយក្នុងមួយរយៈពេលចុងក្រោយកាន់តែចម្រូងចម្រាស បន្ទាប់ពីមានករណីបិទស្ថានីយវិទ្យុផ្សាយបន្តព័ត៌មានវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក វីអូអេ ព័ត៌មានសំឡេងដើម្បីប្រជាធិបតេយ្យជាបន្តបន្ទាប់។ ការបិទអង្គការ អិន.ឌី.អាយ (NDI) និងបិទស្ថាប័នកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្រោមហេតុផលការអនុវត្តច្បាប់ពន្ធដារ និងចុងក្រោយ គឺចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្រោមបទចោទក្បត់ជាតិ។
ទោះបីជាយ៉ាងនេះក្តី អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង យល់ថាការព្រួយបារម្ភរបស់ប្រជាសហគមន៍ជារឿងត្រឹមត្រូវ ពីព្រោះនៅពេលស្ថានភាពនយោបាយមិនសូវល្អ ម្យ៉ាងស្របពេលមានពិធីបុណ្យភ្ជុំបិណ្ឌផង មន្ត្រីជំនាញ ឬអាជ្ញាធរក្តីច្រើនតែឈប់សម្រាក និងត្រូវងាកមកយកចិត្តទុកដាក់បញ្ហាសន្តិសុខជាធំ មិនសូវមានពេលគ្រប់គ្រាន់ដើម្បីការពារព្រៃឈើនោះទេ។ បន្ថែមពីនេះ ក៏ជាពេលវេលាមួយសម្រាប់ជនល្មើស និងមន្ត្រីពាក់ព័ន្ធមួយចំនួនចែកគ្នារកស៊ី ម្យ៉ាងចំនួនមន្ត្រីឧទ្យានុរក្សព្រៃការពារមានចំនួនតិច មិនអាចគ្រប់គ្រងស្ថានភាពតំបន់ព្រៃឡង់ទាំងមូលបាន៖ « ដោយសារពួកគាត់កាប់ឈើទាំងនោះ វាមានសម្ពន្ធភាពជិតស្និទ្ធជាមួយមន្ត្រី ជាមួយអាជ្ញាធរមួយចំនួន។ អ៊ីចឹងហើយនៅពេលណាដែលមានសកម្មភាពចុះល្បាតតូចក្តី ធំក្តី គឺគាត់តែងផ្តល់ព័ត៌មានដល់ក្រុមអ្នកកាប់ឈើហ្នឹងឯង »។
លោកយល់ថា ដើម្បីឲ្យការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាពក្នុងពេលវេលាបែបនេះ មន្ត្រីជំនាញក្តី ឬអាជ្ញាធរ ត្រូវបែងចែក និងអនុវត្តតួនាទីឲ្យបានច្បាស់លាស់ ជៀសវាងការយកតួនាទីរបស់ខ្លួនសម្រាប់រកផលប្រយោជន៍ពីក្រុមជនល្មើស។ ជាងនេះទៀត ការអនុវត្តច្បាប់ត្រូវធ្វើឡើងឲ្យបានស្មើភាពគ្នា ពិសេសចាត់វិធានការចំពោះអ្នកជាប់ពាក់ព័ន្ធធំៗ លុបបំបាត់វប្បធម៌អន្តរាគមន៍ និងអំពើពុករលួយ ហើយគ្រប់ភាគីទាំងអស់ត្រូវចូលរួមការពារព្រៃឈើទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។