ប្រជាពលរដ្ឋជាង ១០០គ្រួសារ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរឱ្យបញ្ឈប់សកម្មភាពបូមខ្សាច់របស់ការដ្ឋានខុសច្បាប់មួយកន្លែង ដោយបារម្ភពីការប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរ គួរបង្កើតគណៈកម្មការចុះត្រួតពិនិត្យ ដើម្បីរកម្ចាស់ការដ្ឋាន និងអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយអូរមួយកន្លែង ស្ថិតក្នុងភូមិចំនួនបី នៃឃុំគោកឃ្មុំ ស្រុកថ្មគោល កំពុងព្រួយបារម្ភអំពីការបាក់ស្រុតផ្ទះរបស់ពួកគាត់ បន្ទាប់ពីមានអាជីវកម្មមួយ កំពុងដំឡើងគ្រឿងចក្របូមខ្សាច់ក្នុងអូរនោះ។
ពលរដ្ឋនៅឃុំគោកឃ្មុំ ស្រុកថ្មគោល លោកស្រី ប៉ាក់ ឃី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៦ កក្កដា ថា លោកស្រីបារម្ភពីការបាក់ស្រុតលំនៅឋានរបស់លោកស្រី ក្រោយពេលមានការដ្ឋានមួយ ដែលប្រជាពលរដ្ឋមិនស្គាល់ឈ្មោះក្រុមហ៊ុន បានដំឡើងគ្រឿងចក្របូមខ្សាច់ជាច្រើនគ្រឿង ដែលបង្កើតឱ្យមានរណ្ដៅធំៗ។ លោកស្រីបញ្ជាក់ថា នៅពេលមន្ត្រីសាលាស្រុកចុះទៅដល់ អ្នកគ្រប់គ្រងការដ្ឋានអះអាងថា ពួកគេកំពុងជីកស្ដារប្រឡាយនោះទៅវិញ។ តែយ៉ាងណា លោកស្រីសង្កេតឃើញថា សកម្មភាពនោះ មិនមែនជាការជីកស្ដារប្រឡាយនោះទេ ព្រោះជាការជីកខួងចុះទៅក្រោម។
លោកស្រី ប៉ាក់ ឃី៖ «គេនៅតែបន្តបន្តិចៗរបស់គេ។ តែឮគេថា រដ្ឋបាលស្រុកថា គេឱ្យផ្អាកហើយ អត់មានកាយអូរទៀតទេ គេអត់ឱ្យកាយទេ។ តែថ្ងៃនេះស្ងាត់អាម៉ៃខូង(ម៉ាស៊ីនកាយដី)ដែរ»។
កាលពីថ្ងៃទី១៩ មិថុនា ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ រួមមានភូមិតាស្វាយ ភូមិច្រនៀង និងភូមិតាមាឃ ក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ជិត១០០គ្រួសារ បាននាំគ្នាទៅតវ៉ានៅមុខសាលាឃុំគោកឃ្មុំ និងបន្តទៅសាលាស្រុកថ្មគោល ដើម្បីសុំឱ្យមន្ត្រីចុះទៅត្រួតពិនិត្យមើលការដ្ឋានបូមខ្សាច់ ដែលកំពុងរៀបចំដំឡើងគ្រឿងចក្រ និងម៉ាស៊ីនបូមខ្សាច់ខ្នាតធំ ដែលមានទីតាំងនៅត្រង់ចំណុចអូរមួយកន្លែង ហៅថាប្រឡាយលេខ២ ដែលស្ថិតនៅត្រង់ចន្លោះភូមិទាំងបី។
បន្ទាប់ពីបានចុះទៅត្រួតពិនិត្យនៅកន្លែងការដ្ឋាន តាមបណ្ដឹងរបស់ប្រជាពលរដ្ឋរួចមក អាជ្ញាធរស្រុកថ្មគោល ទទួលស្គាល់ថា ការបូមខ្សាច់របស់ការដ្ឋាននេះ ពិតជាប៉ះពាល់ទៅលើផ្ទះសំបែង ដីធ្លី របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារពិតប្រាកដមែន ខណៈការដ្ឋាននេះពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់នោះទេ ហើយអាជ្ញាធរបានបញ្ជាឱ្យបិទការដ្ឋាននោះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលបានចូលទៅមើលក្នុងការដ្ឋានបូមខ្សាច់នោះ អះអាងថា ការបូមខ្សាច់ពីក្នុងអូរនៅតែបន្ត និងមានភាពមិនប្រក្រតី។ ពួកគាត់សង្ស័យថា ការដ្ឋានជីកអូរនេះ មានការបើកដៃពីអាជ្ញាធរមូលដ្ឋាន ដើម្បីទាញយកធនធានរ៉ែ ឬរបស់មានតម្លៃអ្វីមួយ ព្រោះទីតាំងការដ្ឋាននោះ នៅជិតទួលបុរាណ។
ពលរដ្ឋម្នាក់ទៀត ដែលធ្លាប់ចូលទៅទីតាំងការដ្ឋាន សុំមិនបញ្ចេញឈ្មោះ លើកឡើងថា សកម្មភាពជីកដីប្រឡាយនៅទីតាំងឃុំគោកឃ្មុំនេះ មានទម្រង់ជាការជីកយករ៉ែ មិនមែនជាការស្ដារប្រឡាយនោះទេ ព្រោះការជីកមានលក្ខណៈជារណ្ដៅជ្រៅប្រមាណជិត ១០(ដប់)ម៉ែត្រចុះទៅក្រោម និងមុខកាត់ប្រហែល ៤ម៉ែត្រ។ លោកអះអាងថា ក្រុមកម្មករមានគ្នាប្រមាណ ៦នាក់ លួចលាក់ជីករណ្ដៅក្នុងប្រឡាយដដែល ហើយនៅពេលព្រលប់មានរថយន្តបែនចំនួន៣គ្រឿង ដឹកអាចម៍ដីចេញពីការដ្ឋានដោយមានគ្របតង់កៅស៊ូបិទជិត។
«តាមពិតទៅមិនមែនបូមខ្សាច់ទេ នេះជាការបូមយករ៉ែមាស រករណ្ដៅរ៉ែរ៉ត។ រឿងដាក់គម្រោង ប៉ុន្តែកាយដូចលួចលាក់ ក្រុមហ៊ុនចិន។ គេជីក គេដាក់ម៉ាស៊ីនចូលទៅ កាយតែល្មមអណ្ដូងជ្រៅ គេដាក់ម៉ាស៊ីនបូមបុកយកតែម្ដង។ មិនមែនបូមខ្សាច់ទេ គឺបូមយករ៉ែ»។
ទាក់ទិនរឿងនេះ អភិបាលស្រុកថ្មគោល លោក ជា សម្បត្តិ ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា លោកមិនបានដឹងថា ការដ្ឋាននោះ នៅតែបន្តសកម្មភាពនោះទេ ហើយលោកមិនបានប្រាប់ពីអត្តសញ្ញាណម្ចាស់ការដ្ឋាននោះទេ។ ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង លោក អ៊ាន មាឃ ប្រាប់ថា ក្រសួងរ៉ែ និងថាមពល មិនបានផ្ដល់អាជ្ញាប័ណ្ណ ឱ្យក្រុមហ៊ុនណាមួយ បូមខ្សាច់ ឬជីកយករ៉ែនៅទីតាំងឃុំគោកឃ្មុំ ស្រុកថ្មគោល នោះទេ។
លោក ជា សម្បត្តិ៖ «គោកឃ្មុំហ្នឹងដូចអត់មានរ៉ែអ្វីផង។ អត់ដឹងទេបាទ»។
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋនៅជិតទីតាំងការដ្ឋាន អះអាងថា ថៅកែដែលចុះមកពិនិត្យការដ្ឋានជីកអូរ នោះ គឺជាជនជាតិចិន។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញថា រដ្ឋាភិបាលគួរបង្កើតគណៈកម្មការ អន្តរក្រសួងដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងត្រូវសិក្សាពីផលប៉ះពាល់សង្គម និងបរិស្ថាន ក្នុងតំបន់ជាមុនសិន មុនសម្រេចអនុញ្ញាតឱ្យមានការធ្វើអាជីវកម្ម។ ជាមួយគ្នានេះ លោកជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីររ៉ែ និងថាមពល គួរតែបញ្ឈប់អាជីវកម្មខ្សាច់ ឬរ៉ែលើប្រឡាយនោះ ដើម្បីការពារកុំឱ្យការប៉ះពាល់ទៅលើប្រជាពលរដ្ឋ។
លោក អ៊ិន គង់ជិត៖ «ហើយប្រសិនបើជាក្រុមហ៊ុននៅតែរឹងទទឹងមិនដកគ្រឿងចក្រចេញ មិនបញ្ឈប់សកម្មភាព នោះមន្ត្រីនៃក្រសួងរ៉ែ និងថាមពល គួរតែប្ដឹងករណីនេះទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់»។
ពលរដ្ឋស្នើអាជ្ញាធរ អន្តរាគមន៍បញ្ឈប់ការដ្ឋានបូមខ្សាច់ ដើម្បីការពារការបាក់ស្រុកផ្ទះរបស់ប្រជាពលរដ្ឋ។ ជាពិសេស កន្លែងការដ្ឋានបូមខ្សាច់នោះ នៅជិតទួលបុរាណ ដែលធ្វើឱ្យពួកគាត់បារម្ភពីការលួចជីកកកាយដើម្បីរកវត្ថុមានតម្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។