អ្នកជំនាញ និង​សកម្មជន​បរិស្ថាន ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​បង្កើន​ការ​មើលថែ​កូនឈើ ដែល​ដាំដុះ​ឡើង​វិញ នៅ​តំបន់​ភ្នំតាម៉ៅ

0:00 / 0:00

អ្នកជំនាញ និង​សកម្មជន​បរិស្ថាន ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឲ្យ​បង្កើន​ការ​ថែទាំ​កូន​ឈើ ដែល​ដាំដុះ​ឡើង​វិញ នៅ​តំបន់​ភ្នំ​តាម៉ៅ ខណៈ​រដូវ​ប្រាំង​ឆ្នាំ២០២៥ ខិត​ជិត​មក​ដល់។ ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​កូនឈើ​នៅ​តំបន់​នេះ លូតលាស់​យឺត និង​ខ្លះ​ងាប់ ដោយសារ​ការ​កង្វះ​ការ​ថែទាំ។

កូនឈើ​មួយ​ចំនួន នៅ​តំបន់​ភ្នំតាម៉ៅ ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ បាន​ដាំ​កាល​ពី​ជាង​២ឆ្នាំ​មុន ក្រោយ​រង​ការ​ឈូស​ឆាយ​ដោយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ខ្វះ​ការ​ថែទាំ ដោយ​កូនឈើ​ខ្លះ​បាន​ងាប់​ទៅ​វិញ។

សកម្មជន​បរិស្ថាន កញ្ញា លឹម គឹមស័រ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី២៨ ខែ​ធ្នូ​ថា រដ្ឋាភិបាល គួរតែ​ជំរុញ​ដល់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឲ្យ​បង្កើន​ការ​មើល​ថែទាំ​កូនឈើ នៅ​តំបន់​ភ្នំ តាម៉ៅ​ឡើង​វិញ។

អ្នកនាង លឹម គឹមស័រ៖«អ្នក​មាន​ទំនួលខុសត្រូវ​ខ្លាំង​បំផុត​មួយ​ទៀត គឺ​ក្រុមហ៊ុន អ្នក​ដែល​ឈូស​ឆាយ​ដី​ត្រូវ​តែ​មាន​ទំនួលខុសត្រូវ ហើយ​ក្រសួង​ពាក់ព័ន្ធ ដូចជា ក្រសួង​បរិស្ថាន​ត្រូវ​ជំរុញ និង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ដែល​បាន​ប្រព្រឹត្ត​ហ្នឹង»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​បរិស្ថាន បាន​សង្កេត​ឃើញ​ថា កូនឈើ​ដែល​ដាំដុះ​ឡើង​វិញ​នៅ​តំបន់​ភ្នំ​តាម៉ៅ​មួយ​ចំនួន កំពុង​លូត​លាស់​យឺត និង​ងាប់​ជា​បណ្ដើរៗ ដោយសារ​ខ្វះ​ការ​មើលថែ​ទាំ។

ការ​ដាំដុះ​កូនឈើ​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​នេះ អស់​ជាង៥រយ​ហិកតារ ក្នុង​រយៈពេល​១សប្ដាហ៍ កាល​ពី​ខែ​សីហា ឆ្នាំ២០២២។

បន្ទាប់​ពី​មហាជន​ប្រតិកម្ម​ជុំ​ទិស ចំពោះ​ការ​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ភ្នំតាម៉ៅ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ និង​ដាំ​កូន​ឈើ​ឡើង​វិញ។ លោក ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៧ សីហា ឆ្នាំ២០២២។

លោក ហ៊ុន សែន៖«អ៊ីចឹង​មិន​មែន​គ្រាន់តែ​យក​ទៅ​ដាំ​ហើយ នាំគ្នា​បង្ហោះ​ហ្វេសប៊ុក(Facebook)លេង​ឯណា ត្រូវ​ដាំ​ឲ្យ​វា​ត្រូវ​ខ្នាត​របស់​វា រួច​ហើយ​ត្រូវ​តាម​មើល​ការ​ថែទាំ​ទៀត ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​ហ្នឹង នឹង​ត្រូវ​ទទួលខុសត្រូវ​នៅ​ពេល​ខាងមុខ សម្រាប់​ការ​ផ្ដល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ថែទាំ​នៅ​ពេល​ខាងមុខ»។

ថ្វីបើ​លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឲ្យ​ក្រុមហ៊ុន ដែល​បាន​ឈូស​ឆាយ ត្រូវ​ទទួល​ខុសត្រូវ​ថែទាំ​កូនឈើ​ទាំង​នោះ​ក៏ដោយ ក៏​បទ​បញ្ជា​នេះ ហាក់​ពុំ​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ដែរ។

ជាក់ស្ដែង កូនឈើ​ទាំងនោះ ខ្លះ​មាន​ទំហំ​តូច​ប៉ុន​កដៃ ហើយ​មាន​ស្មៅ​ដុះ​ស៊ុបទ្រុប​ពី​លើ ខ្លះ​ធំ​ប៉ុន​កំភួនជើង ខ្លះ​មាន​តែ​ដើម​គ្មាន​ស្លឹក និង​ខ្លះ​ទៀត​បាន​ងាប់​តែ​ម្ដង ។ កូនឈើ​ទាំង​នោះ​មាន ក្រញូង ធ្នង់ បេង និង​កកោះ​ជាដើម។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៩ ខែ​ធ្នូ។

ជុំវិញ​បញ្ហា​នេះ ជុំវិញ​បញ្ហា​នេះ អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង មាន​ប្រសាសន៍​ថា កូនឈើ ដែល​ដាំ​ដុះ​ឡើង​វិញ នៅ​តំបន់​ភ្នំតាម៉ៅ ហាក់​លូតលាស់​យឺត ដោយសារ​ការ​ថែទាំ​នៅ​មាន​កម្រិត ដី​នៅ​តំបន់​នោះ ជា​ប្រភេទ​ដី​ខ្សាច់ និង​ការ​ដាំដុះ​កូនឈើ​នេះ ហាក់​រង្វើលៗ ឬ​មាន​គម្លាត​ឆ្ងាយ​ពេក ខុស​ពី​បច្ចេកទេស​ដាំ​ដុះ​ដើមឈើ ដើម្បី​ក្លាយ​ជា​ព្រៃ​ឈើ​ធម្មជាតិ។

លោក សេង សុខហេង៖«ជាក់​ស្ដែង​បើ​យើង​ពិនិត្យ​ទៅ​លើ​តំបន់ ដែល​ឈូស​ឆាយ​នៅ​ភ្នំតាម៉ៅ យើង​ឃើញ​ថា វា​មាន​ការ​យឺតយ៉ាវខ្លាំង​មែនទែន ដោយ​សារ​កត្តា​ទី១ គឺ​ការ​ដាំ​រង្វើល ទី២​ខ្វះ​ការ​ថែទាំ ព្រោះ​អី​តំបន់​ហ្នឹង​គឺ​ជា​តំបន់​ល្បាយខ្សាច់​ទៀត​គួបផ្សំ​ជាមួយ​នឹង​រដូវ​ប្រាំង​ទៀត ការ​លូតលាស់​នៃ​ព្រៃឈើ​ទាំង​នោះ​មាន​ភាព​យឺតយ៉ាវ ហើយ​មើល​ឃើញ​ថា ស្មៅ​មាន​ការ​ដុះ​ច្រើន​ជាង​ឈើ​នោះ​ទៅ​ទៀត ។ អីចឹង​អ្វី ដែល​រដ្ឋ និង​ក្រុមហ៊ុន​ត្រូវ​ធ្វើ គឺ​គួរតែ​បង្កើន​ការ​ដាំ​ថែមទៀត និង​បង្កើន​ការ​ថែទាំ ជាពិសេស​ការ​ស្រោច​ទឹក​នៅ​ក្នុង​រដូវ​ប្រាំង​ឲ្យ​បាន​ដិតដល់ ទើប​ព្រៃឈើ​ទាំង​អស់​នោះ វា​នឹង​លូតលាស់​លឿន​ជាង​មុន»។

ព្រះមហាក្សត្រ កាល​ពី​ខែ​សីហា ឆ្នាំ២០២២ បាន​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ឱ្យ​តំបន់​ភ្នំ​តាម៉ៅ ទៅ​ជា​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម ដែល​មានផ្ទៃ​ដី​សរុប ២.០២៥ហិកតា ដោយ​បង្កើត​ជា​ឧទ្យាន​សួនសត្វ ដើម្បី​ថែរក្សា អភិ​រក្ស​ព្រៃឈើ និង​សត្វព្រៃ ។ កា​រដាក់​ព្រៃ​ភ្នំ​តា​ម៉ៅ ចូល​ជា​តំបន់​ការពារ​នេះ គឺ​ក្រោយ​ពេល​ក្រុមហ៊ុន​ឧកញ៉ា​ឡេង ណាវ៉ាត្រា ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ បាន​ឈូស​ឆាយ​ព្រៃ​អស់​ជាង ៥រយ​ហិកតារ តែ​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ឈប់​ទៅ​វិញ ដោយសារ​មាន​ការ​រិះគន់​ពី​មហាជន និង​អង្គការ​សង្គម​ស៊ីវិល។

សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល បារម្ភ​ថា ប្រសិន​បើ​កូនឈើ ដែល​ដាំដុះ​ឡើង​វិញ នៅ​តំបន់​ភ្នំ​តាម៉ៅ ពុំ​ត្រូវ​បាន​ថែទាំ​ដោយ​យកចិត្តទុកដាក់ ហើយ​បណ្ដាល​ឲ្យ​កូនឈើ​ទាំង​នេះ ងាប់​ជា​បន្ត​បន្ទាប់ វា​នឹង​បង្កើត​ជា​លេស​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ឯកជន ស្នើ​សុំ​ដី​នោះ ដើម្បី​យក​មក​អភិវឌ្ឍ​ម្ដង​ទៀត ក្រោម​ហេតុ​ផល​ថា ដី​នៅ​តំបន់​នេះ ពុំ​អាច​ដាំដុះ និង​ប្រែក្លាយ​ជា​តំបន់​ព្រៃ​ការពារ​បាន​ឡើយ ។ ប្រការ​នេះ ពួកគាត់​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​បង្កើន​ការ​ថែទាំ និង​វាយ​តម្លៃ​ពី​ការ​លូតលាស់​របស់​កូនឈើ​នៅ​តំបន់​ភ្នំ​តាម៉ៅ​ឡើង​វិញ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ ជួយ​ឲ្យ​កូន​ឈើ​លូតលាស់​បាន​លឿន ទប់​ទល់​នឹង​អាកាសធាតុ​ក្ដៅ នៅ​រដូវ​ប្រាំង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។